អានតួអត្ថបទ
ថៃ

តុលាការធម្មនុញ្ញ​ថៃ​​អាចនឹង​ហូតតំណែង​នាយក​រដ្ឋមន្ត្រី​យីងឡាក់​ ថ្ងៃពុធ​ស្អែក​

នៅថ្ងៃ​អង្គារ​នេះ តុលាការ​ធម្មនុញ្ញ​ថៃ​បាន​ប្រកាស​ថា ​តុលាការ​អាច​នឹង​ហូត​តំណែង​នាយក​រដ្ឋមន្ត្រី​​យីងឡាក់ ​​នៅថ្ងៃ​ពុធ​ស្អែក​នេះ​។ នាយករដ្ឋមន្ត្រី​ថៃ​​​ជាប់​ចោទ​​ពីបទ​រំលោភអំណាច។ នៅថ្ងៃ​​អង្គារ​ដែរ​នេះ នាយករដ្ឋមន្ត្រី​ថៃ​បាន​ចូលខ្លួន​​ទៅ​​​តុលាការ​ធម្មនុញ្ញ។ ​លោកស្រី​​យីងឡាក់​ ដែល​​​ប្រឈម​នឹង​ចលនា​តវ៉ា​​ប្រឆាំង​រដ្ឋាភិបាល​៦ខែ​មកនេះ បាន​បដិសេធ​​​​​ថា លោកស្រី​​​មិនបាន​បំពាន​អំណាច​​ទេ។​

នាយករដ្ឋមន្ត្រី​ថៃ​ យីងឡាក់
នាយករដ្ឋមន្ត្រី​ថៃ​ យីងឡាក់ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

នៅប្រទេស​ថៃ ​​តុលាការ​ធម្មនុញ្ញ​ថៃ​អាច​នឹង​ហូត​តំណែង​នាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស្ហ៊ីណាវ៉ាត្រា ​ថ្ងៃ​ពុធ​ស្អែក អោយ​លែង​អោយ​គ្រប់គ្រង​ប្រទេស​តទៅទៀត។ ​នេះបើ​យោងតាម​​ ​លោក ឆារូន អ៊ីនតាចាន់ ជា​ប្រធាន​តុលាការ​ធម្មនុញ្ញថៃ ប្រាប់​អោយ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ។ លោកស្រី​យីងឡាក់ ជាប់​ចោទពីបទ​បំពាន​អំណាច ដកហូត​តំណែង​​អតីត​មេដឹកនាំ​​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​មួយរូប ​ក្រោយពេល​បក្ស​ភឿថៃ​ឡើង​កាន់កាប់ប្រទេស​ ក្នុង​ឆ្នាំ​២០១១។ សមាជិក​ព្រឹទ្ធសភា​ថៃ​មួយក្រុម​បាន​ដាក់ពាក្យប្តឹង​​​ពី​រឿងរ៉ាវ​ដកតំណែង​នេះ ដោយ​ចោទ​លោកស្រី​ យីងឡាក់​ថា ដកតំណែង​មន្ត្រី​រាជការ​រូបនោះ ដើម្បីបំពេញ​ប្រយោជន៍​បក្ស​កាន់​អំណាច។

នៅថ្ងៃ​អង្គារ​នេះ នាយករដ្ឋមន្ត្រីថៃ​បាន​ប្រកាស​​ការពារ​ខ្លួន​ថា មិនបាន​បំពាន​អំណាច​នោះទេ និង​បាន​លើកឡើង​ថា ការ​ដក​តំណែង​​មេដឹកនាំ​​ក្រុមប្រឹក្សា​សន្តិសុខជាតិ​រូបនោះ គឺ​ដើម្បី​ផលប្រយោជន៍​​ជាតិ​ប៉ុណ្ណោះ។ គួរបញ្ជាក់​ដែរថា​ ក្រៅពី​រឿងរ៉ាវ​ដកតំណែង​នេះ លោកស្រី​យីងឡាក់​​ក៏​កំពុង​ជាប់​ចោទ​ថា ធ្វេស​ប្រហែស​ក្នុង​រឿង​រដ្ឋ​ទិញ​ស្រូវ​ជួយ​កសិករ​ផងដែរ។ សំណុំ​រឿងនេះ​ក៏​អាច​ទំលាក់​លោកស្រី​យីងឡាក់ ពី​អំណាច​​ដែរ។

ចារុពុង​ រ័ង​ស៊ូវ៉ាន់ ជា​មេដឹកនាំ​បក្សកាន់អំណាចថៃ​ បាន​លើកឡើង​ថា ​​ប្រសិន​បើ​​តុលាការ​ធម្មនុញ្ញ​ថៃ​ដក​តំណែង​លោកស្រី​យីងឡាក់ នោះ​ថៃ​នឹង​រង​ភាពចលាចល។ ​ថៃ​បាន​រំលាយ​សភា​ចោល​​ កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៣។ ដូច្នេះ ពេលនេះ ​ការ​ដកតំណែង​នាយក​រដ្ឋមន្ត្រី​​ អាច​ធ្វើ​អោយ​ថៃ​កាន់តែ​ដុនដាប ព្រោះ​ថា គ្មាន​សភា គឺ​មិនអាច​អោយ​ថៃ​តែងតាំង​​​នាយករដ្ឋមន្ត្រី​ថ្មីបានទេ។

គណៈ​កម្មការ​បោះឆ្នោត​បាន​ប្រកាស​ការ​រៀបចំ​​ការ​បោះឆ្នោត​សភា​ជាថ្មី ​នៅថ្ងៃ​​២០កក្កដា ខាងមុខ​នេះ។ ប៉ុន្តែ ​​ប្រធាន​បក្ស​ប្រឆាំង​​​មិនបាន​គាំទ្រ​​ការបោះឆ្នោត​ថ្មី​នេះទេ។ ​បក្ស​ប្រឆាំង​ថៃ​​ចង់អោយ​​​មាន​ផ្នែក​រដ្ឋបាល​ស្តីទី​មួយ​ដើម្បី​ពិនិត្យ​កំណែទម្រង់​ មុន​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាថ្មី។ បក្ស​ប្រឆាំង​ថៃ​ចង់អោយ​ថៃ​រៀបចំ​ការបោះឆ្នោត​សភា​ ក្នុង​៦ខែ​ខាងមុខ៕
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ