អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាសហភាពអឺរ៉ុបមិនសប្បាយចិត្តនឹងអ៊ីរ៉ង់ដែលបានប្រហារជីវិតអ្នកប្រឆាំងអ៊ីរ៉ង់លោករូហូឡា ហ្សាំ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​សៅរ៍ ទី១២ ធ្នូ​កន្លង​ទៅ ប្រទេស​អ៊ីរ៉ង់​បាន​ប្រហារ​ជីវិត​អ្នក​ប្រឆាំង​ម្នាក់​ឈ្មោះ​រូហូឡា ហ្សាំ​ដោយ​ព្យួរ ក។ ព្រឹត្តិការណ៍​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពី​មហាជន​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ ពិសេស​បារាំង និង​សហភាព​អឺរ៉ុប។ បន្ទាប់​ពី​បាន​ថ្កោលទោស និង​ចាត់​ទុក​ការ​ប្រហារជីវិត​លោក​រូហូឡា ហ្សាំ​ជា​អំពើ​ព្រៃផ្សៃ និង​មិន​អាច​ទទួល​យក​បាន ឯកអគ្គរដ្ឋ​ទូត​បារាំង អាល្លឺម៉ង់ អូទ្រីស និង​អ៊ីតាលី​បាន​ធ្វើ​ពហិកា​មិន​ចូលរួម​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​រវាង​សហភាពអឺរ៉ុប និង​អ៊ីរ៉ង់​ដែល​គ្រោង​រៀបចំ​រយៈពេល ៣ថ្ងៃ​ពី​ថ្ងៃ​ចន្ទ ទី១៤ ធ្នូ។ ទីបំផុត គណៈកម្មាធិការ​រៀបចំ​វេទិកា​បាន​លើក​ពេល​រៀបចំ​វេទិកា​នេះ​ទៅ​ពេល​ក្រោយ​វិញ។ តើ​រឿងរ៉ាវ​របស់​លោក​រូហូឡា ហ្សាំ​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច និង​ថា ហេតុអ្វី​បាន​ជា​សហភាព​អឺរ៉ុប​មិន​សប្បាយ​ចិត្ត​នឹង​អ៊ីរ៉ង់​ដែល​បាន​ប្រហារ​ជីវិត​អ្នកប្រឆាំង​អ៊ីរ៉ង់​រូប​នេះ?។

​អ្នក​ប្រឆាំង​អ៊ីរ៉ង់លោក​រូហូឡា ហ្សាំ​ត្រូវ​បាន​រដ្ឋអំណាច​អ៊ីរ់ង់​ប្រហារ​ជីវិត​ដោយ​ព្យួរ ក ថ្ងៃទី១២ ធ្នូ ២០២០។
​អ្នក​ប្រឆាំង​អ៊ីរ៉ង់លោក​រូហូឡា ហ្សាំ​ត្រូវ​បាន​រដ្ឋអំណាច​អ៊ីរ់ង់​ប្រហារ​ជីវិត​ដោយ​ព្យួរ ក ថ្ងៃទី១២ ធ្នូ ២០២០។ AFP
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​បាន​ទទួល​ដំណឹង​ស្តីពី​ការ​ប្រហារ​ជីវិត​លោក​រូហូឡា ហ្សាំ​ដោយ​ព្យួរ ក សហភាពអឺរ៉ុប​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ និង​បាន​រម្លឹក​ជា​ថ្មី​ពី​ការ​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ទោស​ប្រហារ​ជីវិត​តាម​គ្រប់​រូបភាព​ទាំង​អស់។ ចំណែក​បារាំង​បាន​បញ្ចេញ​ប្រតិកម្ម​ស្រដៀង​គ្នា​នេះ​ដោយ​ចាត់​ទុក​ការ​ប្រហារ​ជីវិត​អ្នកប្រឆាំង​អ៊ីរ៉ង់​រូប​នេះ​ជា​អំពើ​ព្រៃផ្សៃ និង​មិន​អាច​ទទួល​យក​បាន​ទេ។ ប្រតិកម្ម​ខ្លាំងៗ​របស់​សហភាពអឺរ៉ុប និយាយ​ជា​រួម និង​របស់​បារាំង និយាយ​ដោយឡែក​យ៉ាង​ដូច​នេះ​មិន​បាន​ទុក​ឲ្យ​អ៊ីរ៉ង់​ឈរ​ឱប​ដៃ​ស្តាប់​យូរ​ឡើយ។ ឯកអគ្គរដ្ឋទូត​បារាំង និង​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​ទីក្រុង​តេហេរ៉ង់​ត្រូវ​បាន​ក្រសួង​ការបរទេស​អ៊ីរ៉ង់​កោះ​ហៅ​ទៅ​ជួប​នា​ថ្ងៃ​អាទិត្យ ទី១៣ ធ្នូ។

នៅ​ចំពោះ​មុខ​ឯកអគ្គរដ្ឋ​បារាំង និង​អាល្លឺម៉ង់ អ៊ីរ៉ង់​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​ការ​លូកដៃ​ចូលជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​របស់​អ៊ីរ៉ង់។ បន្ទាប់​មក សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​ក៏​បាន​ស្តីបន្ទោស​ដល់​ប្រទេស​អឺរ៉ុប​ខ្លះ​ដែល​បាន​ត្រេកត្រអាល​នៅ​ចំពោះ​ទង្វើ​សាយភាយ​បែបហិង្សា និង​មាន​លក្ខណៈ​បង្ក​ភេរវកម្ម​ប្រឆាំង​អ៊ីរ៉ង់។ ដើម្បី​បន្ថែម​ទម្ងន់​ប្រឆាំង​លើ​អ៊ីរ៉ង់ បារាំង រួម​ទាំង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​បាន​ដក​ខ្លួន​មិន​ចូលរួម​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ស្តីពី​ជំនួញ​រវាង​សហភាពអឺរ៉ុប និង​អ៊ីរ៉ង់​ដែល​គ្រោង​រៀបចំ​តាម​អនឡាញ​នៅ​ក្រសួង​ការងារ​អ៊ីរ៉ង់​រយៈពេល ៣ថ្ងៃ​ពី​ថ្ងៃ​ចន្ទ ទី១៤ ធ្នូ។

គណៈកម្មាធិការ​រៀបចំ​វេទិកា​បាន​លើក​ពេល​រៀបចំ​វេទិកា​នេះ​ទៅ​ពេល​ក្រោយ​វិញ​ដោយ​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ថ្មី​ទេ។ ហេតុអ្វី​បាន​ជា​គ្រាន់​តែ​មួយ​ប៉ប្រិច​ភ្នែក​សោះ អ្នកប្រឆាំង​អ៊ីរ៉ង់​លោក​រូហូឡា ហ្សាំ​បាន​ធ្វើ​ឲ្យ​សហភាពអឺរ៉ុប និង​អ៊ីរ៉ង់​ស្គាល់​ភាព​រកាំរកូស​កាទូត​ដល់​ម្លឹង?។ តាម​ពិត​ទៅ មាន​តម្លៃ​ជា​សារវន្ត​ចំនួន​ពីរ​ដែល​សហភាព​អឺរ៉ុប​បាន​ការពារ ទី១ គឺ​ប្រឆាំង​នឹង​ទោសប្រហារជីវិត និង​ទី២ គឺ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដែល​លោក​រូហូឡា ហ្សាំ​ជា​អ្នកប្រឆាំង​អ៊ីរ៉ង់​ម្នាក់។ តែ​ទម្ងន់ទោស​ដែល​លោក​រូហូឡា ហ្សាំ​បាន​ទទួល​ពី​តុលាការ​អ៊ីរ៉ង់ និង​បន្ទាប់​មក​ត្រូវ​បាន​បញ្ជាក់​ដោយ​តុលាការកំពូល​អ៊ីរ៉ង់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​អ្នកប្រឆាំងធម្មតា​ទៅ​ទៀត។

ជា​សរុប លោក​រូហូឡា ហ្សាំ​បាន​ជាប់ចោទ​ក្នុង​បទចោទប្រកាន់​ចំនួន ១៣ រួម​មាន ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​របប​អ៊ីរ៉ង់​នា​ខែ​រងារ​ឆ្នាំ ២០១៧ ២០១៨ ប្រព្រឹត្តិ​អំពើពុករលួយ សហការ​ជាមួយ​ប្រទេស​សត្រូវ​មួយ​របស់​អ៊ីរ៉ង់ គឺ​សហរដ្ឋអាមេរិក និង​ធ្វើ​ចារកម្ម​ឲ្យ​ប្រទេស​បារាំង និង​ប្រទេស​អ៊ីស្រាអែល។ គួរ​រម្លឹក​ថា​មាន​អាយុ ៤១ឆ្នាំ លោក​រូហូឡា ហ្សាំ​ទទួល​បាន​សិទ្ធិ​ជា​ជនភៀសខ្លួន​នយោបាយ​ក្នុង​ប្រទេស​បារាំង​តាំង​ពី​ឆ្នាំ ២០១២ ដោយ​រស់នៅ​ជាមួយ​ភរិយា និង​កូន ២នាក់។ នៅ​ក្នុង​ទឹកដី​បារាំង​ក៏​អ្នកប្រឆាំង​អ៊ីរ៉ង់​រូប​នេះ​ទទួល​ការ​គំរាមកំហែង​ដល់​ជីវិត​ដោយ​បាន​បង្ខំ​រដ្ឋអំណាច​បារាំង​ឲ្យ​ដាក់​កម្លាំង​សន្តិសុខ​ការពារ​រូប​លោក​ជាប់​ជា​ប្រចាំ។

ក្នុង​ខែ​តុលា ឆ្នាំ ២០១៩ លោក​រូហូឡា ហ្សាំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ជួប​អ្នក​ប្រឆាំង​អ៊ីរ៉ង់​ផ្សេង​ទៀត​ដែល​សន្យា​ផ្តល់​ឲ្យ​លោក​នូវ​ថវិកា​សម្រាប់​បង្កើត​កាណាល់​ទូរទស្សន៍​មួយ។ កម្លាំង​សន្តិសុខ​បារាំង​ដែល​បាន​ទទួល​ដំណឹង​ពី​គម្រោង​ទៅ​កាន់​អ៊ីរ៉ាក់​របស់​លោក​រូហូឡា ហ្សាំ​បាន​ព្យាយាម​ឃាត់​លោក​កុំ​ឲ្យ​ទៅ​ដោយ​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា ជា​ផែនការ​អន្ទាក់​រៀបចំ​ដោយ​របប​ក្រុង​តេហេរ៉ង់។ តែ​លោក​ហ្សាំ​នៅ​តែ​ចចេស​ទៅ​ដដែល។ បន្ទាប់​មក ភរិយា​របស់​លោក​ក៏​បាន​រារាំង​លោក​តាំង​ពី​មុន​ចេញ​ដំណើរ​រហូត​ដល់​ពេល​លោក​ចុះ​ចត​ដូរ​យន្តហោះ​ក្នុង​ប្រទេស​ហ្សកដានី និង​ពេល​ជាន់​ទឹកដី​អ៊ីរ៉ាក់​ភ្លាម។

តែ​គឺ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​បាន​ដាក់​ជើង​ជាន់​ទឹកដី​អ៊ីរ៉ាក់​នោះ​ឯង​ដែល​លោក​រូហូឡា ហ្សាំ​ត្រូវ​បាន​ចាប់​ខ្លួន។ ដំណឹង​មួយ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍​អ៊ីរ៉ាក់​ជាមួយ​នឹង​ការ​បង្ហាញ​រូប​លោក​រូហូឡា ហ្សាំ​អង្គុយ​ក្នុង​ឡាន​ខាង​ក្រោយ​ដោយ​មាន​កន្សែង​រុំ​ភ្នែក​ទាំង​ពីរ។ តាម​ទូរទស្សន៍​អ៊ីរ៉ាក់​ដដែល ប្រតិបត្តិការ​ចាប់​លោក​រូហូឡា ហ្សាំ​ត្រូវ​បាន​រៀបចំ​យ៉ាង​ប្រណិត​ដោយ​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់។ បន្ទាប់​មក ទូរទស្សន៍​អ៊ីរ៉ាក់​បាន​ចាក់​ផ្សាយ​សម្តី​សារភាព​របស់​លោក​រូហូឡា ហ្សាំ​ដែល​ទទួល​ស្គាល់​ពី​សកម្មភាព​របស់​ខ្លួន​ក្នុង​គោលដៅ​ផ្តួលរំលំ​របបដឹកនាំ​នៅ​អ៊ីរ៉ង់។ តែ​ទូរទស្សន៍​អ៊ីរ៉ាក់​ដដែល​មិន​បាន​បញ្ជាក់​ពី​ថ្ងៃខែ​ពិតប្រាកដ ទីកន្លែង​ច្បាស់លាស់ និង​ព័ត៌មាន​លំអិត​ស្តីពី​ការ​ចាប់​ខ្លួន​លោក​រូហូឡា ហ្សាំ​ទេ។

នៅ​លើ​បណ្តាញ Telegram ឈ្មោះ Amadnews របស់​លោក​រូហូឡា ហ្សាំ​ដែល​មាន​អ្នក​ជាវ ១លាន ៤សែននាក់ លោក​រូហូឡា ហ្សាំ​បាន​ទម្លាយ​ព័ត៌មាន​ជា​ច្រើន​ស្តីពី​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ និង​ខ្សែអាត់វីដេអូ​ដែល​បង្ហាញ​ពី​អំពើ​ហិង្សា​របស់​ប៉ូលិស​អ៊ីរ៉ង់​ទៅ​លើ​ហ្វូង​បាតុករ​អ៊ីរ៉ង់​នា​ពេល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ឆ្នាំ ២០១៧ ២០១៨។ ការ​ប្រហារ​ជីវិត​លោក​រូហូឡា ឡាំ​ពេល​នេះ​ជា​សក្ខីកម្ម​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់​ថា អ៊ីរ៉ង់​មិន​បាន​ទុក​បណ្តាយ​ឲ្យ​អ្នក​ប្រឆាំង​ខ្លួន​ណា​ម្នាក់​រួច​ខ្លួន​ឡើយ​ទោះ​នៅ​ទីកន្លែង​ណា​ក៏​ដោយ មិន​ថា​កំពុង​ស្ថិត​ក្នុង​ស្រុក ឬ​កំពុង​រស់ជ្រកកោន​នៅ​បរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ