អានតួអត្ថបទ
កម្ពុជា សង្គម

កូវីដ១៩៖ GMAC អំពាវនាវឲ្យម្ចាស់អាគារទំាងអស់ បញ្ចុះថ្លៃឈ្នួល៣០% ដើម្បីសម្រាលបន្ទុករបស់រោងចក្រ

សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) នៅថ្ងៃទី ០៨ឧសភានេះ បាន​អំពាវ​នាវ​ទៅដល់ម្ចាស់អាគារទំាងអស់​ដែលជួលឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា ពិចារណាបញ្ចុះថ្លៃឈ្នួលអាគារចំនួន៣០% សម្រាប់រយៈពេល៣ ទៅ៦ខែ ដើម្បីចូលរួមសម្រាលបន្ទុករបស់រោងចក្រ ខណៈរោងចក្រជាច្រើនកំពុងរងគ្រោះដោយសារការលុបចោលនៃការបញ្ជាទិញជាច្រើន និង គ្មានការបញ្ជាទិញថ្មីទៀតនោះ។

កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ
កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ Samer Muscati/Human Rights Watch
ផ្សាយពាណិជ្ជកម្ម

យោងតាមលិខិតអំពាវនាវរបស់សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា(GMAC) ទៅកាន់ម្ចាស់អាគារទាំងអស់ បានឲ្យដឹងថា ការចំណាយរបស់រោងចក្រលើថ្លៃឈ្នួលអាគារ និង ទីតាំង គឺជាបន្ទុកចំណាយដ៏ធ្ងន់ធ្ងរមួយ ស្របពេលដែលរោងចក្រមានការចំណាយផ្សេងៗដទៃទៀត។ ដូចេ្នះការបញ្ចុះថ្លៃឈ្នួលចំនួន ៣០% នឹងអាចជួយសម្រាលបន្ទុកចំណាយរបស់រោងចក្រ និង ចូលរួមចមណែកស្តារសេដ្ឋកិច្ចនៅកម្ពុជាដើម្បីទ្រទ្រង់វិស័យនេះ។

​GMAC ថា ខ្លួនពិតជាយល់អំពីទុក្ខលំបាកនៃផលប៉ះពាល់នៃជំងឺកូវីដ​១៩ ប៉ុន្តែសម្រាប់រោងចក្រ ការទទួលរងនេះត្រូវបានសង្កេតឃើញថា មានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។ ជាក់សែ្តង គិតត្រឹមថ្ងៃទី០៨ ខែឧសភានេះ រោងចក្រចំនួន១៨០បានព្យួរប្រតិបត្តិការរបស់ខ្លួន ហើយរោងចក្រចំនួន៦០បន្ថែមទៀតនឹងឈានទៅរកការព្យួរនៅពេលខាងមុខ។

ទាក់ទងនឹងការអំពាវនាវ របស់GMAC នេះ  មិនទាន់មានអន្តរាគមន៍ណាមួយពីខាងក្រសួងការងារ នៅឡើយទេ។

ក៏ប៉ុន្តែ កន្លងមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានអំពាវនាវដល់ម្ចាស់អាគារ  ទីតាំងនានា ដែលបានជួលទីកន្លែងរបស់ខ្លួន ឱ្យអ្នកដទៃរកស៊ី ត្រូវមានការយោគយល់ ចំពោះការបង់ថ្លៃសេវាជួលទីតាំង ឬអាចទម្លាក់ពេលបង់លុយ ឬទម្លាក់តម្លៃក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា កំពុងតែជួបវិបត្តិនៃការរាតត្បាតវីរុស COVID-19។

គួរជម្រាបជូនថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីថ្ងៃទី០៤ ឧសភា កន្លងទៅបាន ក៏អំពាវនាវទៅអ្នកបញ្ជាទិញឲ្យគោរពលក្ខខណ្ឌទូទាត់ប្រាក់សម្រាប់ទំនិញ ដែលបានទទួល និងទំនិញដែលកំពុងដឹកទៅ ខណៈរងចក្រដែលបានព្យួរកំពុងបន្តកើនឡើង។ ដូច្នេះ GMACថា លក្ខខណ្ឌទូទាត់ប្រាក់អាចពិភាក្សាគ្នាបាន ប៉ុន្តែការមិនទូទាត់គឺមិនអាចទទួលយកបានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ