អានតួអត្ថបទ
កម្ពុជា សង្គម

សហជីព៖កម្មករនៅរោងចក្រមួយចំនួននៅខេត្តកណ្តាល និងភ្នំពេញនាំគ្នាតវ៉ារឿងចៅកែអត់បើកប្រាក់ខែឱ្យ

មួយ​រយៈ​ចុង​ក្រោយ​នេះ កម្មករ​នៅ​រោង​ចក្រ​ប្រមាណ​ពី​៥ទៅ៦​រោង​ចក្រ​ក្នុង​ខេត្ត​កណ្តាល និង រាជ​ធានី​ភ្នំពេញ​បាន​នាំ​គ្នា​តវ៉ា​ជា​បន្ត​បន្ទាប់ ដើម្បី​ជំរុញ​ឱ្យ​ថៅកែ​បើក​ប្រាក់​ខែ​ឱ្យ​គ្រប់​ចំនួន​ដល់​ពួក​គេ​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក អាត ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ ជា​ការ​កត់​សម្គាល់ ការ​តវ៉ា​របស់​កម្មករ​ទាំង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​អំពាវ​នាវ​ដល់​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ទាំង​អស់​ឱ្យ​ទូទាត់​ប្រាក់​ទិញ​ទំនិញ ដើម្បី​រក្សា​ស្ថិរ​ភាព​រោង​ចក្រ និង ប្រាក់​ខែ​កម្មករ​ខ្មែរ​។

កម្មកររោងចក្រកាត់ដេរ (រូបឯកសារ)
កម្មកររោងចក្រកាត់ដេរ (រូបឯកសារ) @Internet
ផ្សាយពាណិជ្ជកម្ម

លោកអាត ធន់ បានគូសបញ្ជាក់ថា បញ្ហាសំខាន់ដែលនាំក្រុមកម្មករទាំងនៅខេត្តកណ្តាល និង រាជធានីភ្នំពេញនាំគា្ន​តវ៉ាជាបន្តប​ន្ទាប់មកនេះ គឺដោយសារតែថៅកែរោងចក្រខ្លះបានបិទទ្វារ ហើយមិនបើកប្រាក់ខែឱ្យកម្មករ ខណៈខ្លះទៀតបើកប្រាក់ខែមិនគ្រប់ដល់កម្មករ។ ដូច្នេះហើយ ក្រុមកម្មករ កម្មការិនីបានទាមទារឱ្យថៅកែរោងចក្របើកប្រាក់ខែ និង ប្រាក់អត្ថប្រយោជន៍ផ្សេងៗតាមលក្ខខណ្ឌនៃច្បាប់ស្តីពីការងាររបស់កម្ពុជា។ បើតាមលោកអាត ធន់ ការតវ៉ាទាមទាររបស់កម្មករទាំងអស់នេះ គឺមានការជួយសម្របសម្រួលខ្លាំង​ពីសំណាក់ក្រសួងការងារ ប៉ុន្តែរោងចក្រខ្លះនៅពន្យាររហូតដល់៣ទៅ៤ខែទើបជជែកត្រូវរ៉ូវជាមួយក្រុមកម្មករ។

គួរបញ្ជាក់ថា គិតដល់ពេលនេះ រោងចក្រចំនួន១៨០រោងចក្រហើយបានព្យួរប្រតិបត្តិការរបស់ខ្លួន រីឯរោងចក្រចំនួន៦០រោងចក្រទៀតបន្ថែមទៀតនឹងឈានទៅរកការព្យួរនេះផងដែរ។ ចំណែក កម្មករជាង១៥ម៉ឺននាក់ហើយត្រូវបានព្យួរការងារជាបណ្តោះអាសន្នរហូតមកដល់ពេលនេះ ខណៈកម្មករជាង២០ម៉ឺននាក់ទៀតនឹងត្រូវព្យួរការងារដែរនាពេលខាងមុខនេះ។ នេះបើតាមសមាគមរោងចក្រកកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC។ ចំពោះកម្មករដែលត្រូវព្យួរការងារ រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ទឹកប្រាក់ឧបត្ថម្ភក្នុងម្នាក់៧០ដុល្លារក្នុងមួយខែ ដោយរដ្ឋាភិបាលចេញ៤០ដុល្លារ និង ថៅកែរោងចក្រចេញ៣០ដុល្លារ។

ប៉ុន្តែនៅពេលនេះ ក្រុមថៅកែរោងចក្រកាត់សម្លៀកបំពាក់ និង ដេរស្បែកជើងកំពុងមានបញ្ហាទាក់ទងនឹងក្រុមហ៊ុនបញ្ជាទិញ។ ក្រុមហ៊ុនបញ្ជាទិញដែលមិនទាន់បានទូទាំងទឹកប្រាក់ទិញទំនិញដល់ពួកគេ។ កាលពីថ្ងៃចន្ទ សមាគមរោងចក្រកកាត់ដេរនៅកម្ពុជាបាន​អំពាវ​នាវ​ទៅ​អ្នក​បញ្ជា​ទិញ​ឲ្យ​គោរព​លក្ខ​ខណ្ឌ​ទូទាត់​ប្រាក់​សម្រាប់​ទំនិញដែល​បាន​ទទួល និង​ទំនិញ​ដែល​កំពុង​ដឹក​ទៅ។ តាម​លិខិត​អំពាវ​នាវ​របស់ខ្លួន សមាគមរោងចក្រកកាត់ដេរនៅកម្ពុជាបញ្ជាក់ថា រោងចក្រនៅកម្ពុជាកំពុងរងគ្រោះរួចហើយពីការលុបចោលការបញ្ជាទិញ ជាច្រើន និងគ្មានការបញ្ជាទិញថ្មីៗហើយមិនអាចទ្រាំទ្រនឹងការមិនទូទាត់ប្រាក់នោះទេ។

សមាគមរោងចក្រកកាត់ដេរនៅកម្ពុជាបានអះអាងថា ខណៈផលិតផលកំពុងត្រូវបានធ្វើការនាំចេញ រោងចក្រត្រូវតែទទួលបានការទូទាត់នូវអ្វីដែលត្រូវបានជំពាក់ ហើយការផ្តល់អ្វីតិចជាងនេះគឺមិនត្រឹមត្រូវនោះទេ។ បើតាមសមាគមរោងចក្រនៅកម្ពុជា លក្ខខណ្ឌទូទាត់ប្រាក់អាចពិភាក្សាគ្នាបាន ប៉ុន្តែការមិនទូទាត់គឺមិនអាចទទួលយកបានទេ។ ហេតុដូច្នេះហើយ សមាគមរោងចក្រអំពាវនាវដល់អ្នកបញ្ជាទិញត្រូវទូទាត់បំណុលរបស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ