អានតួអត្ថបទ
ថៃ

តុលាការ​ធម្មនុញ្ញថៃ​ទុកពេល​អោយ​លោកស្រី​យីងឡាក់​ ដល់ថ្ងៃ​២ឧសភា​ ដើម្បី​ឡើង​ការពារ​ខ្លួន​

នៅ​ថៃ​ ថ្ងៃពុធ​នេះ តុលាការ​ធម្មនុញ្ញ​​​បាន​យល់ព្រម​ទុកពេលរហូត​ដល់​ថ្ងៃ​២ឧសភា​ ដើម្បី​​អោយ​​នាយករដ្ឋមន្ត្រី​យីងឡាក់ ឡើង​ការពារ​ខ្លួន​​ក្នុង​​សំណុំរឿង​​​​​ប្តូរតំណែង​អតីត​មេដឹកនាំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​មួយរូប កាលពី​​ឆ្នាំ២០១១ ក្រោយពេល​ដែល​បក្ស​ភឿថៃ​ឡើង​កាន់​អំណាច។ ​​​​​សំណុំរឿង​នេះ​អាច​អោយ​លោកស្រី​​យីងឡាក់ ធ្លាក់ពី​តំណែង​បាន។ ដោយឡែក ​តុលាការ​មិនបាន​ប្រាប់​ថា តើ​នឹង​ធ្វើសេចក្តី​វិនិច្ឆ័យ​ទោស​នៅថ្ងៃ​ណា​ពិតប្រាកដ​ទេ។

នាយករដ្ឋមន្ត្រីថៃ Yingluck Shinawatra
នាយករដ្ឋមន្ត្រីថៃ Yingluck Shinawatra REUTERS
ផ្សាយពាណិជ្ជកម្ម

យោងតាម​តុលាការ​ធម្មនុញ្ញថៃ លោកស្រីយីងឡាក់​មានពេល​រហូត​ដល់​ថ្ងៃ​២ឧសភា​​ខាងមុខ ដើម្បីឡើង​ការពារ​ខ្លួននៅ​តុលាការ​ បង្ហាញ​ពី​ហេតុផល​​​​ទាក់ទង​នឹង​ការ​ដកហូត​តំណែង​​មន្ត្រី​រាជការ​មួយរូប​ ​កាលពី​ឆ្នាំ​២០១១។ គឺ​ជា​ការ​ដកតំណែង​​លោក​ ថាវីល ភ្លីអិនស្រ៊ី ជា​មេដឹកនាំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិថៃ ដោយ​ផ្លាស់​រូបលោក​អោយទៅ​កាន់​ការងារ​​មួយ​ផ្សេងទៀត ដែល​លោក​មិនបាន​បញ្ចេញ​សកម្មភាពអ្វី​ទាល់តែសោះ។

ដោយសារ​រឿងនេះ សមាជិក​ព្រឹទ្ធសភា​មួយក្រុម​បានដាក់ពាក្យប្តឹង​ទៅ​តុលាការ​ធម្មនុញ្ញ ដោយ​ចោទ​ថា ការ​ដែល​​លោកស្រី​យីងឡាក់​ដកតំណែង​​លោក​ភ្លីអិនស្រ៊ី គឺ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ទាំងស្រុង។ ការដកតំណែង​នេះ ធ្វើឡើង​ក្រោយពេលបក្សភឿថៃ ឡើង​កាន់​អំណាច​​ក្នុង​ឆ្នាំ​២០១១។ ក្នុង​សំណុំរឿង​នេះ ​សមាជិក​ព្រឹទ្ធសភា​ទាំងនោះ​ ​បាន​ចោទថា ​ការ​ដកតំណែង​នេះ​​​គឺ​ធ្វើឡើង​​​ដើម្បី​​ផល​ប្រយោជន៍​របស់​​​បក្ស​ កាន់អំណាច។ សំណុំរឿង​នេះ​ ​​អាច​នាំអោយ​នាយករដ្ឋមន្ត្រី​យីងឡាក់ ​ធ្លាក់ពីតំណែង​នាយករដ្ឋមន្ត្រីបាន។

តុលាការ​ធម្មនុញ្ញ​បន្ថែម​ថា លោកស្រី​យីងឡាក់បាន​សុំអោយ​តុលាការទុកពេល​អោយ។ ហើយ​សាក្សី​ផ្សេងទៀត ក្នុង​សំណុំ​រឿងនេះ ​នឹង​ត្រូវ​ឡើង​​តុលាការ នៅ​ថ្ងៃ​៦ឧសភា។ ​​គួររំលឹក​ដែរថា ក្រៅពី​សំណុំរឿង​ផ្លាស់ប្តូរ​តំណែង​មន្ត្រីរាជការ​នេះ​ លោកស្រី​យីងឡាក់​ក៏ត្រូវ​រងការចោទ​ប្រកាន់​ផ្លូវច្បាប់​​ពីបទធ្វេស​ប្រហែស​ ក្នុង​រឿង​ទិញស្រូវអង្ករ​ជួយ​កសិករ។ ជា​សំណុំរឿង​​ ​អាច​អោយ​នាយករដ្ឋមន្ត្រី​ថៃ​ធ្លាក់ពីតំណែង​ផងដែរ។

ក្រុមអាវក្រហម​ថៃ​ដែល​​គាំទ្រ​រដ្ឋាភិបាល​ តែង​បរិហារ​​​ថា សំណុំរឿង​ទាំងអស់​នេះ​ គឺ​ជា​ការព្យាយាម​ធ្វើរដ្ឋប្រហារ​​​ផ្លូវច្បាប់​ ប្រឆាំង​លោកស្រី​យីងឡាក់។ ក្រុមអាវក្រហម​​សន្យា​ថា នឹង​ចុះ​ធ្វើបាតុកម្ម​គាំទ្រ​រដ្ឋាភិបាល។ ជិត​៦ខែ​មកនេះ ​​នាយករដ្ឋមន្ត្រី​យីងឡាក់​​ប្រឈម​នឹង​សកម្មជន​​​ប្រឆាំង​រដ្ឋាភិបាល​ ​ដែល​បាន​​​​​​ទាមទារ​អោយ​លោកស្រី​ចុះ​ពី​​តំណែង។ អំពើ​ហិង្សា​ក្នុងបាតុកម្ម​​ច្រើនខែ​មកនេះ ​បានសម្លាប់​មនុស្ស​២៥នាក់ និងបង្ក​អោយ​​របួស​រាប់រយនាក់។

នៅ​រសៀល​ថ្ងៃពុធ​នេះ សកម្មជន​​គាំទ្រ​រដ្ឋាភិបាល​មួយរូប ត្រូវ​បាន​​គេ​សម្លាប់​ នៅ​មុខ​​អាហារដ្ឋាន​​មួយកន្លែង នៅ​ក្រុងបាងកក។ សកម្មជន​រូបនោះ ​ជា​អ្នក​ប្រឆាំងនឹង​​ច្បាប់​​​ទាក់ទង​​ការ​ប្រមាថ​ព្រះមហាក្សត្រ​ថៃ។ ​​​ប៉ូលិស​មិនដឹង​ថា តើ​ឃាតកម្ម​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ ​រឺ​យ៉ាងណា​ទេ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ