អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើការស្រូបឧស្ម័នកាបូនិចពីបរិយាកាសអាចជាដំណោះស្រាយបញ្ហាអាកាសធាតុ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​ការ​ដាក់ចេញ​វិធានការ ដើម្បី​ទប់ស្កាត់​ការ​ឡើងកម្តៅផែនដី យើងតែងតែ​ឮគេ​និយាយ​ញឹកញាប់​ជាងគេ អំពី​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​ទៅ​ក្នុង​បរិយាកាស។ ក៏ប៉ុន្តែ នៅមាន​វិធានការ​មួយទៀត ដែល​ជាទូទៅ​មិនសូវ​ត្រូវបាន​គេ​និយាយ​ដល់ គឺ​ការ​ស្រូបយក​ឧស្ម័នកាបូនិច​ពី​ក្នុង​បរិយាកាសមកវិញ។ តើ​ការ​ស្រូបយក​ឧស្ម័ន​កាបូនិច​ពី​បរិយាកាស​នេះ​ពិត​ជា​ដំណោះស្រាយ​ល្អ​ក្នុងការ​ទប់ស្កាត់​ការឡើងកម្តៅផែនដី​មែន​ឬ​ក៏​យ៉ាងណា?

AP - Martin Meissner
ផ្សាយពាណិជ្ជកម្ម

គោលដៅ​ដែល​​បាន​ដាក់ចេញ​នៅ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស (២០១៥) គឺ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​ផែនដី​ឡើងកម្តៅ​លើសពី ២អង្សា នៅចុងសតវត្សរ៍​ទី២១ (ឆ្នាំ២១០០) ហើយ​ដើម្បី​សម្រេច​ទៅតាម​គោលដៅ​នេះ យើង​​ចាំបាច់​ត្រូវ​កម្រិត​​​ការ​បញ្ចេញ​ឧស្ម័នកាបូនិច​ឲ្យ​នៅត្រឹម​ចំណុច ដែលគេ​ហៅ​ថា “ហ្សេរ៉ូកាបូន” នៅ​ត្រឹម​ឆ្នាំ២០៥០ខាងមុខ។

ដើម្បី​អាច​ឈាន​ដល់​ចំណុច “ហ្សេរ៉ូកាបូន” នេះ ឬមួយ យើង​ត្រូវ​បញ្ឈប់​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​ទាំងស្រុង ឬមួយ អាច​នៅបន្ត​បញ្ចេញ​ឧស្ម័ន​កាបូនិច​នៅ​ក្នុងកម្រិតណាមួយ ក៏ប៉ុន្តែ ​ត្រូវ​ស្រូបយក​ឧស្ម័នកាបូនិច​ពី​ក្នុងបរិយាកាស​មកវិញ​ឲ្យ​បាន​ស្មើ​នឹង​បរិមាណ​ឧស្ម័នកាបូនិច​ដែលយើង​បញ្ចេញ​ទៅ​​ក្នុង​បរិយាកាស។

ការស្រូបយក​ឧស្ម័នកាបូនិច​ពី​ក្នុងបរិយាកាស​នេះ អាច​ធ្វើឡើង ដោយ​វិធី​ពីរយ៉ាង។ ទីមួយ ធ្វើ​ទៅតាម​លក្ខណៈធម្មជាតិ រួមមាន​​ជាអាទិ៍ ទប់ស្កាត់​ការ​កាប់​បំផ្លាញព្រៃឈើ ហើយ​ដាំឈើ​បន្ថែម​ ដើម្បី​ប៉ះប៉ូវ​ដីព្រៃ​ដែល​បាត់បង់ ព្រមទាំង​​​ពង្រីកផ្ទៃដីព្រៃឈើឲ្យ​កាន់តែ​ធំ។ ទីពីរ គឺ​ការ​ប្រើបច្ចេកវិទ្យា​ដើម្បី​ស្រូបយក​ឧស្ម័ន​កាបូនិច​​ពីបរិយាកាស​ដោយ​ផ្ទាល់។

បច្ចេកវិទ្យា​ស្រូបយក​ឧស្ម័នកាបូនិច​ពី​ក្នុងបរិយាកាស​គឺ​មាន​រួចទៅហើយ នៅក្នុងពេល​បច្ចុប្បន្ន ហើយ​មជ្ឈមណ្ឌល​ស្រូបឧស្ម័នកាបូនិច​ដ៏ធំ​មួយ ក៏​ទើប​នឹង​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ដំណើរការ​រួចហើយ​ដែរ កាល​ពីដើមខែ​កញ្ញា​កន្លងទៅនេះ នៅ​ក្នុង​ប្រទេស​អ៊ីស្លង់។

ក៏ប៉ុន្តែ ជាទូទៅ ការស្រូបយក​ឧស្ម័នកាបូនិច​ពី​បរិយាកាស​ដោ​យប្រើ​បច្ចេកវិទ្យា​នេះ ច្រើន​តែ​ត្រូវ​គេ​មើលរំលង​មិនសូវ​ជា​និយាយដល់ ហើយ​​ពេល​ខ្លះ​មាន​ទាំង​អ្នក​រិះគន់​ទៅទៀត ដោយសារ​តែ​គេ​គិត​ថា ការស្រូបយក​ឧស្ម័នកាបូនិច​ទៅតាម​វិធី​នេះ​មាន​ប្រសិទ្ធភាព​តិចតួច​ខ្លាំងពេក។ ជាក់ស្តែង មជ្ឈមណ្ឌល​ស្រូបឧស្ម័នកាបូនិច​នៅ​អ៊ីស្លង់ ដែល​ជា​មជ្ឈមណ្ឌល​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ មាន​សមត្ថភាព​ស្រូប​យក​ឧស្ម័នកាបូនិច​បានត្រឹមតែ​ប្រមាណ​ជា ៤ពាន់តោនប៉ុណ្ណោះ​ក្នុងមួយឆ្នាំ ដែល​ជា​ចំណែក​ដ៏​តិចតួចខ្លាំងណាស់ បើ​ធៀបទៅនឹង​បរិមាណ​ឧស្ម័នកាបូនិចសរុប​ ដែល​មនុស្ស​យើង​បញ្ចេញ​ទៅ​ក្នុង​បរិយាកាស រហូតដល់​ទៅ​ប្រមាណ​ជា ៣៥ពាន់លាន​តោន ក្នុងមួយឆ្នាំៗ។

បញ្ហា​ប្រឈម​ដ៏​ចម្បងមួយទៀត គឺ​នៅត្រង់ថា ​ការ​ស្រូប​ឧស្ម័នកាបូនិច​ពី​ក្នុងបរិយាកាស​​តាមបច្ចេកវិទ្យា​សព្វថ្ងៃនេះ ត្រូវការ​ប្រើ​ទឹក និង​ថាមពល​ច្រើន។ តម្រូវការ​ទឹកច្រើន​នាំ​ឲ្យ​ចោទ​ជា​បញ្ហា​​ជុំវិញ​ផលប៉ះពាល់អវិជ្ជមាន​ទៅលើ​ធនធានទឹក ដែល​មនុស្ស​យើង​ត្រូវការ​ចាំបាច់​សម្រាប់​វិស័យផ្សេង រាប់​ទាំង​ទឹកស្អាត និង​ទាំង​ទឹក​សម្រាប់​ធ្វើ​កសិកម្ម​ផលិត​ស្បៀងអាហារ។ ចំណែក​តម្រូវការ​ថាមពលច្រើន​វិញ វា​ត្រូវ​ចោទ​ជា​សំណួរ​ដ៏​ចម្បងមួយទៀត​ថា តើ​ប្រភព​ថាមពល​នេះ​បាន​មកពី​ណា? ប្រសិនបើ​​ថាមពល​ដែល​ប្រើ​នៅ​ក្នុង​កា​រស្រូប​ឧស្ម័នកាបូនិច​នេះ​មាន​ប្រភពពី​​​ថាមពលផូស៊ីល ដូច្នេះ វាមានន័យថា សកម្មភាព​ស្រូប​ឧស្ម័នកាបូនិច​ពី​បរិយាកាស​នេះ វា​នាំ​ឲ្យ​មាន​ការ​បញ្ចេញ​ឧស្ម័នកាបូនិច​ទៅ​ក្នុង​បរិយាកាស​វិញដដែល​ជាដដែល។

ទោះជាយ៉ាងណា នេះ​មិនមែន​មានន័យថា ការស្រូបឧស្ម័នកាបូនិច​ពី​ក្នុងបរិយាកាស​ដោយ​ប្រើ​បច្ចេកវិទ្យា​នេះ មិនមែន​ជា​ដំណោះស្រាយ​ក្នុង​ការទប់ស្កាត់​ការ​ឡើងកម្តៅផែនដីនោះទេ។ វា​អាច​ជា​ដំណោះស្រាយ​មួយ ប្រសិនបើ​វា​ដើរ​ទ​ន្ទឹម​គ្នា​ជាមួយ​នឹង​ដំណោះស្រាយផ្សេងទៀត ជាពិសេស គឺ​ការ​វិនិយោគ​លើ​ថាមពល​បៃតង ដើម្បីយក​មកប្រើ​ឲ្យ​បាន​ទូលំទូលាយ​ ជំនួស​ថាមពល​ផូស៊ីល។

តាមរយៈ​ការ​វិនិយោគ​លើ​ថាមពល​បៃតង​នេះ យើង​អាចកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​បាន​មួយផ្នែក​ធំ​​ នៅ​ក្នុង​វិស័យ​ដែល​អាច​កាត់បន្ថយ​បាន។ ក្នុងពេល​ជាមួយគ្នា ថាមពល​បៃតងនេះ​​អាច​ជួយ​​បង្កើន​ប្រសិទ្ធភាព​បច្ចេកវិទ្យា​ស្រូប​ឧស្ម័នកាបូនិច ដើម្បី​ជួយប៉ះប៉ូវ​ឧស្ម័ន​​បញ្ចេញ​ដោយ​វិស័យ​មួយ​ចំនួន ដែល​យើងពិបាក​នឹង​កាត់បន្ថយ។

លើសពីនេះ​ទៅទៀត បើ​មើលទៅលើ​ស្ថានភាព​កាន់តែដុនដាប​នៃ​បញ្ហា​អាកាសធាតុ ដូចដែល​មាន​នៅក្នុង​​​របាយការណ៍​អ្នក​ជំនាញ​អាកាសធាតុ​របស់​អ.ស.ប. បច្ចេកវិទ្យាស្រូបឧស្ម័នកាបូនិច​ពី​ក្នុងបរិយាកាស​អាច​នឹង​ត្រូវ​ដើរតួនាទី​កាន់តែ​សំខាន់ នៅ​ក្នុង​ជំហានបន្ទាប់​ពី “ហ្សេរ៉ូកាបូន”។

យោងតាម​របាយការណ៍​​អាកាសធាតុចេញផ្សាយ កាល​ពីខែ​សីហា​កន្លងទៅ​នេះ ស្ថានភាព​អាកាសធាតុ​លើ​ភពផែនដី​របស់​យើង​កំពុង​តែ​ដើរ​ដល់​ដំណាក់កាលមួយទុំជោរជ្រុល ដោយ​បរិមាណ​ឧស្ម័ន​ក្នុង​បរិយាកាស​មាន​ច្រើន​ពេក ហើយ​​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ត្រឹម​កម្រិត “ហ្សេរ៉ូកាបូន” ក៏ប្រហែល​ជានៅតែ​មិន​ទាន់​គ្រប់​គ្រាន់ ដើម្បី​ទប់ស្កាត់​ការឡើងកម្តៅផែនដី​ឲ្យ​នៅ​ត្រឹម ១,៥អង្សា ឬ​២អង្សាបាន។ ដូច្នេះ យើង​ប្រហែល​ជា​ចាំបាច់​ត្រូវ​ឈាន​មួយ​ជំហាន​ទៀត គឺ​ទៅដល់​កម្រិត “អវិជ្ជមានកាបូន” ពោលគឺ ត្រូវ​ស្រូប​យក​ឧស្ម័ន​ពី​ក្នុងបរិយាកាស​ឲ្យ​បាន​ច្រើន​ជាង​បរិមាណ​ឧស្ម័នដែល​យើងបញ្ចេញ​ទៅក្នុង​បរិយាកាស។ នៅក្នុងករណីនេះហើយ ដែល​បច្ចេកវិទ្យា​ស្រូប​ឧស្ម័ន​កាបូនិច​ពី​ក្នុង​បរិយាកាស​អាច​នឹង​ត្រូវ​ដើរតួនាទី​សំខា​ន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ