អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​អ្វី​ជា​យុទ្ធសាស្ត្រជំនួញ និងល្បែង​ហិរញ្ញវត្ថុ​របស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតរបស់ចិនពីមុនវិ​បត្តិ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមហ៊ុន Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេសចិន។ ក៏ប៉ុន្តែ ការពង្រីកមុខជំនួញយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី និងការប្រើប្រាស់យុទ្ធសាស្ត្របង្កើនបំណុលខ្ពស់ បានធ្វើឱ្យក្រុមហ៊ុននេះមានភាពផុយស្រួយរួចទៅហើយ។ ក្រោយមក ដោយត្រូវប្រឈមទល់នឹងការរឹតត្បិតលើកម្រិតបំណុលរបស់រដ្ឋាភិបាលចិន ក្រុមហ៊ុន Evergrande ត្រូវធ្លាក់ដុនដាប រហូតគ្មានលុយសងបំណុលទៅតាមការកំណត់ និងបានរួមចំណែកធ្វើឱ្យប្រទេសចិនមានវិបត្តិអចលនទ្រព្យធ្ងន់ធ្ងរមិនធ្លាប់មាន។

ទីស្នាក់ការ​ក្រុមហ៊ុន​អចលនទ្រព្យ Evergrande នៅសៀងហៃ
ទីស្នាក់ការ​ក្រុមហ៊ុន​អចលនទ្រព្យ Evergrande នៅសៀងហៃ AFP - HECTOR RETAMAL
ផ្សាយពាណិជ្ជកម្ម

តើក្រុមហ៊ុន Evergrande Group ជាអ្វី?

ក្រុមហ៊ុន Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេសចិន។ គិតត្រឹមឆ្នាំ២០២០ ក្រុមហ៊ុន Evergrande មានប្រាក់ចំណូលជិត៧៨ពាន់លានដុល្លារអាមេរិក និងមានគម្រោងរាប់រយនៅក្នុងទីក្រុងជាង២០០របស់ចិន។ អស់រយៈពេលជាច្រើនឆ្នាំ Evergrande បានខ្ចីលុយ និងលក់គម្រោងមុនអភិវឌ្ឍជាក់ស្ដែង ដើម្បីប្រមូលទិញដី និងអភិវឌ្ឍគម្រោងនានា ក្នុងកម្រិតបង្ខំខ្លាំង ឬភាសាអង់គ្លេសហៅថា “Aggressive Expansion” ឬការប្រើប្រាស់ទុនវិនិយោគលើយុទ្ធសាស្ត្រស្ថានការណ៍បំណុលខ្ពស់ (High Leverage Strategy)។

ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដោយលោក Xu Jiayin នៅក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន។ គិតត្រឹមឆ្នាំ២០១៨ Evergrande បានក្លាយជាក្រុមហ៊ុនអចលនទ្រព្យដែលមានតម្លៃបំផុតនៅក្នុងពិភពលោក។

យោងតាមសារព័ត៌មាន​ BBC បានឱ្យដឹងថា មុនកើតមានវិបត្តិ ក្រុមហ៊ុន Evergrande Real Estate មានគម្រោងអភិវឌ្ឍជាង ១៣០០នៅក្នុងទីក្រុងជាង២៨០នៅទូទាំងប្រទេសចិន។ ក្រុមហ៊ុន Evergrande Group ក៏បានវិវត្ដន៍ទៅជាក្រុមហ៊ុនក្រៅពីការអភិវឌ្ឍអចលនទ្រព្យ រួមមាន វិស័យគ្រប់គ្រងទ្រព្យសម្បត្តិ ការផលិតរថយន្តអគ្គិសនី ការផលិតអាហារ និងភេសជ្ជៈ ទេសចរណ៍ និងការកម្សាន្ត កីឡា សុខភាព ហិរញ្ញវត្ថុ និងកសិកម្ម។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុននេះបានរងនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ និងបានរួមចំណែកធ្វើឱ្យប្រទេសចិនមានវិបត្តិអចលនទ្រព្យមិនធ្លាប់មាន។

វិបត្តិវិស័យអចលនទ្រព្យចិន ២០២០-២០២២

វិបត្តិវិស័យអចលនទ្រព្យចិនឆ្នាំ២០២០-២០២២ គឺជាវិបត្តិហិរញ្ញវត្ថុដែលកំពុងកើនឡើងនៅពេលបច្ចុប្បន្ន ក្រោយពីរដ្ឋាភិបាលចិនបានដាក់ចេញនូវបទប្បញ្ញត្តិរឹតត្បិតថ្មី លើដែនកំណត់បំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ។

ផ្អែកតាមតួលេខផ្លូវការពីសារព័ត៌មាន The Financial Times ក្រុមហ៊ុនបានជំពាក់លុយអ្នកវិនិយោគតូចៗរាប់ពាន់នាក់ ក៏ដូចជាធនាគារ ក្រុមហ៊ុនផ្គត់ផ្គង់ និងអ្នកវិនិយោគបរទេស។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនមានបំណុលចំនួនជាង ៣១០ពាន់លានដុល្លារអាមេរិក។

ផ្អែកតាមរបាយការណ៍ផ្លូវការ ការពង្រីកមុខជំនួញយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី ការប្រើប្រាស់ទុនវិនិយោគលើយុទ្ធសាស្ត្រស្ថានការណ៍បំណុលខ្ពស់ (High Leverage Strategy) និងការបង្កើនបំណុលមានហានិភ័យខ្ពស់ បានរួមចំណែកឱ្យក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់ចិនមួយនេះ មានភាពផុយស្រួយរួចទៅហើយ។ ក្រោយមក ដោយត្រូវប្រឈមទល់នឹងការរឹតត្បិតលើកម្រិតបំណុលរបស់រដ្ឋាភិបាលចិន ក្រុមហ៊ុន Evergrande ត្រូវធ្លាក់ដុនដាប រហូតគ្មានលុយសងបំណុលទៅតាមការកំណត់។

យុទ្ធសាស្ត្រពង្រីកវិស័យជំនួញ និងការប្រើប្រាស់បំណុល Leverage ខ្លាំង របស់ Evergrande

ទុនបម្រុងជាដីរបស់ Evergrande មានទំហំធំសម្រាប់សាងសង់ផ្ទះឱ្យប្រជាជន ១០លាននាក់នៅឆ្នាំ២០២០។ ទោះជាយ៉ាងណា ក្នុងប៉ុន្មានឆ្នាំមុនវិបត្តិឆ្នាំ២០២១ ក្រុមហ៊ុន Evergrande បានបន្តការពង្រីកយ៉ាងបង្ខំ និងខ្លាំងលឿនរហ័ស (Aggressive Expansion) រួមទាំងការបណ្តាក់ទុនវិនិយោគលើរថយន្តអគ្គិសនី សួនកម្សាន្ត ថាមពល និងវិស័យជាច្រើនផ្សេងទៀត។

ការវិនិយោគធំៗ ដោយប្រើប្រាស់យុទ្ធសាស្ត្រស្ថានការណ៍បំណុលខ្ពស់ (High Leverage Strategy) រួមមាន ការវិនិយោគលើកោះ Ocean Flower Island ដែលជាគម្រោងមានតម្លៃជាទឹកប្រាក់ ១៥,៥ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់កោះសិប្បនិម្មិតមួយនៅលើឆ្នេរភាគខាងជើងនៃសមុទ្រចិនខាងត្បូង។ ក្រុមហ៊ុនក៏គ្រោងនឹងចំណាយប្រាក់ជាង ៧ពាន់លានដុល្លារអាមេរិក នៅចន្លោះឆ្នាំ២០១៩ និង២០២១ ក្នុងការអភិវឌ្ឍរថយន្តអគ្គិសនី និងទិញខ្លិបបាល់ទាត់ Guangzhou F.C. ដែលជាក្លឹបបាល់ទាត់មានជាងគេបំផុតរបស់ប្រទេសចិន។

យុទ្ធសាស្រ្ដបង្កើត ផលិតផលគ្រប់គ្រងទ្រព្យសម្បត្តិ

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សារព័ត៌មាន Financial Times បានរាយការណ៍ថា ក្រុមហ៊ុន Evergrande បានបង្កើតនូវសកម្មភាពមួយទៀតដែលគេស្គាល់ថា ផលិតផលគ្រប់គ្រងទ្រព្យសម្បត្តិ (Wealth Management Products)។ វាជាយុទ្ធសាស្រ្ដវិនិយោគហិរញ្ញវត្ថុលក់រាយដើម្បីបំពេញចន្លោះប្រហោងនៃការខ្វះមូលនិធិវិនិយោគ។ នៅក្នុងភាសាបច្ចេកទេស គេហៅថា “Plug Funding Gaps”។

តាមរយៈយុទ្ធសាស្រ្ដនេះ ក្រុមហ៊ុនបានប្រមូលទុន ក្នុងទំហំរាប់ពាន់លានដុល្លារអាមេរិក ហើយបានប្រើប្រាស់ទុនវិនិយោគទាំងនោះ ដើម្បីបំពេញកង្វះខាតមូលនិធិរបស់ខ្លួន និងដើម្បីសងដល់អ្នកវិនិយោគមុនៗ។

ផ្អែកតាមអ្នកជំនាញ ផលិតផលហិរញ្ញវត្ថុនេះ គឺមានហានិភ័យខ្ពស់ ហើយបើយោងតាមនាយកប្រតិបត្តិអនាមិកម្នាក់បានលើកឡើងថា "ផលិតផលហិរញ្ញវត្ថុទាំងនេះគឺមានហានិភ័យខ្ពស់សម្រាប់អ្នកវិនិយោគតូចៗ ហើយក្រុមហ៊ុនមិនលក់វាឱ្យទៅពួកគេនោះទេ"។

"បន្ទាត់ក្រហមបី" និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាលចិន

នៅពេលមើលឃើញអំពីការកើនឡើងនូវបំណុលខ្ពស់ក្នុងវិស័យអភិវឌ្ឍអចលនទ្រព្យ រដ្ឋាភិបាលចិនបានអនុម័តច្បាប់ "បន្ទាត់ក្រហមបី" ក្នុងឆ្នាំ២០២០ ដើម្បីគ្រប់គ្រងយុទ្ធសាស្រ្ដ Leverage ខ្ពស់ដែលធ្វើឡើងដោយក្រុមហ៊ុនអភិវឌ្ឍ។ រដ្ឋាភិបាលចិនបានកំណត់កម្រិតបំណុលរបស់ក្រុមហ៊ុនដោយផ្អែកលើ បន្ទាត់ក្រហមបី៖ debt-to-cash debt-to-equity និង debt-to-assets។ វិធានការនេះបានធ្វើឱ្យប៉ះពាល់ភ្លាមៗលើក្រុមហ៊ុន Evergrande ដែលបានបំណុលខ្ពស់ស្រាប់ និងប្រើប្រាស់យុទ្ធសាស្រ្ដ Leverage ខ្លួនយ៉ាងខ្លាំង នៅប៉ុន្មានឆ្នាំក្រោយៗ។

ក្នុងខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុនបានប្រកាសថាខ្លួនកំពុងព្យាយាមកាត់បន្ថយបន្ទុកបំណុលរបស់ខ្លួនចំនួន ២៣,៣ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណា ក្រុមហ៊ុន Evergrande នៅតែព្យាយាមពង្រីកជំនួញខ្លួន ដោយបានបើកដំណើរការគម្រោងថ្មីចំនួន៦៣ ក្នុងឆមាសទីមួយនៃឆ្នាំ២០២១។ ជាលទ្ធផល ក្រុមហ៊ុនយក្ស Evergrande បានធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅទៅៗ រហូតមកដល់បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ