អានតួអត្ថបទ
កម្ពុជា-អាមេរិក

អាមេរិកផ្តល់ជំនួយដល់កម្ពុជា៨៥លានដុល្លារ តែដាក់លក្ខខណ្ឌឱ្យកម្ពុជាត្រូវប្រឆាំងនឹងការជ្រៀតជ្រែករបស់ចិន

នៅ​ក្នុង​ឆ្នាំ​២០២១​ខាង​មុខ​នេះ​ រដ្ឋាភិបាល​អាមេរិក​គ្រោង​នឹង​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ប្រមាណ​៨៥​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​ផ្សេងៗ​។ នេះ​បើ​តាម​សំណើ​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ​របស់​អាមេរិក​ដែល​ទើប​ត្រូវ​សភា​អាមេរិក​អនុម័ត​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។ ប៉ុន្តែ​ អាមេរិក​បាន​ដាក់​លក្ខខណ្ឌ​ជា​ច្រើន​ ក្នុង​នោះ​ ក៏​បាន​តម្រូវ​ឱ្យ​កម្ពុជា​ត្រូវ​ប្រឆាំង​តទល់​នឹង​ការ​ជ្រៀតជ្រែក​ពី​ប្រទេស​ចិន​ផង​ដែរ​។ ប៉ុន្តែ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ អាមេរិក​មិន​អាច​មក​បញ្ជា​លើ​កម្ពុជា​ ដោយសារ​តែ​ផ្តល់​ជំនួយ​បាន​ទេ​។

សិស្សានុសិស្សកាន់ទង់ជាតិកម្ពុជា និងសហរដ្ឋអាមេរិក អំឡុងពេលទស្សនកិច្ចរបស់លោក Barrack Obama មកកាន់កម្ពុជា
សិស្សានុសិស្សកាន់ទង់ជាតិកម្ពុជា និងសហរដ្ឋអាមេរិក អំឡុងពេលទស្សនកិច្ចរបស់លោក Barrack Obama មកកាន់កម្ពុជា AP - Wong Maye-E
ផ្សាយពាណិជ្ជកម្ម

កម្ពុជាអាចទទួលបានជំនួយប្រមាណជាង៨៥លានដុល្លារអាមេរិកនេះ លុះត្រារដ្ឋាភិបាលកម្ពុជាបង្ហាញពីឃើញពីការពង្រឹងសន្តិសុខ និង ស្ថិរភាពនៅក្នុងតំបន់ ពិសេសបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង និងគោរពការដាក់ទណ្ឌកម្មអន្តរជាតិទៅលើប្រទេសកូរ៉េខាងជើង។ នេះ គឺជាលក្ខខណ្ឌដែលអាមេរិកបានដាក់មកលើកម្ពុជា ហើយក៏បានបន្ថែមដោយតម្រូវឱ្យកម្ពុជាប្រកាសពីអធិបតេយ្យភាពរបស់ខ្លួនប្រឆាំងទៅនឹងការជ្រៀតជ្រែកពីប្រទេសចិន ដោយរួមបញ្ចូលការរក្សាឱ្យមានអព្យាក្រិតភាពលើបញ្ហាមូលដ្ឋានកងទ័ពជើងរាម និងមូលដ្ឋានទ័ពផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា និង បញ្ហាគម្រោងអភិវឌ្ឍតារាសាគរ។

ក្រៅពីបញ្ហាទាំងនេះ អាមេរិកក៏ដាក់លក្ខខណ្ឌឱ្យកម្ពុជាបញ្ឈប់អំពើហិង្សា និងការយាយីប្រឆាំងនឹងសង្គមស៊ីវិល និង គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា និងទម្លាក់ចោលនូវបទចោទព្រហ្មទណ្ឌបែបនយោបាយទៅលើអ្នកដែលរិះគន់រដ្ឋាភិបាលកម្ពុជា។ ម្យ៉ាងទៀត អាមេរិកក៏តម្រូវឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស សេរីភាព និងករណីកិច្ចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញដែលប្រកាសឱ្យប្រើប្រាស់កាលពីឆ្នាំ១៩៩៣។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានសម្តែងការស្វាគមន៍ដែលរដ្ឋាភិបាលអាមេរិកគ្រោងផ្តល់ជំនួយដល់ប្រទេសកម្ពុជានេះ។ លោកបានអះអាងថា បើទោះបីនឹងទទួលបានជំនួយពីអាមេរិក តែកម្ពុជានៅតែរក្សាសិទ្ធិក្នុងការធ្វើអ្វីៗដោយខ្លួនឯង ដើម្បីផលប្រយោជន៍របស់កម្ពុជា។ បើតាមលោកផៃ ស៊ីផាន កម្ពុជា និងអាមេរិកមានការគោរពគ្នាទៅវិញទៅមក ដូច្នេះហើយ មិនមានភាគីណាមួយអាចបញ្ជាលើភាគីណាមួយបានឡើយ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលអាមេរិកបានផ្តល់ជំនួយដល់កម្ពុជាប្រមាណ១២៨,៧លានដុល្លារ ក្នុងនោះក៏បានផ្តល់១១លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នៅក្នុងខែធ្នូនេះ អាមេរិកក៏បានផ្តល់ជំនួយដល់កម្ពុជាចំនួន៦៦,២លានដុល្លារអាមេរិកផងដែរ។ ដោយឡែក គិតតាំងពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១៩ អាមេរិកបានផ្តល់ជំនួយឥតសំណងដល់កម្ពុជាប្រមាណ១,៥ពាន់លានដុល្លារ ស្មើនឹង៦,១០% នៃជំនួយទាំងអស់ដែលផ្តល់ដោយដៃគូអភិវឌ្ឍ។ ជំនួយអាមេរិកភាគច្រើន គឺផ្តោតសំខាន់វិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច និង ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងកម្មវិធីដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះផងដែរ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ