អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអ្វីខ្លះជាចំណុចចម្រូងចម្រាសនៅក្នុងការចរចាលើសន្ធិសញ្ញាប្លាស្ទិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់តាំង​ពីថ្ងៃ​ចន្ទ ២៩ឧសភា ដើមសប្តាហ៍​នេះមក តំណាង​រដ្ឋាភិបាល ក៏ដូចជា​វិស័យឯកជន​ មក​ពី​ ១៧៥ប្រទេស កំពុង​ចរចា​គ្នា នៅក្នុងទីក្រុង​ប៉ារីស ទៅលើ​សន្ធិសញ្ញា​អន្តរជាតិ​ប្រយុទ្ធប្រឆាំងនឹង​ការបំពុល​បរិស្ថាន​ដោយ​ប្លាស្ទិក។ ថ្វីដ្បិត​តែ​ប្រទេស​ភាគច្រើន​ទូទៅ សុទ្ធតែ​ទទួលស្គាល់​ អំពី​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​សំណល់​ប្លាស្ទិក ក៏ប៉ុន្តែ គេនៅតែ​មាន​គំនិតខ្វែងគ្នា​ខ្លាំង​នៅឡើយ ជុំវិញ​វិធានការ​ដែល​ត្រូវ​ដាក់​ចេញ ដើម្បី​ដោះស្រាយ​បញ្ហា​ប្លាស្ទិកនេះ។ តើ​ការខ្វែងគំនិតគ្នា​នេះ កើតឡើង​ជុំវិញ​ចំណុចចម្បង​អ្វីខ្លះ?

ការចរចា​ជុំទីពីរ លើ​ការបង្កើត​សន្ធិសញ្ញាអន្តរជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការបំពុល​បរិស្ថាន​ដោយ​ប្លាស្ទិក ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ នៅ​ក្នុង​ទីក្រុង​ប៉ារីស ពីថ្ងៃទី២៩ឧសភា ដល់​ ២មថុនា ២០២៣
ការចរចា​ជុំទីពីរ លើ​ការបង្កើត​សន្ធិសញ្ញាអន្តរជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការបំពុល​បរិស្ថាន​ដោយ​ប្លាស្ទិក ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ នៅ​ក្នុង​ទីក្រុង​ប៉ារីស ពីថ្ងៃទី២៩ឧសភា ដល់​ ២មថុនា ២០២៣ REUTERS - MONICAH MWANGI
ផ្សាយពាណិជ្ជកម្ម

ការចរចា​លើសន្ធិសញ្ញ​ាប្លាស្ទិក​ ដែល​ប្រព្រឹត្តទៅ នៅ​ក្នុង​ទីក្រុង​ប៉ារីស នៅ​ក្នុងសប្តាហ៍​នេះ គឺ​ជា​ការចរចា​ជុំទីពីរ បន្ទាប់​ពី​ការចរចា​ជុំទីមួយ កាលពីខែធ្នូ​កន្លងទៅ ហើយ​នៅ​ក្នុងការ​ចរចា​ទាំងពីរ​ជុំនេះ ស្ទើរតែគ្រប់គ្នា​សុទ្ធតែ​ទទួលស្គាល់​ថា ប្លាស្ទិក​គឺ​ជា​បញ្ហា​។

ការផលិតប្លាស្ទិក​ចេះតែ​បន្តកើនឡើង​ក្នុងអត្រាមួយ​លឿនខ្លាំង ដោយ​កើនឡើងមួយជាពីរ នៅ​ក្នុងរយៈពេល​​២០ឆ្នាំ​កន្លងទៅ ហើយ​គេ​រំពឹង​ថា វា​នឹង​អាច​កើនឡើង​រហូតដល់​ទៅមួយជាបី នៅ​ក្នុងរយៈពេល ៤០ឆ្នាំ​ខាងមុខ។ នៅក្នុង​ចំណោម​ផលិតផល​ប្លាស្ទិក​ដែល​គេ​ផលិត​មកនេះ មាន​រហូតដល់​ទៅ​ប្រមាណ​ជា ២ភាគ៣ ជាប្រភេទ​ប្លាស្ទិក​ប្រើតែម្តង​ ឬ​ពីរបីដង​បោះចោល ហើយ​ក្នុង​ចំណោម​ប្លាស្ទិក​ដែល​ប្រើ​រួចនេះ​ទៀតសោត មានមិនដល់ ១០%​ផង ដែល​ត្រូវ​បាន​គេ​យក​ទៅ​ច្នៃឡើងវិញ។

ជាលទ្ធផល ប្លាស្ទិកត្រូវក្លាយ​សំណល់បំពុលបរិស្ថាន ដោយ​​លម្អងប្លាស្ទិក​ត្រូវ​បាន​គេ​រកឃើញ​នៅ​គ្រប់ទីកន្លែង​នៅ​ក្នុងធម្មជាតិ រាប់ចាប់តាំង​ពី​ក្នុងទឹកសមុទ្រ នៅ​ក្នុង​ទឹកកក​​នៅ​តំបន់​ប៉ូល នៅ​ក្នុង​ត្រី និង​សត្វសមុទ្រ ហើយ​រហូត​ចូល​មក​ដល់​ក្នុង​ខ្លួន​មនុស្សយើង ដែល​បង្ក​ជា​ហានិភ័យ​ទៅដល់​សុខភាព​របស់​មនុស្សយើង។

បន្ថែម​ពីលើ​នេះ​ទៅទៀត ប្លាស្ទិក​ក៏​ជា​ប្រភព​ចម្បងមួយ​​ដែរ នៃ​ការ​ឡើងកម្តៅផែនដី ដោយ​​​តួលេខ​របស់​អង្គការ​សហប្រតិបត្តិការ​និង​អភិវឌ្ឍ​សេដ្ឋកិច្ច (OCDE) ដែល​ប្រមូលផ្តុំ​ទៅដោយ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​​បង្ហាញ​ថា នៅ​ក្នុងឆ្នាំ២០១៩​កន្លងទៅ ប្លាស្ទិក​មាន​ចំណែក​រហូតដល់​ទៅ​ ៣,៤% នៅ​ក្នុង​ការ​បញ្ចេញ​ឧស្ម័ន ដែល​នាំ​ឲ្យ​ភពផែនដី​ឡើងកម្តៅ។

ទាំងនេះ គឺ​ជា​បញ្ហា​ចោទ ដែល​ស្ទើរគ្រប់គ្នា​សុទ្ធតែ​ទទួលស្គាល់ ក៏ប៉ុន្តែ និយាយ​ពី​ដំណោះស្រាយ​វិញ គេ​សង្កេតឃើញ​មាន​ការខ្វែងគំនិតគ្នា រវាង​ប្រទេស​ពីរក្រុម។

មួយក្រុម ដែល​មាន​ជា​អាទិ៍ ប្រទេស​ក្នុង​បក្សសម្ព័ន្ធ ដែល​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា High Ambition Coalition ​នាំមុខ​ដោយ​រវ៉ាន់ដា និង​ន័រវែស និង​ចូលរួម​ដោយ​សហភាព​អឺរ៉ុប កាណាដា ជប៉ុន និង​ប្រទេស​ផ្សេងទៀត គិតជា​សរុប​ប្រមាណ​ជា ៥០ប្រទេស ទាមទារ​ឲ្យ​​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​មួយ ដែល​ផ្តោត​អាទិភាព​ចម្បង​ទៅលើ​ការកាត់បន្ថយ​ការផលិត និង​ការប្រើប្រាស់​ប្លាស្ទិក ពោលគឺ កាត់បន្ថយ​ប្រភពដើម​នៃ​សំណល់​ប្លាស្ទិក។

ចំណែក​មួយក្រុមទៀត ជំទាស់​នឹង​ការ​ដាក់កម្រិត​លើ​ការ​ផលិត​ប្លាស្ទិក ហើយទាមទារ​ឲ្យ​ផ្តោត​អាទិភាព​ទៅលើ​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ចាត់ចែង​សំណល់​ប្លាស្ទិក និង​ការបង្កើន​ការច្នៃសំណល់ប្លាស្ទិក​ទៅវិញ។ ប្រទេស​នៅក្នុង​ក្រុមទីពីរនេះ គឺ​រួមមានជាអាទិ៍​ សហរដ្ឋ​អាមេរិក​ ចិន អារ៉ាប៊ីសាអ៊ូឌីត និង​បណ្តា​ប្រទេស​ក្នុង​អង្គការ OPEC

យើងអាច​សង្កេតឃើញ​ថា នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​ប៉ុន្មានខាងលើនេះ ​ដែល​ជំទាស់​​មិនចង់​ឲ្យ​ដាក់​កាតព្វកិច្ច​​​កាត់បន្ថយ​​ការផលិតប្លាស្ទិក គឺ​សុទ្ធសឹង​ជា​ប្រទេស​ដែល​មានផលប្រយោជន៍​ច្រើន នៅ​ក្នុង​វិស័យ​ផលិតបា្លស្ទិក ក្នុងនោះ ​ចិន​​​ជា​ប្រទេស​​ផលិតប្លាស្ទិក​ច្រើន​ជាងគេ​លើពិភពលោក អាមេរិក​ជា​ប្រទេស​ផលិតប្លាស្ទិកច្រើន​ជាងគេ​លំដាប់ទីពីរ​បន្ទាប់​ពីចិន និង​ជា​ប្រទេស​ប្រើ​ប្លាស្ទិកច្រើន​ជាងគេ ចំណែក​អារ៉ាប៊ីសាអ៊ូឌីត និង​អង្គការ OPEC គឺ​ជា​ប្រទេស​ផលិត និង​នាំចេញប្រេងច្រើន​ជាងគេ​នៅលើ​ពិភពលោក។

គួរបញ្ជាក់ថា ប្រេង គឺជាវត្ថុធាតុដើម​ដ៏​ចម្បង នៅ​ក្នុង​ការ​ផលិត​ប្លាស្ទិក។ ហេតុដូច្នេះហើយ​បាន​ជា នៅ​ក្នុង​របាយការណ៍​ចេញផ្សាយ កាលពី​ថ្ងៃទី១៦​ឧសភា​កន្លងទៅនេះ ​កម្មវិធីបរិស្ថាន​សហប្រជាជាតិ​បាន​ជំរុញ​ឲ្យ​បញ្ឈប់​​នូវ​រាល់​ការឧបត្ថម្ភ​របស់​រដ្ឋ​ចំពោះ​វិស័យ​ថាមពល​ផូស៊ីល រួមមាន​ទាំង​វិស័យប្រេង​នេះ​ផងដែរ ពីព្រោះ​ថា ការឧបត្ថម្ភ​របស់​រដ្ឋ នៅ​ក្នុងវិស័យ​នេះ វាធ្វើ​ឲ្យ​​ថាមពល​ផូស៊ីល​មាន​តម្លៃ​ទាប ហើយ​នៅពេល​ដែល​តម្លៃថាមពល​ផូស៊ីល​ទាប វា​មិន​ត្រឹមតែ​ជា​កត្តា​ជំរុញ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ ដែល​នាំ​ឲ្យ​ផែនដី​ឡើងកម្តៅតែ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ វាក៏​ជា​កត្តា​ចម្បងមួយ​ផងដែរ ជំរុញ​​​ការ​ផលិត​​ប្លាស្ទិក​ថ្មីៗ​ ដោយសារ​តែ​វាមាន​ថ្លៃដើម​ទាប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ