អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

២០ឆ្នាំក្រោយការវាយប្រហាររបស់អាមេរិក អ្វីទៅជាស្ថានការណ៍របស់ប្រទេសអ៊ីរ៉ាក់សព្វថ្ងៃ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី២០ មីនា ឆ្នាំ ២០២៣ ជា​ខួប ២០ឆ្នាំ​នៃ​ការ​វាយប្រហារ​របស់​អាមេរិក រួម​ជា​មួយ​អង់គ្លេស​​លើ​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃទី២០ មីនា ឆ្នាំ ២០០៣។ ហេតុផល​នៃ​ការ​លើក​ឡើង​របស់​រដ្ឋបាល​អាមេរិក​នា​ជំនាន់​ប្រធានាធិបតី George W. Bush កាល​ណោះ គឺ​មក​ពី​របប​អ៊ីរ៉ាក់​របស់​ប្រធានាធិបតី​សាដាម ហ៊ូសេន​មាន​អាវុធ​ប្រល័យ​លោក។ ប្រតិបត្តិការ​យោធា​របស់​អាមេរិក និង​អង់គ្លេស​បាន​ទម្លាក់​របប​សាដាម ហ៊ូសេន និង​មិន​បាន​រក​ឃើញ​អាវុធ​ប្រល័យលោក​ទេ។ ផ្ទុយ​ទៅ​វិញ សង្រ្គាម​មួយ​នេះ​បាន​រុញ​អ៊ីរ៉ាក់​ឲ្យ​ធ្លាក់​ក្នុង​ជម្លោះ និង​វិបត្តិ​ជា​បន្តបន្ទាប់​មក​ដល់​សព្វថ្ងៃ។

២០ឆ្នាំក្រោយការវាយប្រហាររបស់អាមេរិក អ្វីទៅជាស្ថានការណ៍របស់ប្រទេសអ៊ីរ៉ាក់សព្វថ្ងៃ?
២០ឆ្នាំក្រោយការវាយប្រហាររបស់អាមេរិក អ្វីទៅជាស្ថានការណ៍របស់ប្រទេសអ៊ីរ៉ាក់សព្វថ្ងៃ? AP - JEROME DELAY
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ចាប់​ផ្តើម​នៅ​ព្រឹក​ព្រលឹម​ស្រាងៗ​ក្នុង​ថ្ងៃទី២០ មីនា ឆ្នាំ ២០០៣។ ទ័ពអាមេរិក​ចំនួន ១៥០ ០០០នាក់ និង​ទ័ព​អង់គ្លេស​ចំនួន ៤០ ០០០នាក់​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ដូច​ផ្លេកបន្ទោ​លើ​អ៊ីរ៉ាក់​ដែល​គេ​ហៅ​ជា​ប្រតិបត្តិការ« សេរីភាព​អ៊ីរ៉ាក់ »។ ក្នុង​រយៈពេល​តែ ៣សប្តាហ៍ ប្រតិបត្តិការ « សេរីភាព​អ៊ីរ៉ាក់ » របស់​អាមេរិក និង​អង់គ្លេស​បាន​ផ្តួល​រំលំ​របប​សាដាម ហ៊ូសេន ហើយ​ក្នុង​ថ្ងៃទី៩ មេសា ឆ្នាំ ២០០៣ ដដែល អាមេរិក​បាន​ចូល​គ្រប់គ្រង​ក្រុង​បាកដាដ។ របប​សាដាម ហ៊ូសេន​មាន​អាវុធប្រល័យលោក នេះ​ជា​ហេតុផល​តែ​មួយ​គត់​ដែល​រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី George W. Bush បាន​បង្ហាញ​ពិភពលោក​ដើម្បី​កំចាត់​របប​សាដាម ហ៊ូសេន។

តែ​បញ្ហា​នៅ​ត្រង់​ថា គ្មាន​អាវុធ​ប្រល័យលោក​ធុន​ណា​មួយ​ត្រូវ​បាន​អាមេរិក​រក​ឃើញ​នៅ​ក្រោយ​ការ​ដួល​រលំ​របប​សាដាម ហ៊ូសេន ហើយ​នៅ ២០ឆ្នាំ​ក្រោយ​មក អាមេរិក​នៅ​តែ​រក​មិន​ឃើញ​អាវុធ​ប្រល័យ​លោក​របស់​សាដាម ហ៊ូសេន​ដដែល។ ផ្ទុយ​ទៅ​វិញ និង​អ្វី​ដែល​ជា​លទ្ធផល​កើត​ចេញ​ពី​ប្រតិបត្តិការ​វាយប្រហារ​អ៊ីរ៉ាក់​របស់​អាមេរិក​ក្នុង​ឆ្នាំ ២០០៣ គឺ​ជា​ការ​ចាប់​ផ្តើម​ផ្ទុះ​ឡើង​នូវ​សម័យកាល​ក្រឡាប់​ចាក់ និង​បង្ហូរ​ឈាម​ដែល​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រពែក្ស​មួយ​នេះ​មិន​ធា្លប់​ជួប​ប្រទះ​នៅ​ក្នុង​ប្រវត្តិ​របស់​ខ្លួន​ទេ។ ធ្លាក់​ក្នុង​សង្រ្គាម​ស៊ីវិល​ហែកហួរ​ផ្ទៃក្នុង​គួរ​ឲ្យ​រន្ធត់​នៅ​ចន្លោះ​ឆ្នាំ ២០០៦ និង ២០០៨។ បន្ទាប់​មក ទឹកដី​មួយ​ភាគ​ត្រូវ​បាន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អង្គការ​រដ្ឋអ៊ីស្លាម។

គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ ២០១១ ទើប​អាមេរិក​បាន​សម្រេច​ដក​ទ័ព​ចេញ​ពី​អ៊ីរ៉ាក់។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា សង្រ្គាម​អាមេរិក​នៅ​អ៊ីរ៉ាក់​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១១ បាន​បណ្តាល​ឲ្យ​ស្លាប់​ជន​ស៊ីវិលអ៊ីរ៉ាក់​ជាង ១០០ ០០០នាក់ ហើយ​អាមេរិក​បាន​បញ្ជាក់​ពី​ការ​ស្លាប់​ទាហាន​អាមេរិក​ជិត ៤ ៥០០នាក់។ ថ្ងៃ​នេះ និង ២០ឆ្នាំ​ក្រោយ​មក រដ្ឋអំណាច​អ៊ីរ៉ាក់​មិន​ថា​ថ្នាក់​សហព័ន្ធ និង​ថ្នាក់​តំបន់​ទេ គឺ​មិន​បាន​គ្រោង​រៀបចំ​ពិធី​អ្វី​សម្រាប់​ខួប ២០ឆ្នាំ​នៃ​ការ​ចូល​ឈ្លានពាន​របស់​អាមេរិក​ឡើយ។ មួយ​វិញ​ទៀត នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​លោក Mohamed Chia al-Soudani មិន​បាន​លើក​ឡើង​ជា​សាធារណៈ​ពី​ការ​ឈ្លានពាន​របស់​អាមេរិក​ទេ តែ​ជា​ការ​ដួលរលំ​របប​ផ្តាច់ការ​សាដាម ហ៊ូសេន។ សម្រាប់​លោក Mohamed Chia al-Soudani អ៊ីរ៉ាក់​រម្លឹក​ថ្ងៃ​នេះ​នូវ​ការ​ឈឺ​ចាប់​របស់​ពលរដ្ឋ​ខ្លួន​ដោយសារ​សង្រ្គាម​គ្មាន​ន័យ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ។

គេ​អាច​និយាយ​បាន​ជា​រួម​ថា​សព្វថ្ងៃ អ៊ីរ៉ាក់​ហាក់​បាន​រក​ឃើញ​ឡើង​វិញ​ខ្លះៗ​នូវ​ស្ថានភាព​ប្រក្រតី​របស់​ខ្លួន។ ការ​បោះឆ្នោត​ត្រូវ​បាន​រៀបចំ​ច្រើន​ដង​ដោយ​មាន​ការ​ចូល​រួម​ពី​គណបក្ស​ច្រើន ហើយ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ត្រូវ​បាន​ធានា។ តែ​នេះ​គ្រាន់​ជា​ទ្រឹស្តី​ប៉ុណ្ណោះ ព្រោះ​ការ​អនុវត្តន៍​ជាក់ស្តែង​ជា​រឿង​ផ្សេង និង​ស្មុគស្មាញ​ខ្លាំង​ណាស់។ នៅ​ក្រោយ​ការ​បោះឆ្នោត​សភា​ក្នុង​ខែ​តុលា ឆ្នាំ ២០២១ ការ​ជជែក​ដេញ​ដោល តថ្លៃ​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​ប្រើ​ពេល​រហូត​ដល់​ទៅ​មួយ​ឆ្នាំ។ ចំណែក​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​នៅ​អ៊ីរ៉ាក់​បាន​រៀបរាប់​ពី​បរិយាកាស​អាប់អួរ និង​បំភ័យ​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

ក្រៅ​ពី​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ដែល​មាន​តែ​សំបក​ក្រៅ នៅ​មាន​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​អ៊ីរ៉ាក់​បាន និង​កំពុង​បន្ត​ជួប​ប្រទះ ក្នុង​នោះ​មាន​អំពើពុករលួយ ការ​ធ្វេសប្រហែស​របស់​ថ្នាក់ដឹកនាំ ការ​តស៊ូ​មិន​ស្មោះត្រង់​របស់​ថ្នាក់ដឹកនាំ​ដើម្បី​អំណាច និង​ឥទ្ធិពល​របស់​ប្រទេស​ជិតខាង​ធំៗ ពិសេស​អ៊ីរ៉ង់។ តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល Transparency Internationa អ៊ីរ៉ាក់​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី១៥៧​នៃ​ចំណោម​១៨០ប្រទេស​ពុករលួយ។ ក្នុង​ចំណោម​រដ្ឋាភិបាល​ដែល​បាន​ឡើង​កាន់​អំណាច​បន្តបន្ទាប់​គ្នា​តាំង​ពី​ឆ្នាំ ២០០៣ គ្មាន​រដ្ឋាភិបាល​ណា​មួយ​អាច​កំចាត់​អំពើពុករលួយ​ស៊ីរូង​ផ្ទៃក្នុង​ប្រទេស​បាន​ទេ ពិសេស​នៅ​ក្នុង​វិស័យ​សុខាភិបាល និង​សេវាសាធារណៈ។ គ្មាន​រដ្ឋាភិបាល​ណា​មួយ​បាន​យក​ចិត្ត​ទុក​ដាក់ និង​គិត​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ​ទេ។

ប្រជាជន​ត្រូវ​បាន​គេ​ទុក​ចោល​ឲ្យ​ស្វែង​រក​ជោគវាសនា​អនាគត​ដោយ​ខ្លួន​ឯង។ នៅ​ក្នុង​ប្រទេស​មួយ​ដែល​សម្បូរ​ប្រេង មាន​ប្រជាជន​ដល់​ទៅ ១ភាគ៣ កំពុង​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ក្រីក្រ។ នៅ​ក្នុង​ប្រទេស​មួយ​ដែល​សម្បូរ​ប្រេងតែ​បែរ​ជា​ខ្វះ​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ទៅ​វិញ ហើយ​មាន​ពេល​ខ្លះ ការ​ដាច់​ភ្លើង​មាន​រយៈពេល​ដល់​ទៅ ១២ម៉ោង​ឯណោះ។ ២០ឆ្នាំ​ក្រោយ​ការ​ដួល​រលំ​របប​សាដាម ហ៊ូសេន អ៊ីរ៉ាក់​ហាក់​កំពុង​ស្ថិត​ឆ្ងាយ​ពី​ការ​ពិត និង​ពី​ក្តី​រំពឹង​ទុក។ ការ​ពី ២០ឆ្នាំ​មុន ពលរដ្ឋ​អ៊ីរ៉ាក់​ទូទៅ​បាន​សាទរ និង​ត្រេកត្រអាល​នឹង​ការ​ដួល​រលំ​របប​សាដាម ហ៊ូសេន​ដោយ​គិត​ថា អនាគត​ក្រោយ​សាដាម ហ៊ូសេន​នឹង​រុងរឿង​ថ្លៃថ្លា។

តែ​ពេល​នេះ និង ២០ឆ្នាំ​ក្រោយ​មក ពលរដ្ឋ​អ៊ីរ៉ាក់​បែរ​ជា​កំពុង​រង​ការ​ឈឺចាប់ និង​ទុក្ខវេទនា​ទៅ​វិញ ហើយ​មាន​អ្នក​ខ្លះ​ស្តាយ​ក្រោយ​ថា បើ​ទុក​របប​សាដាម ហ៊ូសេន​ប្រហែល​ជា​គ្រាន់​បើ​ជាង​របប​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ