អានតួអត្ថបទ
កម្ពុជា រោងចក្រ

អ្នកនាំពាក្យ៖ កម្មករជាង១.៥ម៉ឺននាក់ កំពុងស្ថិតនៅក្នុង​បញ្ជីដែល​ក្រសួង​​សេដ្ឋកិច្ច​ត្រៀម​ផ្ទេរ​ថវិកា​ជូនក្នុង​ពេលព្យួរ​ការងារ

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ថា គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​០៨ ឧសភា​មក គឺ​មាន​កម្មករ​និយោជិត​នៅ​តាម​រោងចក្រ និង​សហគ្រាស​ជាង ១ម៉ឺន៥ពាន់​នាក់ កំពុង​ស្ថិត​នៅ​ក្នុង​បញ្ជី ដែល​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រៀម​ផ្ទេរថវិកា​ជួយ​ឧបត្ថម្ភ ក្នុង​ពេលព្យួរ​ការងារ​ដោយសារ​តែ​វិបត្តិនៃ​ជំងឺ​កូវីដ​១៩។ សូម​បញ្ជាក់​ថា ការ​ព្យួរ​កិច្ច​សន្យាការងារ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល គឺ​សម្រាប់​តែ​រោង​ចក្រ សហគ្រាស​ដែល​បាន​ដាក់​ពាក្យ​សុំព្យួរ​កិច្ច​សន្យា​ការងារ​មក​ក្រសួង​ការងារ ហើយ​ទទួលបាន​លិខិត​អនុញ្ញាតិ​ឲ្យ​ព្យួរ​កិច្ច​សន្យារ​ការ​ពី​ក្រសួង​តែប៉ុណ្ណោះ។​

លោកហេង សួរ៖ កម្មករ២នាក់ចេញរោគសញ្ញាជំងឺកូវីដ-១៩ និងបានយកសំណាកទៅពិនិត្យ
លោកហេង សួរ៖ កម្មករ២នាក់ចេញរោគសញ្ញាជំងឺកូវីដ-១៩ និងបានយកសំណាកទៅពិនិត្យ © @ក្រសួងការងារ
ផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្តី អ្នកនាំពាក្យ​ក្រសួងការងារ លោក ហេង សួរ បាន​លើក​ឡើង​ពី​ឧបសគ្គ​ដែល​ក្រសួង​កំពុង​ជួបប្រទះ​នៅ​ពេល​នេះ គឺ​មាន​កម្មករ​និយោជិត​មួយ​ចំនួន មិន​បាន​បំពេញ​លេខ​ទូរស័ព្ទ ដែល​ត្រឹមត្រូវ​ជូន​ដល់​ក្រសួង​នោះ​ឡើយ​។ សូម​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មាន​រោងចក្រ​និង​កម្មករ ដែល​សុំព្យួរ​ការងារ​នៅ​មុន​ពេល​ចូល​ឆ្នាំ គឺ​មាន​ជាង​៩០​រោងចក្រ និង​មាន​កម្មករ​ប្រមាណ​ជាង ៦ម៉ឺននាក់​។ ចំណែក​រោងចក្រ​ដែល​ព្យួរការងារ​កម្មករ ក្រោយ​ថ្ងៃ ២៧ ខែ​មេសា គឺ​មាន​ជាង ៨០​រោងចក្រ និង​មានកម្មករ​ប្រហែល​ជា​ ៥ម៉ឺន​នាក់។

បើតាមលោក ហេង សួរ ដដែល ខាង​ធនាគារ​ឯក​ទេសវីង ដែល​សហការ​ជា​មួយ​រដ្ឋាភិបាល​នោះ កំពុង​បង្កើត​គណនី​ជូន​ដល់​កម្មករ-កម្មការិនី ដែល​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ជា​មុន។ ការ​លើក​ឡើង​របស់​លោក ហេង សួរ គឺ​បន្ទាប់​ពី​មាន​ការ​ចុះផ្សាយ​ថា កម្មករ​និយោជិត​ដែល​រង​ផល​ប៉ះពាល់​ពី​វិបត្តិនៃ​ជំងឺកូវីដ​១៩ គឺ​មិនទាន់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពីរដ្ឋាភិបាល​នៅ​ឡើយ គិត​ត្រឹម​ថ្ងៃពុធ សប្តាហ៍​មុន​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ