អានតួអត្ថបទ
ចិន-អចលនទ្រព្យ-ធនាគារ

ចិន​ព្យាយាម​ធានា​ថា​សេដ្ឋកិច្ច​ខ្លួន​មិន​រង​ផល​ប៉ះពាល់​ទោះ​ក្នុង​ករណី​ក្រុមហ៊ុន​Evergrande​ដួល​រលំ

នៅថ្ងៃ​ចន្ទ​ ទី​៦ ធ្នូ​  ធនាគារ​កណ្តាល​ចិន​បាន​បញ្ចេញ​ទឹក​ប្រាក់​បន្ថែមរាប់ពាន់លានដុល្លារ​សម្រាប់​ការ​ផ្តល់​ប្រាក់​កម្ចី​។ វិធានការ​នេះ​ធ្លាក់មក​នៅ​ខណៈដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ព្យាយាម​ធានា​ដល់​សាធារណជន​និង​វិនិយោគិន​ថា​ សេដ្ឋកិច្ច​ចិន​នឹង​មិន​រង​ផល​ប៉ះពាល់​ឡើយ​ ទោះ​ក្នុង​ករណីក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​ Evergrande​ ដួលរលំ​ក៏ដោយ​។

ធនាគារកណ្តាលចិនបានបញ្ចេញទឹកប្រាក់បន្ថែមសម្រាប់ការផ្តល់ប្រាក់កម្ចីនៅថ្ងៃចន្ទ ទី៦ ខែធ្នូ  ឆ្នាំ២០២១។
ធនាគារកណ្តាលចិនបានបញ្ចេញទឹកប្រាក់បន្ថែមសម្រាប់ការផ្តល់ប្រាក់កម្ចីនៅថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១។ AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

ធនាគារ​ប្រជាជនចិន​បាន​ប្រកាសបញ្ចេញ​ទឹក​ប្រាក់​ចំនួន​ ១,២​ ទ្រីលាន​យ័ន​ ឬ​ស្មើនឹង​ ១៩០ ពាន់​លាន​ដុល្លារ​សម្រាប់​ធនាគារ​នានា​ផ្តល់​ប្រាក់​កម្ចី​ដោយ​កាត់​បន្ថយ​ចំនួនថវិកា​ដែល​ធានាគារត្រូវ​រក្សា​ទុក​​នៅក្នុង​ទុន​បម្រុង​។

សេចក្តី​ប្រកាស​ខាងលើ​ធ្លាក់មក​បន្ទាប់ពី​អាជ្ញាធរ​ទីក្រុង​ប៉េកាំង​សន្យាថានឹង​រក្សា​ទីផ្សារ​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​មាន​ដំណើរការ​ល្អ​និង​នៅ​ក្រោយពេល​ដែលក្រុមហ៊ុន​​ Evergrande ​ទាញ​សញ្ញា​អាសន្ន​ថាខ្លួនអាច​នឹងអស់លុយ​សម្រាប់​សងទៅម្ចាស់​​បំណុល​។

​កាលពីថ្ងៃសុក្រសប្តាហ៍មុន Evergrande​ និយាយថា​ខ្លួន​ត្រូវ​បាន​ម្ចាស់​បំណុល​ទាមទារឲ្យ​សង់​ប្រាក់​ ២៦០ លាន​ដុល្លារ​។ ក្រៅពីនេះ​ក្រុមហ៊ុន​នៅ​មាន​បំណុល​ចំនួន​ ២៥៥ លានដុល្លារផ្សេងទៀត​ដែល​ចាំបាច់​ត្រូវ​សង​នៅត្រឹម​​ថ្ងៃ​ទី​២៨ ធ្នូខាងមុខ​។

ទឹកប្រាក់​ខាង​លើនេះ​ គឺជា​ចំនួន​តិចតួច​ប៉ុណ្ណោះ​នៃបំណុល​សរុប​ទាំងអស់របស់​ក្រុមហ៊ុន​ដែល​មានរហូតដល់​ ៣១០ ពាន់​លាន​ដុល្លារ​។ ក៏ប៉ុន្តែ​ចំណោទគឺ​នៅត្រង់ថា​បើ​ក្រុមហ៊ុន​មិន​អាច​សងបំណុល​តាម​កាល​កំណត់​ នោះ​ម្ចាស់​បំណុលនឹង​នាំ​គ្នា​​ទាមទារឲ្យ​ Evergrande សងលុយបំណុលផ្សេង​ទៀតភ្លាមៗ​ ហើយបំណុលអាចកើនដល់ច្រើនពាន់លានដុល្លារ។

ទាក់ទង​ការ​បញ្ចេញទឹក​ប្រាក់​​ដ៏ច្រើនសន្ធឹកសន្ធាប់ ធនាគារ​កណ្តាល​ចិន​និយាយ​ថា​ខ្លួន​ចង់​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិតប្រាកដ​ និង​កាត់បន្ថយ​ការ​ចំណាយ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម​។ តែវា​មិនមែនជាការ​​បញ្ជាក់ថា​អាជ្ញាធរ​ចង់​ផ្លាស់ប្តូរ​គោល​នយោបាយ​រូបិយវត្ថុ​ដ៏ប្រុងប្រយ័ត្ន​របស់​ខ្លួន​ឡើយ​។

គួរបញ្ជាក់ថា កន្លងមក Evergrande បានព្យាយាមបង់ប្រាក់ទៅឲ្យម្ចាស់បំណុលនៅថ្ងៃ​កំណត់​ក្នុង​រយៈពេលដែលត្រូវបានគេអនុគ្រោះឲ្យ។ ប៉ុន្តែគេមិនដឹងនោះទេថាក្រុមហ៊ុន​បាន​លុយ​នោះ​ទាំងនោះមក​ពី​ណា​។

ទន្ទឹមគ្នានេះ​ ក្រុមហ៊ុន​អចលនទ្រព្យ​ផ្សេងទៀត​ក៏ត្រូវបាន​គេ​អនុញ្ញាតឲ្យ​ខ្ចីប្រាក់​ថ្មី​បន្ថែមដែរដែលនេះ​អាច​ជា​វិធីសាស្ត្រ​ប្រើ​ដើម្បី​ធានា​ដល់​សាធារណជន​ថា​វិស័យ​អចលនទ្រព្យ​ដែលជា​ក្បាល​ម៉ាស៊ីនដ៏សំខាន់​មួយ​នៃ​សេដ្ឋកិច្ចចិន មាន​សុខភាពល្អ​។

គួរ​រំឭកថា​ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យចិន​ជាច្រើន​បាន​ធ្លាក់​ខ្លួន​ជាប់ផុង​ជ្រៅ​ក្នុង​បញ្ហា​បំណុល​ និង​ត្រូវខំប្រឹង​រក​ប្រាក់​សង​ទៅម្ចាស់បំណុល​វិញ​ តាំង​ពី​អាជ្ញាធរចិន​ចាប់​បង្ក្រាប​ទម្លាប់​ខ្ចី​ប្រាក់​ដោយ​គ្មាន​ភាព​ប្រុង​ប្រយ័ត្ន​​កាលពី​ឆ្នាំ​ទៅមិញ​។

វិធានការ​របស់​រដ្ឋាភិបាលចិន​បានធ្វើឲ្យវិស័យសំណង់ជួប​ភាពរអាល់រអួល​។ កំណើនសេដ្ឋកិច្ចចិន​ដែល​ទទួល​រងពី​វិបត្តិនេះអាច​កើនបានត្រឹម​ចំនួន​ ៤,៩% ប៉ុណ្ណោះ​សម្រាប់​ត្រីមាសទី​បី​នៃ​ឆ្នាំ​២០២១។ តួលេខ​នេះ​ធ្លាក់ចុះ​ពី​ចំនួន​ ៧,៩% នៅក្នុង​ត្រីមាស​ទី​ពីរ​ និង​ធ្លាក់ចុះ​ពី ១៨,៣% សម្រាប់​ត្រីមាស​ទីមួយក្នុង​ឆ្នាំ២០២១​ដូចគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ