អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អាជីវករ​ខ្មែរ​គួរ​ប្រើ​ប្រាស់​សេវា​ផ្តល់​ប្រឹក្សា​​មុន​បើក​អាជីវ​កម្ម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្ពុជា​ត្រូវបាន​ទទួលស្គាល់ថា កំពុង​តែមាន​សេដ្ឋកិច្ច​រីកចំរើន។ ទន្ទឹមគ្នានេះ មុខរបរ​មួយចំនួន​ត្រូវបាន​គេ​បង្កើតជា​បន្តបន្ទាប់។ មានមុខ​របរ​មួយចំនួន​ត្រូវបាន​គេ​បង្កើត​ដូចគ្នា ឬ​ធ្វើតាម​គ្នា។ ចុងក្រោយ អាជីវកម្ម​មួយចំនួន​ក៏​បរាជ័យ ដួលរលំ​ទៅវិញ។ ក្រុមអ្នកវិភាគ​សង្គម​សេដ្ឋកិច្ច​មួយចំនួន​បាន​ស្តីបន្ទោស​ទៅលើ​កង្វះខាត​របស់​អាជីវ​ករ​ខ្មែរ​ដែល​មិន​ចង់​ប្រើប្រាស់​សេវា​ផ្តល់​ប្រឹក្សា​អាជីវកម្ម។ តើ​ការប្រឹក្សា​អាជីវកម្ម​មាន​ប្រយោជន៍​យ៉ាងណាខ្លះ?

ភោជនីយដ្ឋាន​ទំនើបៗ​នៅ​ទីក្រុង​ភ្នំពេញ​ បំពាក់​ប្រព័ន្ធ​Internet​ ដើម្បី​ទាក់ទាញ​អតិថិជន
ភោជនីយដ្ឋាន​ទំនើបៗ​នៅ​ទីក្រុង​ភ្នំពេញ​ បំពាក់​ប្រព័ន្ធ​Internet​ ដើម្បី​ទាក់ទាញ​អតិថិជន © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កាលៈទេសៈ​ដែល​សេដ្ឋកិច្ច​កំពុង​រីកចម្រើន គេ​ឃើញ​អ្នកមាន​ធនធាន​ទ្រព្យសម្បត្តិ​បាន​ខិតខំ​បង្កើត​មុខរបរ ឬ​អាជីវកម្ម​ជាច្រើន​បន្តបន្ទាប់​គ្នា។ ហើយ​អ្វី​ដែលជា​លក្ខណៈ​រួម​ដែល​ធ្លាប់​កើតមាន​នៅ​កម្ពុជា​កន្លងមក​នោះ ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ គឺ​ការបង្កើត​អាជីវកម្ម ដូចៗគ្នា និង​តាម​គ្នា​យ៉ាង​គំហុក​ទៀតផង។ ហើយ​ចុងក្រោយ បាតុភូត​នេះ​តែងតែ​ចប់​ទៅវិញ​ដោយ​ការ​ក្ស័យ​ធុន អាជីវកម្ម​មិន​ដំណើរការ។ ចំពោះ​អាជីវកម្ម​ខ្លះ ការផ្គត់ផ្គង់​បាន​កើន​ហួស​តំរូវការ​ទៅទៀត។

ប្រភេទ​អាជីវកម្ម​ដែលជា​ពិសោធន៍​ជាក់ស្តែង​កន្លងមក​ ដែល​គេ​បានឃើញ​រួមមាន ការបើក​ភោជនីយដ្ឋាន ហាង​កាហ្វេ ការសាងសង់​ខុន​ដូ ការបង្កើត​សារព័ត៌មាន និង​ហាង​អ៊ី​ន​ថឺ​នែ​ត ជាដើម ។ល។

នៅក្នុង​សង្គម​សេដ្ឋកិច្ច​ទីផ្សារសេរី ការបង្កើត​ការផ្គត់ផ្គង់​ច្រើន វា​ជាការ​បង្កើត​ជំរើស​ច្រើន​ដល់​អតិថិជន ហើយ​ថា​នេះ ជា​ចំនុច​ល្អ​សម្រាប់​អតិថិជន។ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា បន្ទាប់ពី​ការរីក​ស្គុះស្គាយ គ្រប់​ទីកន្លែង​ដូច​ផ្សិត​នូវ​មុខរបរ​អាជីវក​ម្ម​មួយចំនួន​នោះ បន្តិចក្រោយមក គេ​ក៏​ឃើញ​​អាជីវកម្ម​ទាំង​នោះបាន​បិទទ្វារ​​ជា​បន្តបន្ទាប់​ទៅវិញ​ដែរ។

អ្នកតាមដាន​សង្គម​សេដ្ឋកិច្ចកម្ពុជា​បាន​មើលឃើញ​ភាព​ចន្លោះប្រហោង​សំខាន់​មួយ​របស់​ក្រុមអាជីវករ។ នោះ​គឺ​ការខ្វះខាត​ការប្រឹក្សា​ផ្នែក​អាជីវកម្ម។ ហេតុអ្វី​បានជា​សហគ្រិន មួយចំនួន​​មិនបាន​ប្រើប្រាស់​សេវា​ប្រឹក្សា​អាជីវកម្ម?

ទី១ រហូតដល់​ពេលនេះ អាជីវកម្ម​នៅ​កម្ពុជា​មួយចំនួនធំ បាន​ដំណើរការ​ជា​លក្ខណៈ​គ្រួសារ ដែល​ការពិភាក្សា​អំពី​អាជីវកម្ម ត្រូវ​ប្រព្រឹត្ត​ទៅ​នៅក្នុង​រង្វង់​គ្រួសារ​តែប៉ុណ្ណោះ។ ដូច្នេះ គ្មានទេ ទម្លាប់​រក​សេវា​ប្រឹក្សា​ខាងក្រៅ។ ទី២ គឺ​ការមិនទុកចិត្ត មិន​ជឿជាក់​លើ​សេវា​ប្រឹក្សា​នេះឯង ហើយ​ជាងនេះទៅទៀត សេវា​ប្រឹក្សា​អាជីវកម្ម​មានតម្លៃ​ខ្ពស់។ និង​ទី៣ ប្រសិនបើ​អ្នកខ្លះ យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការសិក្សា​ទីផ្សារ ឬ​គម្រោង​មេ​នៃ​ការបើក​អា​ជីក​ម្ម​នោះ ពួកគេ​បាន​សម្រេចចិត្ត​ចំណាយ​ពេលធ្វើ​ខ្លួនឯង​តែម្តង។ ប៉ុន្តែ ការសិក្សា​ខ្លួនឯង​បែបនេះ វា​មាន​លក្ខណៈ​ចង្អៀត និង​អាច​ទទួល​ព័ត៌មាន​មិនបាន​ត្រឹមត្រូវ​ពី​ទីផ្សារ។

និយាយ​យ៉ាង​ដូច្នេះ មិនមែន​ថា សេវា​ផ្តល់​ប្រឹក្សា​អាជីវកម្ម​នឹង​ធ្វើអោយ​អាជីវកម្ម​មួយ​ដឹង​តែ​បានទទួល​ជ័យ​ជំ​នះ​រ​ហូត បើទោះជា​មានការ​ប្រកួត​ប្រជែង​ខ្លាំង​យ៉ាងណាក៏ដោយ​នោះទេ។ ប៉ុន្តែ​ថា ប្រសិនបើ​មាន​អ្នក​ប្រឹក្សា​អាជីវកម្ម អ្នក​ប្រឹក្សា​អាច​ផ្តល់ព័ត៌មាន​បាន​ទូលំទូលាយ អាច​ផ្តល់​ជំរើស​ច្រើន​ក្នុង​ការធ្វើ​អាជីវកម្ម អាច​ផ្តល់ព័ត៌មាន​ពិត និង​ត្រឹម​ត្រូវបាន​ច្រើន ចំនុចខ្លាំង ចំនុចខ្សោយ ការគ្រប់គ្រង​បុគ្គលិក ការគ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ស្ថានភាព​ទីផ្សារ និង​ចុងក្រោយ​នោះ អ្នក​ប្រឹក្សា​ក៏​អាច​ផ្តល់​ដំបូន្មាន​មិនអោយ​​​ប្រកប​អាជីវកម្ម​មួយ​ដែល​កំពុង​កើន​ច្រើន​ជ្រុល​ហើយ ក៏មានដែរ។

និយាយ​សរុប​មកវិញ អ្នក​ប្រឹក្សា​អាជីវកម្ម​អាចធ្វើអោយ សហគ្រិន ឬ​អ្នក​ចង់​បង្កើត​អាជីវកម្ម​មួយ មាន​សេចក្តីសម្រេចចិត្ត​ច្បាស់​ជាង ថា​គួរ​បើក​អាជីវកម្ម ឬ​មិនគួរ​បើក ដោយ​ឈរលើ​មូលដ្ឋាន​ព័ត៌មាន​ដែល​ត្រូវបាន​សិក្សា​ដោយ​អ្នក​ប្រឹក្សា​អាជីវកម្ម។ តាមរយៈ​ការប្រឹក្សា​ផ្នែក​អាជីវកម្ម​​នេះហើយ ដែល​វា​ធ្វើអោយ​ភាព​ប្រថុយប្រថាន​នៅក្នុង​អាជីវកម្ម​មាន​ទំហំ​កាន់តែ​តូច និង​កម្រិត​នៃ​ការ​ក្ស័យ​ធុន​បាន​ចុះ​ទាប​នោះ។

ម្យ៉ាងវិញទៀត ប្រសិនបើ អ្នក​ចង់​ប្រកប​អាជីវកម្ម​មានគំនិត​ចង់រក​សេវា​ប្រឹក្សា មុន​បើក​អាជីវកម្ម​នោះ អ្នកជំនាញ​សេដ្ឋកិច្ច​ក៏បានផ្តល់​ដំបូន្មាន អោយ​ពួកគេ​រក​អ្នក​ប្រឹក្សា​ណា ដែលមាន​ជំនាញ​ផ្នែក​អាជីវកម្ម​ដែល​ពួកគេ​ចង់​ប្រតិបត្តិការ​ដែរ។ មិនមែន​មានន័យថា អ្នក​ប្រឹក្សា​អាជីវក​ម្មណា ក៏​អាច​ផ្តល់​ប្រឹក្សា​លើ​គ្រប់​ប្រភេទ​អាជីវកម្ម​នោះទេ។
 

ទោះយ៉ាងណា​ក៏ដោយ អ្នកតាមដាន​សង្គម​សេដ្ឋកិច្ចកម្ពុជា​បាន​មើលឃើញ​អំពី​ការផ្លាស់ប្តូរ​បន្តិច​ហើយ នៅពេលនេះ។ ផ្លាស់ប្តូរ​ពី​ទម្លាប់​ដែល​បើក​អាជីវកម្ម​ទាំង​ការ​ផ្សងព្រេង មកជា​ការប្រើប្រាស់​ការ​សិក្សា​មុន​បើក​អាជីវកម្ម។ ហើយ​ថា​ការផ្លាស់ប្តូរ​នេះ ត្រូវបាន​ជំរុញ​ដោយ បរិយាកាស​នៃ​ការប្រកួតប្រជែង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ដែល​កាន់តែ​តឹងតែង និង​ការ​ហក់​ចូលក្នុង​ទីផ្សារ​ពាណិជ្ជកម្ម​ពី​បណ្តា​ក្រុមយុវជន ឬ​ក្មេងជំនាន់ក្រោយ ដែលមាន​គំនិត​អាជីវកម្ម​ជឿនលឿន។

ប៉ុន្តែ អ្នកជំនាញ​សេដ្ឋកិច្ច​ក៏​នៅតែ​លើកទឹកចិត្ត​អោយ​អ្នកជំនួញ​វ័យក្មេង​ប្រើប្រាស់​ការសិក្សា​ទីផ្សារ ឬ​ការប្រើប្រាស់​សេវា​ប្រឹក្សា​អោយបាន​ច្រើន មុននឹង​ការបើក​អាជីវកម្ម​ដដែល។ អ្នកសេដ្ឋកិច្ច​បាន​ពន្យល់​ថា ថ្វី​ដ្បិត​សហគ្រិន​វ័យក្មេង​មានចំណេះដឹង​ច្រើន​អំពី​ការធ្វើ​អាជីវកម្ម​មែន ប៉ុន្តែ​ពួកគេ​នៅតែ​មិនអាច​យល់ដឹង​គ្រប់​បញ្ហា​ទាំងអស់​តែម្នាក់ឯង​នៅក្នុង​អាជីវកម្ម​មួយ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ