អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើប្រទេសអ៊ីរ៉ាក់អាចនឹងជាប់នៅក្នុងអន្ទាក់បំណុលរបស់ប្រទេសចិនដែរ ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចិន​កំពុង​បន្ត​គម្រោង « ផ្លូវ និង​ខ្សែក្រវ៉ាត់ » របស់​ខ្លួន​ដើម្បី​ត​ភ្ជាប់​ផ្លូវ​គោក និង​ផ្លូវ​សមុទ្រ​រវាង​ចិន​ទៅ​កាន់​ទ្វីប​អាស៊ី អឺរ៉ុប និង​អាហ្រ្វិក។ តែ​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា​មិន​បាន​ស្ថិត​នៅ​ក្រៅ​គម្រោង « ផ្លូវ និង​ខ្សែក្រវ៉ាត់ » របស់​ចិន​ទេ។ ជាក់ស្តែង ប្រទេស​អ៊ីរ៉ាក់​ជា​ដៃគូ​ម្នាក់​របស់​ចិន​នៅ​ក្នុង​គម្រោង​មួយ​នេះ និង​កំពុង​ត្រូវ​ការ​វិនិយោគ​បរទេស​សម្រាប់​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ស្រុក។ ក្នុង​ឆ្នាំ ២០១៩ ក្រុង​បាកដាដ និង​ក្រុង​ប៉េកាំង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​មាន​ឈ្មោះ « ប្រេង​ដូរ​នឹង​ការ​សាងសង់ »។ ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា កិច្ចព្រមព្រៀង​មួយ​នេះ​អាច​ធ្វើ​ឲ្យ​អ៊ីរ៉ាក់​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​បំណុល​របស់​ចិន។

តើប្រទេសអ៊ីរ៉ាក់អាចនឹងជាប់នៅក្នុងអន្ទាក់បំណុលរបស់ប្រទេសចិនដែរ ឬទេ?
តើប្រទេសអ៊ីរ៉ាក់អាចនឹងជាប់នៅក្នុងអន្ទាក់បំណុលរបស់ប្រទេសចិនដែរ ឬទេ? AP - Nabil al-Jurani
ផ្សាយពាណិជ្ជកម្ម

ចិន​មាន​វត្តមាន​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់​មិន​ថា​នៅ​អាស៊ី អឺរ៉ុប អាហ្រ្វិក ឬ​នៅ​តំបន់​មជ្ឈិមបូព៌ា។ អ៊ីរ៉ាក់​ជា​ប្រទេស​មួយ​នៅ​មជ្ឈិមបូព៌ា​ដែល​ចិន​មាន​វត្តមាន​តាំង​ពី​យូរ​មក​ហើយ នោះ​បើ​ទោះ​បី​ជា​ប្រទេស​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​បស្ចិមលោក ពិសេស​សហរដ្ឋអាមេរិក​ក៏​ដោយ។ ក្នុង​នាម​ជា​ប្រទេស​ជង្រុក​ប្រេង​មួយ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់ អ៊ីរ៉ាក់​កំពុង​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​បន្ត​ចាប់​អារម្មណ៍ និង​ចែចង់ ពិសេស​ប្រទេស​ដែល​ត្រូវ​ការ​ថាមពល​ខ្លាំង​ដូច​ជា​ចិន។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ក្រោយ​ពី​បាន​ឆ្លង​កាត់​សង្រ្គាម​អស់​រយៈពេល ៤០ឆ្នាំ អ៊ីរ៉ាក់​កំពុង​ត្រូវ​ការ​វិនិយោគបរទេស​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ស្រុក ពិសេស​ក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល។

នៅ​ម្ខាង​អ្នក​មាន​ប្រេង និង​ត្រូវ​ការ​លុយ​ដើម្បី​អភិវឌ្ឍ ហើយ​នៅ​ម្ខាង​ទៀត​អ្នក​ត្រូវ​ការ​ប្រេង និង​មាន​លុយ អ៊ីរ៉ាក់ និង​ចិន​ពិត​ជា​ដៃគូ​ជំនួញ​ដ៏​ប្រសើរ​ខ្លាំង​ណាស់។ លោក​មូហ្សារ សាឡេ ទីប្រឹក្សា​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​បាន​បញ្ជាក់​ថា ចិន​បាន​ក្លាយ​ជា​អ្នក​ទិញ​ប្រេងឆៅ​អ៊ីរ៉ាក់​ទី១។ ក្នុង​បរិមាណ​ប្រេងឆៅ​ចំនួន ៨០០ ០០០ធុង​បារីល​ដែល​អ៊ីរ៉ាក់​បាន​នាំ​ចេញ​ក្នុង​មួយ​ថ្ងៃ ចិន​ម្នាក់​ឯង​បាន​ទិញ​យក​ជិត​ពាក់​កណ្តាល។ ចិន និង​អ៊ីរ៉ាក់​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់ ព្រោះ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​ធំធេង​ណាស់។ តាម​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អ៊ីរ៉ាក់ ទឹកប្រាក់​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ក្រុង​បាកដាដ និង​ក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ ២០២០ មាន​ជាង ៣០ ០០០លានដុល្លារ។

ទំហំ​ទឹកប្រាក់​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​នេះ​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ពី​មហិច្ឆតា សក្តានុពល រូបភាព និង​ការ​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ​របស់​ចិន​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​បស្ចិមលោក ពិសេស​សហរដ្ឋអាមេរិក នេះ​ជា​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​នៅ​ក្រុង​វ៉ាស៊ីនតោន​លោក John Calabrese។ ក្រៅ​ពី​ដៃគូ​ពាណិជ្ជកម្ម​ទ្វេភាគី អ៊ីរ៉ាក់​ក៏​ជា​ដៃគូ​ម្នាក់​របស់​ចិន​នៅ​ក្នុង​មហា​គម្រោង « ខ្សែក្រវាត់ និង​ផ្លូវ » របស់​ចិន​ដែរ។ តែ​មហា​គម្រោង​មួយ​នេះ​ត្រូវ​បាន​បស្ចិមលោក​ចាត់​ទុក​ជា​ឧបករណ៍​ឥទ្ធិពល​ដែល​ចិន​ប្រើ​ទៅ​លើ​ក្រុម​ប្រទេស​ក្រីក្រ​តាម​រយៈ​ការ​ផ្តល់​ឲ្យ​នូវ​ប្រាក់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប ឬ​គ្មាន​ការ​ប្រាក់​តែ​ម្តង។

បស្ចិមលោក​បាន​ស្តីបន្ទោស​ចិន​ពី​ការ​ជំរុញ​ឲ្យ​ក្រុម​ប្រទេស​ក្រីក្រ​ជំពាក់​បំណុល​ខ្លួន​វ័ន ក និង​ដែល​ទីបំផុត​ទៅ ប្រទេស​ទាំង​នោះ​ត្រូវ​សង​ចិន​វិញ​តាម​រយៈ​ការ​ប្រគល់​កំពង់ផែ ឬ​ទីតាំង​ឲ្យ​ក្រុមហ៊ុន​ចិន​ជា​អ្នក​គ្រប់គ្រង ដូច​ករណី​ប្រទេស​ស្រីលង្កា​ជា​ឧទាហរណ៍​ជាក់ស្តែង​ស្រាប់។ តើ​អ៊ីរ៉ាក់​មិនមែន​កំពុង​ដើរ​លើ​ផ្លូវ​របស់​ស្រីលង្កា​ទេ ឬ​យ៉ាង​ណា?។ គេ​ប្រហែល​ពិបាក​ប្រៀបធៀប​រវាង​ស្រីលង្កា និង​អ៊ីរ៉ាក់​ព្រោះ​ថា អ៊ីរ៉ាក់​មាន​ប្រេង​ដើម្បី​ទូទាត់​ជាមួយ​ចិន។ នៅ​តាម​ស្ថានីយ​បូមប្រេង​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ពិសេស​នៅ​ប៉ែក​ខាង​ត្បូង ក្រុមហ៊ុន​ចិន Petrochina បាន​ធ្វើ​អាជីវកម្ម​ដោយ​ផ្ទាល់។ តែ​ក្រៅ​ពី​ចិន ក៏​មាន​ក្រុមហ៊ុន​បរទេស​ផ្សេង​ដែរ ដូច​ជា​ក្រុមហ៊ុន​បារាំង Total ឬ​ក្រុមហ៊ុន​ម៉ាឡេស៊ី Petronas។

នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា អ៊ីរ៉ាក់​មិន​បាន​ពឹង​ផ្អែក​លើ​ចិន​តែ​មួយ ហើយ​មិនមែន​មាន​តែ​ចិន​ឯ​ណា​ដែល​ត្រូវ​ការ​ប្រេង​របស់​អ៊ីរ៉ាក់។ អ្វី​ដែល​ខុស​គ្នា​រវាង​ចិន និង​អ្នក​ផ្សេង ចិន​ហ៊ាន​ចំណាយ​មុន រួច​ចាំ​ទូទាត់​តាម​ក្រោយ។ ក្នុង​ឆ្នាំ ២០១៩ ក្រុង​បាកដាដ និង​ក្រុង​ប៉េកាំង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​មាន​ឈ្មោះ​ថា « ប្រេង​ដូរ​នឹង​ការ​សាងសង់ »។ តាម​រយៈ​កិច្ចព្រមព្រៀង​មួយ​នេះ ក្រុមហ៊ុន​ចិន​ចូលរួម​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​អ៊ីរ៉ាក់​ដោយ​ទូទាត់​ជាមួយ​នឹង​លុយ​ដែល​អ៊ីរ៉ាក់​បាន​ពី​ការ​លក់​ប្រេងឆៅ​ឲ្យ​ចិន​ចំនួន ១០០ ០០០ធុងបារីល​ក្នុង​មួយ​ថ្ងៃ។ តែ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​ចិន​ត្រូវ​គោរព ដូច​ជា​ត្រូវ​ប្រើ​វត្ថុធាតុដើម និង​កម្លាំងពលកម្ម​របស់​អ៊ីរ៉ាក់​ជា​ដើម។

យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​វិភាគ​បាន​ទាញ​សញ្ញាអាសន្ន និង​ព្រមាន​ទុក​ជា​មុន​ពី​ផលវិបាក​ដែល​អាច​កើត​ចេញ​ពី​កិច្ចព្រមព្រៀង​មួយ​នេះ។ ផលវិបាក​នោះ គឺ​ការ​ដែល​អ៊ីរ៉ាក់​អាច​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​ដូច​បណ្តា​ប្រទេស​អាហ្រ្វិក​ផ្សេង​ទៀត ប្រសិន​បើ​អ៊ីរ៉ាក់​មិន​បាន​ប្រើ​កិច្ចព្រមព្រៀង​ជាមួយ​ចិន​ឲ្យ​ចំ​គោលដៅ និង​ឲ្យ​មាន​ប្រយោជន៍​ទេ​នោះ។ តាម​ក្រុម​អ្នក​វិភាគ ប្រទេស​មាន​ប្រេង​ក្រោម​ដី​ដែល​ជា​ធនធានធម្មជាតិ​មិន​អាច​ត្រេកត្រអាល​គ្រប់​ពេល​បាន​ទេ ព្រោះ​ពេល​ខ្លះ ធនធាន​ធម្មជាតិ​ទាំង​នេះ​អាច​ប្រែ​ក្លាយ​ជា​រឿង​ក្តៅក្រហាយ និង​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​ភាព​វឹកវរ​ក៏​ថា​បាន ប្រសិន​បើ​គេ​គ្រប់គ្រង​វា​មិន​បាន​ល្អ និង​គ្មាន​តម្លាភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ