អានតួអត្ថបទ
កម្ពុជា-កូវីដ ១៩

មិនដល់២៤ម៉ោងផង រដ្ឋាភិបាលទទួលបានថវិកា១៨លានដុល្លារពីសប្បរសជន សម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃអង្គារនេះ បានបញ្ជាក់ថា ថវិកាដែលសប្បុរសជន ចូលរួមជួយរដ្ឋាភិបាល ទិញវ៉ាក់សាំង ប្រឆាំងកូវីដ ១៩ បានកើនឡើងដល់ ១៨លានដុល្លារហើយ។ ជាការកត់សម្គាល់ ការប្រមូលបានថវិកាប្រមាណជាង ១៨លានដុល្លារនេះ គឺទទួលបាន បន្ទាប់ពីលោកហ៊ុន សែន ទើបតែប្រកាសកាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ពីការទិញវ៉ាក់សាំងការពារកូវីដ ១៩។

ថ្នាំវ៉ាក់សាំង Dengvaxia​ ផលិត​ដោយ​មន្ទីរ​ពិសោធន៍​ Sanofi
ថ្នាំវ៉ាក់សាំង Dengvaxia​ ផលិត​ដោយ​មន្ទីរ​ពិសោធន៍​ Sanofi Reuters
ផ្សាយពាណិជ្ជកម្ម

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចាត់ទុកថា ចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកាទាំងនេះ គឺជាខឿនការពារសុខភាពរបស់ប្រជាជន បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជន នាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។

 

តាមលោកហ៊ុន សែន គិតមកដល់ត្រឹមព្រឹកថ្ងៃអង្គារ ទី ៨ខែធ្នូ ឆ្នាំ ២០២០នេះ ថវិកា ដែលសប្បុរសជនចូលរួម មានរហូតដល់ជាង ១៨លានដុល្លារអាមេរិក។ ជាមួយគ្នា លោកក៏បញ្ជាក់ដែរថា សម្រាប់អ្នកដែលចង់ចូលរួមបរិច្ចាគបន្ថែម ក៏អាចឧបត្ថម្ភ តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី ឬ តាមធានាគារ ABA (001249176)។

 

ដំណាលគ្នានឹងការប្រកាសរបស់លោកហ៊ុន សែន នេះដែរ លោកព្រាប កុល អ្នកវិភាគបញ្ហាសង្គម ក៏បានផ្តល់យោបល់មួយចំនួន ពីដំណោះស្រាយ វ៉ាក់សាំងប្រឆាំងកូវីដ១៩ សម្រាប់កម្ពុជា។ តាមលោកព្រាប កុល ចំពោះបញ្ហារួមនេះ បើពលរដ្ឋ ដែលមានជីវភាពធូរធារ(១០%) គួរអាចបរិច្ចាគថវិកាម្នាក់ចន្លោះ ៥០០ដុល្លារ ខណៈពលរដ្ឋ ដែលមានជីវភាពមធ្យម(៣០%) អាចបរិច្ចាគម្នាក់ ៥០ដុល្លារ និងពលរដ្ឋដែលមានជីវភាពក្រីក្រ គួរតែទទួលបានវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ។ ឃើញថា ថវិកាសរុប ដែលវិភាគដោយ លោក ព្រាប កុល អាចបានរហូតដល់ទៅជាង១ពាន់លានដុល្លារ។

 

យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសហើយថា នៅពេលកម្ពុជា ទិញបានវ៉ាក់សាំងនេះ នោះរដ្ឋាភិបាល នឹងចែកជូនដល់ពលរដ្ឋទាំងអស់ ដោយឥតគិតថ្លៃ ប៉ុន្តែក្រុមគោលដៅអាទិភាព ដូចជា គ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ នឹងទទួលបានវ៉ាក់សាំងនេះមុនគេ។

 

ប៉ុន្តែមកដល់ពេលនេះ គេនៅមិនទាន់ដឹងទេថា តើរដ្ឋាភិបាលកម្ពុជា នឹងទិញវ៉ាក់សាំងពីប្រទេសណាមួយនៅឡើយទេ ខណៈអ្នកឃ្លាំមើលមួយចំនួន បានប៉ាន់ប្រមាណថា កម្ពុជាអាចត្រូវការថវិកាចន្លោះប្រមាណ ១០០លានដុល្លារ ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ទៅតាមចំនួនប្រជាជនដែលមានប្រមាណ ១៦លាននាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ