អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បរិស្ថាន៖ហេតុអ្វីបានជាឥណ្ឌាពិបាកប្រឆាំងនឹងការបំពុលដោយប្លាស្ទិក ខណៈដែលរដ្ឋាភិបាលមានវិធានការតឹងតែង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បំពុល​ដោយ​ប្លាស្ទិក​ជា​ប្រធានបទ​នៃ​កិច្ចប្រជុំកំពូល​អន្តរជាតិ​ដែល​បាន​រៀបចំ​នៅ​ក្នុង​ប្រទេស​បារាំង​ពី​ថ្ងៃ​ចន្ទ ទី២៩ ឧសភា​ដល់​ថ្ងៃ​សុក្រ ទី២ មិថុនា។ កម្មវត្ថុ​នៃ​កិច្ចប្រជុំកំពូល គឺ​អនុម័ត​លើ​សន្ធិសញ្ញា​មួយ​ស្តីពី​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​បំពុល​ដោយ​ប្លាស្ទិក​លើ​បរិស្ថាន និង​សុខភាព​របស់​មនុស្ស។ នៅ​ក្នុង​ប្រទេស​ឥណ្ឌា កាកសំណល់​ប្លាស្ទិក​កំពុង​បន្ត​ក្លាយ​ជា​បញ្ហា និង​ជា​ក្តីកង្វល់ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​តឹងតែង​ប្រឆាំង​នឹង​ប្លាស្ទិក​ក៏​ដោយ។ គួរ​បញ្ជាក់​ថា​ក្នុង​មួយ​ឆ្នាំៗ ឥណ្ឌា​បាន​បោះចោល​ប្លាស្ទិក​ជិត ៤លានតោន ពិសេស​ផលិតផល​ប្លាស្ទិក​ដែល​ប្រើ​តែ​មួយ​ដង រួច​បោះចោល។

ហេតុអ្វីបានជាឥណ្ឌាពិបាកប្រឆាំងនឹងការបំពុលដោយប្លាស្ទិក ខណៈដែលរដ្ឋាភិបាលមានវិធានការតឹងតែង?
ហេតុអ្វីបានជាឥណ្ឌាពិបាកប្រឆាំងនឹងការបំពុលដោយប្លាស្ទិក ខណៈដែលរដ្ឋាភិបាលមានវិធានការតឹងតែង? AP - Anupam Nath
ផ្សាយពាណិជ្ជកម្ម

ក្នុង​នាម​ជា​ប្រទេស​ដែល​កំពុង​មាន​ប្រជាជន​ច្រើន​ជាង​គេ​ក្នុង​លោក ឥណ្ឌា​ក៏​កំពុង​មាន​សំរាម​ច្រើន​ដែល​មិន​អាច​កំបាំង​ភ្នែក​ប្រជាជន​បាន​ឡើយ ពិសេស​អ្នក​រស់ក្នុង​ទីក្រុង​ញូដែលី។ សព្វថ្ងៃ ទីក្រុង​មួយ​នេះ​មាន​មនុស្ស​រស់នៅ​ដល់​ទៅ ៣២លាននាក់ ពោល​ស្មើ​នឹង​ចំនួន​ប្រជាជន​របស់​ប្រទេស​ស៊្វីស​ដល់​ទៅ ៤ដង។ ក្នុង​មួយ​ថ្ងៃៗ អ្នករស់​នៅ​ក្នុង​ទីក្រុង​ញូដែលី​បាន​ចោល​សំរាម​ប្រមាណ​ជា ១២ ០០០តោន។ តែ​ដោយ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធទំនើប​ដើម្បី​ចម្រាញ់​សំរាម​ទាំង​នេះ រដ្ឋអំណាច​ក្រុង​ញូដែលី​ហាក់​គ្មាន​ជម្រើស​ច្រើន​ក្រៅ​ពី​យក​ទៅ​គរ​ចោល​កណ្តាល​វាល​ក្រោម​មេឃ​នៅ​ឆ្ងាយ​ពី​ទីក្រុង​ទេ។Okhla ជា​គំនរ​សំរាម​ដ៏​ធំ​មួយ​ក្នុង​ចំណោម​គំនរ​សំរាម​ចំនួន ៣កន្លែង​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ទីក្រុង​ញូដែលី។

កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០២២ គំនរ​សំរាម Okhla មាន​កម្ពស់​ដល់​ទៅ ៤៥ម៉ែត្រ​ឯណោះ។ គេ​បាន​សង្កេត​ឃើញ​មាន​សំរាម​គ្រប់​ប្រភេទ​នៅ​ក្នុង​គំនរ​នោះ ពិសេស​កាកសំណល់​ប្រចាំ​ថ្ងៃ​ដែល​ប្រជាជន​បាន​បោះ​ចោល។ តែ​សំរាម​ដែល​កំពុង​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​ខ្លាំង​ចំពោះ​បរិស្ថាន និង​ជីវិតសត្វលោក គឺ​ប្លាស្ទិក មិន​ថា​ជា​ដប​ប្លាស្ទិក ថង់​ប្លាស្ទិក កែវ​ប្លាស្ទិក ឬ​មួយ​ក៏​ផលិតផល​អ្វី​ផ្សេង​ដែល​ធ្វើ​ពី​ប្លាស្ទិក​ទេ។ ក្នុង​មួយ​ឆ្នាំៗ​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា មាន​សំរាម​ប្លាស្ទិក​ជិត ៤លានតោន។ ម្យ៉ាង​ទៀត នៅ​ក្នុង​ចំណោម​សំរាម​ប្លាស្ទិក​ទាំង​ជិត ៤លានតោន​នេះ ភាគ​ច្រើន​ជា​ប្លាស្ទិក​ដែល​ប្រើ​តែ​មួយ​ដង រួច​បោះចោល និង​មាន​ពី ៤០% ទៅ ៧០% ជា​ប្លាស្ទិក​ដែល​មិន​អាច​កែច្នៃ​ប្រើ​ឡើង​វិញ​បាន។

ក្រៅ​ពី​វត្តមាន​ប្លាស្ទិក​នៅ​តាម​គំនរ​សំរាម​ដែល​កំណត់​ដោយ​រដ្ឋអំណាច គេ​បាន​ឃើញ​ប្លាស្ទិក​ដែល​ប្រជាជន​ឥណ្ឌា​បាន​បោះ​ចោល​ពាសវាល ពាសកាល​នៅ​តាម​ផ្លូវ នៅ​ក្នុង​ស្ទឹង បឹងបួរ និង​នៅ​ក្នុង​សមុទ្រ។ ពិត​ណាស់ ផលិតផល​ប្លាស្ទិក​ដែល​ប្រើ​រួច​ក៏​ជា​សំរាម​ដែរ។ តែ​ត្រូវ​ដឹង​ថា សំរាម​មួយ​នេះ​បាន​ជះ​ផលវិបាក​អាក្រក់​ខ្លាំង​ណាស់​ដល់​បរិស្ថាន និង​សុខភាព​សត្វលោក មិន​ថា​មនុស្ស ឬ​សត្វ។ នៅ​ឥណ្ឌា​ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​ផ្សេង​លើ​លោក វត្តមាន​ប្លាស្ទិក​មាន​ជាប់​ជា​ប្រចាំ​នៅ​ក្នុង​ដី នៅ​ក្នុង​ទឹក និង​នៅ​ក្នុង​ខ្យល់។ ជា​រៀងរាល់​ថ្ងៃ មនុស្សលោក​កំពុង​លេប​ប្លាស្ទិក​ចូល​ក្នុង​ក្រពះ​ដោយ​មិន​ដឹង​ខ្លួន ទោះ​តិច ឬ​ច្រើន។

គួរ​បញ្ជាក់​ថា ឥណ្ឌា​បាន​ប្រើ​ប្លាស្ទិក​តិច​ជាង​ប្រទេស​ផ្សេង ពិសេស​អាមេរិក និង​ប្រទេស​នៅ​អឺរ៉ុប។ ពលរដ្ឋ​ឥណ្ឌា​ម្នាក់​បាន​ប្រើ​ប្លាស្ទិក​ចំនួន ១១គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ។ ចំណែក​ពលរដ្ឋ​នៅ​អឺរ៉ុប​បាន​ប្រើ​ចំនួន ៦៥គីឡូក្រាម ហើយ​ពលរដ្ឋ​អាមេរិក​បាន​ប្រើ​ដល់​ទៅ ១០៩គីឡូក្រាម។ តែ​ចំណោត​ចំពោះ​ឥណ្ឌា គឺ​ការ​គ្រប់គ្រង​សំរាម​ប្លាស្ទិក​មិន​បាន​ល្អ និង​គ្មាន​ប្រសិទ្ធិភាព។ មែនទែន​ទៅ រដ្ឋាភិបាល​ឥណ្ឌា​មិន​បាន​មើលស្រាល​លើ​ផលវិបាក​ដែល​កើត​ចេញ​ពី​ប្លាស្ទិក​ចំពោះ​បរិស្ថាន និង​សុខភាព​មនុស្ស​ទេ។ តាំង​ពី​ជិត ១ឆ្នាំ​កន្លង​ទៅ ពោល​ចាប់​ពី​ថ្ងៃទី១ កក្កដា ឆ្នាំ ២០២២ រដ្ឋាភិបាល​បាន​ដាក់​វិធានការ​ហាម​ការ​ផលិត ការ​នាំ​ចូល និង​ការ​លក់​ផលិតផល​ប្លាស្ទិក​ណា​ដែល​ប្រើ​តែ​មួយ​ដង រួច​បោះចោល ដូច​យ៉ាង​បំពង់បឺត ឬ​មួយ​ក៏​កែវ។

ការ​បំពាន​លើ​វិធានការ​មួយ​នេះ​នឹង​រង​ការ​ផាកពិន័យ​ជា​ប្រាក់​ដល់​ទៅ​ជាង ១០ម៉ឺនរូពី ឬ​ស្មើ​ជាង ១ ២០០ដុល្លារ ឬ​មួយ​ក៏​ប្រឈម​នឹង​ការ​ជាប់​ក្នុង​ពន្ធនាគារ​រហូត​ដល់ ៥ឆ្នាំ។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ក៏​បាន​បង្កើត​ឲ្យ​មាន​ច្បាប់​មួយ​ដោយ​តម្រូវ​ឲ្យ​អ្នក​ផលិត​ប្លាស្ទិក​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រមូល និង​កែច្នៃ​ប្លាស្ទិក​ដើម្បី​ប្រើប្រាស់​ឡើង​វិញ។ កម្មវត្ថុ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​វិធានការ​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០២២ គឺ​ឈាន​ទៅ​បិទបញ្ចប់​ការ​ប្រើ​ប្រភេទ​ប្លាស្ទិក​តែ​មួយ​លើក រួច​បោះចោល​នៅ​ដំណាច់​ឆ្នាំ ២០២២ ដដែល។ តែ​បញ្ហា​នៅ​ត្រង់​ថា វិធានការ​របស់​រដ្ឋាភិបាល​នេះ​មិន​សូវ​មាន​ការ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​រដ្ឋអំណាច​ក៏​មិន​បាន​តាមដាន​លើ​ការ​អនុវត្តន៍​ដែរ។

អ៊ីចឹង​ហើយ​បាន​ជា​ពេល​នេះ​ឈាន​ដល់​ពាក់​កណ្តាល​ឆ្នាំ ២០២៣ ទៅ​ហើយ ប្លាស្ទិក​នៅ​បន្ត​ចោទ​ជា​បញ្ហា​ដដែល​នៅ​ក្នុង​សង្គម​ឥណ្ឌា។ តើ​វា​ជា​កំហុស​របស់​អ្នក​ណា និង​ថា​អ្វី​ទៅ​ជា​ដំណោះស្រាយ?។ វា​មិនមែន​ជា​កំហុស​របស់​អ្នក​ណា​ម្នាក់ និង​ត្រូវ​ទម្លាក់​កំហុស​ដាក់​អ្នក​ណា​ម្នាក់​ដែរ។ តែ​វា​ជា​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា និង​ត្រូវ​ចូលរួម​ដោះស្រាយ​រួម​គ្នា។ សម្រាប់​រដ្ឋាភិបាល គឺ​ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង​សំរាម​ប្លាស្ទិក​ឲ្យ​បាន​ល្អ លើកទឹកចិត្ត​ពលរដ្ឋ​ឲ្យ​ញែក​រវាង​សំរាមស្ងួត និង​សំរាម​សើម ហើយ​ឈាន​បន្តិច​ម្តងៗ​ទៅ​បិទបញ្ចប់​ការ​ប្រើ​ប្លាស្ទិក​ទាំង​ស្រុង​តែ​ម្តង។ ចំណែក​ពលរដ្ឋ​វិញ គឺ​ត្រូវ​ចាប់​ផ្តើម​ប្តូរ​ទម្លាប់​ពី​ការ​ប្រើ​ថង់​ប្លាស្ទិក ឬ​កែវប្លាស្ទិក​ទៅ​ប្រើ​ថង់​ក្រណាត់ ឬ​កែវ​ក្រដាស​វិញ។

តែ​អ្វី​ដែល​ត្រូវ​ធ្វើ​មុន​គេ​នៅ​ចំពោះ​មុខ គឺ​បញ្ឈប់​ទម្លាប់​អាក្រក់​ដែល​បោះចោល​សំរាម​ពាសវាល ពាសកាល ពិសេស​សំរាម​ប្លាស្ទិក​នេះ​ឯង។ តាម​ពិត​ទៅ បើ​និយាយ​ត្រឹម​ប្លាស្ទិក​មិនមែន​ជា​បញ្ហា​ទេ។ អ្វី​ដែល​ជា​បញ្ហា គឺ​ការ​បំពុល​ដែល​ប្លាស្ទិក​បាន​ផ្តល់​ទៅ​លើ​បរិស្ថាន និង​សុខភាព​មនុស្ស។ ចូរ​កុំ​ភ្លេច​ថា ប្លាស្ទិក​ជា​ឃាតករ នៅ​ពេល​ដែល​គេ​បោះចោល​វា​ពាសវាល ពាសកាល​នៅ​តាម​ផ្លូវ ក្នុង​ព្រៃ ក្នុង​ស្ទឹង បឹងបួរ និង​នៅ​ក្នុង​សមុទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ