អានតួអត្ថបទ
កម្ពុជា-នយោបាយ

សំណុំរឿងប្រមាថ​ព្រះមហាក្សត្រ​៖​ លោក សម រង្ស៊ី ថា​ជាការបញ្ចេញមតិ ​ខណៈក្រសួង​យុត្តិធម៌​ស្នើ​តុលាការ​ចាត់ការតាម​ផ្លូវច្បាប់​

ភ្លាមៗបន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ចេញអធិបញ្ជាទៅព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ឲ្យ​ចាត់​វិធានការ​ច្បាប់​ជា​បន្ទាន់​និង​តឹងរឹង​បំផុត​ លើ​លោក​ សម រង្ស៊ី នៅថ្ងៃជាមួយគ្នានោះ ​ប្រធាន​ស្តី​ទី​អតីត​គណបក្សសង្គ្រោះជាតិរូបនេះ​ បានសរសេរបកស្រាយយ៉ាងវែងអន្លាយ​ចំពោះ​អ្វី​ដែល​លោក​បានលើកឡើងនោះ​។ បើតាមលោក សម រង្ស៊ី លោកមានសិទ្ធិសម្តែងមតិជុំវិញរឿងនេះ ហើយថា​អ្វី​ដែល​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌បានបញ្ជាទៅតុលាការគឺធ្វើទៅតាមបញ្ជារបស់លោក ហ៊ុន សែន។

លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ
លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ AP - Tatan Syuflana
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែល ​លោក សម រង្ស៊ី ជាប់បណ្តឹងថ្មីមួយទៀត​នៅតុលាការ​ពីបទ​ប្រមាថព្រះមហាក្សត្រ​​នៅពេល​នេះ គឺបន្ទាប់ពីលោក​បាន​រិះគន់ការរៃអង្គាស​ប្រាក់​ដើម្បី​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ ដោយ​ប្រមុខ​រដ្ឋាភិបាល។ ប៉ុន្តែ​មិន​ត្រឹម​តែ​ចំអក​ឲ្យ​លោក ហ៊ុន សែន ក្នុង​ការ​ប្រមូល​ថវិកា​ដើម្បី​ទិញ​វ៉ាក់​ប៉ុណ្ណោះទេ លោក សម រង្ស៊ី ថែមទាំង​សរសេរ​វាយ​ប្រហារ​រាលដាល​ដល់​ព្រះ​មហាក្សត្រថែមទៀតផង។

លោក​ គឹម សន្តិភាព ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ពន្យល់​ថា​ ការ​ចេញ​អធិបញ្ជា​របស់​​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ គឺ​បន្ទាប់​ពី​ក្រសួងនេះ​មើល​ឃើញ​ថា​ លោក​ សម រង្ស៊ី ​បាន​ប្រើ​ពាក្យ​ពេចន៍​ ដែល​មាន​ខ្លឹមសារ​ជា​ការ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​។

ក្នុងសារបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី ២០ ធ្នូ លោក សម រង្ស៊ី បានរិះគន់ទៅលើគម្រោងទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែបានប្រមាថទៅលើអង្គព្រះមហាក្សត្រថា «ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជនដែលចាញ់បោកគាត់ មានទាំងស្តេចទីងមោងផងដែរ»។

នៅត្រង់ចំណុចនេះ ក្រសួងយុត្តិធម៌ បានចាត់ទុកថា គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ព្រះអង្គ ដែលជាទីសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។

ភ្លាមៗបន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ចេញអធិបញ្ជា បែបនេះ នៅថ្ងៃជាមួយគ្នានោះ ​ប្រធាន​ស្តី​ទី​អតីត​គណបក្សសង្គ្រោះជាតិរូបនេះ​ បានសរសេរបកស្រាយយ៉ាងវែងអន្លាយ​​ចំពោះ​អ្វី​ដែល​លោក​បានលើកឡើងនោះ​។ បើតាមលោក សម រង្ស៊ី លោក​មានសិទ្ធិ​សម្តែងមតិជុំវិញរឿងនេះ ហើយថា​អ្វី​ដែល​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌បានបញ្ជាទៅតុលាការគឺធ្វើទៅតាមបញ្ជារបស់ លោក ហ៊ុន សែន។

ជុំវិញ​សំណុំរឿង​ប្រមាថ​ព្រះ​មហា​ក្សត្រនេះដែរ កាលពីខែឧសភាឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសកំបាំងមុខឲ្យលោក សម រង្ស៊ីជាប់ពន្ធនាគារ៨ឆ្នាំ និងត្រូវបង់២០លានរៀល ពីបទញុះញង់កងទ័ព និងបទប្រមាថព្រះមហាក្សត្រ។ នេះមិនទាន់រាប់​បញ្ចូល​សំណុំរឿងជិត​១០​ផ្សេងទៀត​ដែល ​លោក សម រង្ស៊ី បាន​រង​បណ្តឹង ​ដែល​ខ្លះត្រូវបាន​ជំនុំជម្រះ​រួចហើយ និង​ខ្លះទៀតកំពុងស្ថិត​ក្នុង​ដៃ​តុលាការនៅឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ