អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចេញអធិបញ្ជាទៅព្រះរាជអាជ្ញាអោយចាត់វិធានការច្បាប់លើលោក សម រង្ស៊ី ករណីប្រមាថព្រះមហាក្សត្រ

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ នៅ​ថ្ងៃ​ទី​ ២៥​ ធ្នូ​នេះ​ បាន​ចេញ​អធិបញ្ជា​មួយ​ ទៅ​កាន់​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ អោយ​ចាត់​វិធានការ​ច្បាប់​ជា​បន្ទាន់​និង​តឹងរឹង​បំផុត​ លើ​លោក​ សម រង្ស៊ី ​ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្គ្រោះជាតិ​។ ការ​ចេញ​អធិបញ្ជា​នេះ​ គឺ​បន្ទាប់​ពី​ក្រសួង​យុត្តិធម៌​មើល​ឃើញ​ថា​ លោក​ សម រង្ស៊ី ​បាន​ប្រើ​ពាក្យ​ពេជន៍​ ដែល​មាន​ខ្លឹមសារ​ជា​ការ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​។ ចំពោះ​ករណី​នេះ​ លោក​ គឹម សន្តិភាព ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ពន្យល់​ថា​ ការ​ចេញ​អធិបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ មាន​ន័យ​ថា​ ករណី​នេះ​ គឺ​ជា​ករណី​ធ្ងន់ធ្ងរ​។

លោកគឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌
លោកគឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ © FB
ផ្សាយពាណិជ្ជកម្ម
01:30

សូមស្តាប់ការលើកឡើងរបស់លោកគឹម សន្តិភាព៖

សូមបញ្ជាក់ថា មូលហេតុដែលនាំទៅដល់ការចេញអធិបញ្ជារបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពេលនេះ គឺបន្ទាប់ពី លោក សម រង្ស៊ី បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី ២០ ធ្នូ ដើម្បីរិះគន់ទៅលើគម្រោងទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែបានប្រមាថទៅលើអង្គព្រះមហាក្សត្រថា «ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជនដែលចាញ់បោកគាត់ មានទាំងស្តេចទីងមោងផងដែរ»។ នៅត្រង់ចំណុចនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចាត់ទុកថា គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ព្រះអង្គ ដែលជាទីសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ