អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបច្ចុប្បន្នជាឱកាសចុងក្រោយ និងល្អបំផុតសម្រាប់ដោះស្រាយវិបត្តិអាកាសធាតុ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

យោងតាមវិទ្យាស្ថានស្រាវជ្រាវឈានមុនគេបំផុតរបស់ពិភពលោក The Brookings រយៈពេលមួយទសវត្សរ៍ខាងមុខ គឺជាឱកាសចុងក្រោយ និងជាឱកាសល្អបំផុត ដែលមនុស្សជាតិអាចរួមគ្នា ដើម្បីដោះស្រាយវិបត្តិប្រែប្រួលអាកាសធាតុ។ អ្វីដែលកើតឡើងនៅកម្រិតជាតិ និងអន្ដរជាតិ នាពេលនេះ នឹងកំណត់ជោគវាសនាអនាគតរបស់មនុស្សជាតិ និងភពផែនដីទាំងមូល។

ហេតុអ្វីបច្ចុប្បន្នជាឱកាសចុងក្រោយ និងល្អបំផុតសម្រាប់ដោះស្រាយវិបត្តិអាកាសធាតុ?
ហេតុអ្វីបច្ចុប្បន្នជាឱកាសចុងក្រោយ និងល្អបំផុតសម្រាប់ដោះស្រាយវិបត្តិអាកាសធាតុ? Jonathan NACKSTRAND AFP
ផ្សាយពាណិជ្ជកម្ម

ទសវត្សរ៍នេះ គឺជា ឱកាសចុងក្រោយ និងជាឱកាសល្អបំផុតរបស់មនុស្សជាតិ ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ។ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវឈានមុខគេលើពិភពលោក The Brookings។

នាពេលបច្ចុប្បន្ន ចិន និងសហរដ្ឋ​អាមេរិក ជាប្រទេសនាំមុខគេកំពូលក្នុងការបំពុលផែនដី។ ផ្អែកតាមលទ្ធផលនៃសិក្សាគួរឱ្យទុកចិត្តបំផុត សកម្មភាពមនុស្ស តាមរយៈការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាមូលហេតុចម្បងបំផុត នាំឱ្យមានការកើនឡើងកម្តៅផែនដី និងការប្រែប្រួលអាកាសធាតុ។ សកម្មភាពនានាមួយចំនួនទៀតដូចជាការធ្វើកសិកម្ម ការកាប់បំផ្លាញព្រៃឈើ និងផលិតកម្មផ្សេងៗទៀត ត្រូវបានចាត់ទុកជាកត្តាបន្ទាប់បន្សំ។

វិបត្តិជំងឺរាតត្បាតកូវីដ១៩ បានបង្ហាញយ៉ាងច្បាស់ឱ្យយើងឃើញថា ការរស់នៅរបស់មនុស្សជាតិមានភាពផុយស្រួយ និងមានគ្រោះថ្នាក់ខ្លាំង។ ប្រសិនបើយើងមិនចាត់វិធានការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុទេ ការខូចខាតអាចមានទំហំធំជាង និងយូរអង្វែងជាងផលប៉ះពាល់នៃជំងឺរាតត្បាតបច្ចុប្បន្ននេះទៅទៀត។ ដូច្នេះ ការសម្រេចចិត្តធ្វើនៅពេលនេះ មានសារៈសំខាន់ណាស់ ក្នុងការរៀបចំអនាគតរបស់មនុស្សជាតិ និងភពផែនដី។

របាយការណ៍ពិសេសមួយ របស់ ស្ថាប័ន IPCC ស្តីពីការផ្លាស់ប្តូរអាកាសធាតុ នៅឆ្នាំ២០១៨ បានបង្ហាញថា ការឡើងកម្ដៅផែនដី ១,៥អង្សា បញ្ជាក់អំពីហានិភ័យធ្ងន់ធ្ងរនៃការឡើងកម្ដៅផែនដី និងការប្រែប្រួលអាកាសធាតុ។ ការព្យាករណ៍ក៏បង្ហាញថា ការប្រែប្រួលអាកាសធាតុកាន់តែលឿន និងកាន់តែធ្ងន់ធ្ងរ ហើយវានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន អាយុជីវិត និងការរស់នៅរបស់មនុស្សជាតិ។ ជាឧទាហរណ៍ ការឡើងកម្ដៅ ២អង្សាជំនួសឱ្យ ១,៥អង្សា នឹងធ្វើឱ្យផ្កាថ្មនៅបាតសមុទ្រទាំងអស់បាត់បង់នៅលើភពផែនដី ជំនួសឱ្យការបាត់បង់តែ ៧០ទៅ ៩០ភាគរយ ហើយមនុស្សជាតិអាចបាត់បង់ ៣៧ភាគរយជំនួសឱ្យ ១៤ភាគរយ ចំពោះករណីកម្ដៅខ្លាំង ជារៀងរាល់ប្រាំឆ្នាំម្តង។

ជាទូទៅ ហានិភ័យ និងការខាត់បង់សេដ្ឋកិច្ចនៃការប្រែប្រួលអាកាសធាតុ ត្រូវបានគេមើលស្រាល។ ប្រសិនបើបញ្ហានេះមិនត្រូវគេយកចិត្តទុកដាក់ខ្លាំងទេ នុ៎ះការប្រែប្រួលអាកាសធាតុនឹងអាចធ្វើឱ្យការកើនឡើងជម្លោះ ព្រោះប្រជាជនរាប់រយលាននាក់ត្រូវផ្លាស់ទីលំនៅរបស់ខ្លួន ហើយពួកគេភាគច្រើនកំពុងរស់នៅ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ប្រព័ន្ធសេដ្ឋកិច្ចដែលពឹងផ្អែកលើកាបូន នឹងមានភាពផុយស្រួយកាន់តែខ្លាំង និងអាចបង្កការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុកាន់តែមហន្តរាយ។ ការងារ និងប្រាក់ចំណូលអាចនឹងត្រូវបាត់បង់ ហើយវាអាចធ្វើឱ្យមនុស្សជាច្រើន ធ្លាក់ចូលទៅក្នុងភាពក្រីក្រ។ ចុងក្រោយ ការពន្យារពេលនៃការបញ្ចេញឧស្ម័នពុលកាន់តែយូរ នឹងកាន់តែបំផ្លាញផែនដី នាពេលអនាគត។

នាពេលបច្ចុប្បន្ន ពិភពលោកសង្ឃឹមលើបច្ចេកវិទ្យាថ្មី ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ជាពិសេស ការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីជំនួសការប្រើប្រាស់ប្រេងឥន្ធនៈ។ លើសពីនេះ មានភស្តុតាងជាច្រើនដែលបញ្ជាក់ថា ការបញ្ឈប់ការប្រើប្រាស់ប្រេងឥន្ធនៈ មិនរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារទេ ផ្ទុយទៅវិញ វាជំរុញឱ្យមានការរីកចម្រើនសម្រាប់ទាំងអស់គ្នា មានគ្រឹះរឹងមាំ និងប្រកបដោយចិរភាព។

ដូច្នេះ ការវិនិយោគលើការការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចិរភាព ជារឿងចាំបាច់បំផុត។ ក្នុងរយៈពេលខ្លី វាអាចជួយឱ្យសេដ្ឋកិច្ចពិភពលោកងើបឡើងវិញពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយបង្កើតការងារ និងឱកាសវិនិយោគ។ ក្នុងរយៈពេលមធ្យម វាអាចជំរុញឱ្យមានការបង្កើតថ្មី ការកាត់បន្ថយភាពក្រីក្រ និងវិសមភាព ស្របពេលនឹងការផ្តល់ខ្យល់ និងទឹកស្អាត។ ក្នុងរយៈពេលវែង ការផ្លាស់ប្តូរអាកាសធាតុប្រកបដោយស្ថិរភាពគឺជាផ្លូវតែមួយគត់ឆ្ពោះទៅរកអនាគតយូរអង្វែង។

ក៏ប៉ុន្តែ ដើម្បីធ្វើរឿងនេះបាន គេទាមទារឱ្យមានកញ្ចប់ថវិកាវិនិយោគយ៉ាងច្រើន។ គេហៅថា ហិរញ្ញវត្ថុអាកាសធាតុ ឬហិរញ្ញវត្ថុបៃតង។ អ្វីជាហិរញ្ញវត្ថុបៃតង? ហិរញ្ញវត្ថុបៃតង គឺជា សកម្មភាពហិរញ្ញវត្ថុ ឬលុយ ដែលត្រូវបានបង្កើតឡើង ដើម្បីធ្វើសកម្មភាពពាក់ព័ន្ធនឹងការអភិវឌ្ឍបៃតង និងធានានូវការការពារបរិស្ថានល្អប្រសើរ។ នាពេលបច្ចុប្បន្ន ហិរញ្ញវត្ថុបៃតងរបស់ចិន មានតម្លៃគិតជាទឹកប្រាក់ប្រមាណ ១៥,៧ពាន់លានដុល្លារអាម៉េរិក និងបានវ៉ាដាច់សហរដ្ឋ​អាមេរិក ក្លាយជាទីផ្សារហិរញ្ញវត្ថុបៃតងធំបំផុត នៅលើពិភពលោក។ ដរាបណា ប្រទេសចិនអាចកាត់បន្ថយឧស្ម័នពុលច្រើន តាមរយៈហិរញ្ញវត្ថុបៃតង នោះពិភពលោកកាន់តែមានសង្ឃឹមក្នុងការដោះស្រាយវិបត្តិបំពុលបរិស្ថាន។ សរុបជារួម ផ្អែកតាមវិទ្យាស្ថាន Brookings រយៈពេលមួយទសវត្សរ៍ខាងមុខ នឹងជាឱកាសចុងក្រោយ ហើយជាឱកាសល្អបំផុត សម្រាប់ការសម្រេចចិត្តដោះស្រាយវិបត្តិប្រែប្រួលអាកាសធាតុ របស់មនុស្សជាតិ។ អ្វីដែលកើតឡើងនៅកម្រិតជាតិ និងអន្ដរជាតិ នាពេលនេះ នឹងកំណត់ជោគវាសនាអនាគតរបស់មនុស្សជាតិ និងភពផែនដីទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ