អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​ពេល​ណា​កសិករ​ខ្មែរ​ក្លាយ​ជា​«សេដ្ឋី​ស្រុក​ស្រែ»?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មជ្ឈ​មណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​ហៅ​កាត់​ថា​ CEDAC ​មាន​ផែន​ការ​ប្រកប​ដោយ​មហិច្ឆតា​មួយ​ដោយ​ចង់​ឲ្យ​កសិករ​ខ្មែរ​ក្លាយ​ជា​សេដ្ឋី​ស្រុក​ស្រែ​នៅ​ឆ្នាំ​ ២០២២។​ ផែន​ការ​នេះ​ស្តាប់​ទៅ​អាច​ឲ្យ​អ្នក​ខ្លះ​អស់​សំណើច​ ប៉ុន្តែ​ វា​ជា​គំនិត​វិជ្ជមាន​មួយ​ដែល​គួរ​ទទួល​បាន​ការ​គាំទ្រ​និង​ជំរុញ​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ។ ​ពាក្យ​ថា​«សេដ្ឋី​ស្រុក​ស្រែ»​តាម​ន័យ​របស់​សេដាក​គឺ​សំដៅ​ទៅ​លើ​កសិករ​ដែល​មាន​ជីវភាព​ធូរធារ​និង​អាច​ម្ចាស់​ការ​លើ​ខ្លួន​ឯង​បាន។ ​ផែន​ការ​នេះ​មិន​មែន​ហួស​ហេតុ​ទេ ​តែ​វា​ជា​មហិច្ចតា​សមស្រប​ដែល​អាច​សម្រេច​បាន​ប្រសិន​បើ​មាន​ការ​គាំទ្រ​និង​ការ​ចូលរួម​ពី​ភាគី​ពាក់​ព័ន្ធ​នានា។ ​ប៉ុន្តែ ​តើ​ពេល​ណា​ទើប​កសិករ​ខ្មែរ​ក្លាយ​ជា​សេដ្ឋី​ស្រុក​ស្រែ?

ប្រជាកសិករ​​កំពុង​តែ​នាំ​គ្នា​ស្ទូង​នៅ​លើ​ដីស្រែ​របស់​ពួក​គេ។​
ប្រជាកសិករ​​កំពុង​តែ​នាំ​គ្នា​ស្ទូង​នៅ​លើ​ដីស្រែ​របស់​ពួក​គេ។​ © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

វិស័យ​កសិកម្ម​គឺជា​សរសរ​ទ្រូង​មួយ​ក្នុងចំណោម​សរសរ​ទ្រូង៤ដែល​ទ្រង់​សេដ្ឋកិច្ចជាតិ​កម្ពុជា​។ កសិកម្ម​ក៏​ជា​វិស័យ​មួយ​ដែលមាន​ស្ថិរភាព​ជាងគេ​ដែរ​បើ​ធៀប​នឹង​វិស័យ​៣ផ្សេង​ទៀត​​គឺ វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍ ដែលជា​ទូទៅ​ងាយ​ប្រឈម​នឹង​ហា​នី​ភ័យ​ជាង​។ ម្យ៉ាងទៀត​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៨០ ភាគរយ​រស់នៅ​ទីជនបទ​ដែល​ពឹងផ្អែក​យ៉ាង​ខ្លាំង​​ទៅលើ​ការងារ​កសិកម្ម។

យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម បច្ចុប្បន្ន កម្ពុ​ជាមាន​ផ្ទៃដី​កសិកម្ម​សរុប​ជាង ៥,៥ លាន​ហិកតា​ក្នុងនោះ​ផ្ទៃដី​ដាំ​ស្រូវ​មាន​ជាង៣លាន​ហិកតា​និង​ផ្ទៃដី​សម្រាប់​ដំណាំ​រួមផ្សំ​មាន​ជាង​មួយ​លាន​ហិកតា។ ក្រៅពី​ធានា​សន្តិសុខ​ស្បៀង វិស័យ​កសិកម្ម​ក៏បាន​នាំ​ចំណូល​ជូន​រដ្ឋ​យ៉ាងច្រើន​ផងដែរ​តាមរយៈ​ការនាំចេញ។ ប៉ុន្តែ វិស័យ​ជា​គន្លឹះ​នេះ​បែរជា​បានទទួល​ការវិនិយោគ​តិចតួច​និង​មានការ​អភិវឌ្ឍ​យឺតយ៉ាវ​យ៉ាងខ្លាំង​នៅឡើយ។

ជាការ​ពិតណាស់ ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច​កម្ពុជា​ដែល​ពលរដ្ឋ​ភាគច្រើន​លើសលប់​រស់នៅ​ទីជនបទ​មានតែ​វិស័យ​កសិកម្ម​ទេ​ដែលជា​ទីពឹង​ដ៏​កក់ក្តៅ​បាន។ និយាយ​ពី​កសិកម្ម គេ​មិន​អាច​មិន​និយាយ​ពី​ធនធានទឹក​បានទេ។ ជាក់ស្តែង ប្រសិនបើ​គេ​ធ្វើដំណើរ​ពី​កម្ពុជា​ទៅ​វៀត​ណាម​ឬក៏​ថៃ គេ​អាច​មើលឃើញ​យ៉ាងច្បាស់​ពី​ភាពខុសគ្នា​នៃ​ទីជនបទ​កម្ពុជា​និង​ប្រទេស​ជិត​ខាង​ទាំងនោះ។

គ្រាន់តែ​ឆ្លង​ព្រំដែន​ភា្ល​ម ភាព​ហួតហែង​ដែល​មាននៅ​ខាង​កម្ពុជា​ត្រូវបាន​ជំនួស​ដោយ​ធម្ម​ជាតិ​ខៀវស្រងាត់​នៅក្នុង​ប្រទេសជិតខាង​ទាំងនោះ។ ដោយសារ​កង្វះ​ទឹក កសិករ​ខ្មែរ​ភាគ​ច្រើន​បាន​ទុក​ដី​ឲ្យ​ទំនេរ​ចោល​ពេញ​មួយ​រដូវប្រាំង​ក្នុង​សភាព​ហួតហែង។ នៅ​តំបន់​ខ្លះ កុំ​ថា​ឡើយ​ដល់​ទៅ​ទឹក​សម្រាប់​ធ្វើស្រែ សូម្បីតែ​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ក៏​ខ្វះខាត​ដែរ។

ក្រៅពី​ទឹក តំបន់​ជនបទ​កម្ពុជា​ក៏​នៅ​ខ្វះខាត​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ជាច្រើន​ទៀត​ដែរ​ដូចជា​ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។ រីឯ​សហគ្រាស​ខាត​តូច​និង​មធ្យម​ដែល​អាច​ផ្តល់​ការ​ងារ​ជូន​ប្រជាពលរដ្ឋ​នោះ ក៏​ច្រើនតែ​ប្រមូលផ្តុំ​គ្នា​នៅក្នុង​ទីប្រជុំជន​និង​ទីក្រុងធំៗតែប៉ុណ្ណោះ។ ប្រសិនបើ​ចង់​បន្ត​ការសិក្សា​ទៅ​ថ្នាក់ខ្ពស់​ឬ​ចង់បាន​ការងារ​ធ្វើ​អ្នក​ជនបទ​ចាំបាច់​ត្រូវ​ឡើងមក​ទីក្រុង។

ពិតណាស់ថា រដ្ឋាភិបាល​បានចាត់ទុក​នយោបាយ​ទឹក​ជា​អាទិភាព​មួយ​ក្នុង​ការដឹកនាំ​របស់​ខ្លួន។ ការបង្កើត​ក្រសួង​ធនធានទឹក​និង​កិច្ចខិតខំ​ប្រឹងប្រែង​មួយចំនួន​របស់​ក្រសួង​នេះ​គឺជា​ឧទាហរណ៍​ជាក់ស្តែង។ ប៉ុន្តែ ការធានា​ឲ្យ​មានទឹក​ខួបប្រាំងខួបវស្សា​ក្នុង​តំបន់​ជនបទ​ទាំង​មូល​​ស្ថិតនៅ​ឆ្ងាយ​ពី​ការរំពឹងទុក​នៅឡើយ។ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​បង្កើន​ថវិកា​ឲ្យ​បាន​ច្រើន​ដល់​វិស័យ​កសិកម្ម​និង​ត្រូវ​ទាក់ទាញ​គម្រោង​វិនិយោគធំៗក្នុង​វិស័យនេះ​បន្ថែមទៀត។

នៅ​កម្ពុជា​បច្ចុប្បន្ន ការអភិវឌ្ឍ​ខ្លាំង​កើត​មានតែ​នៅក្នុង​តំបន់​ដែលមាន​មនុស្ស​តិច​ដូចជា​ទីក្រុង​​និង​ទីប្រជុំជនធំ។ ប៉ុន្តែ តំបន់​ជនបទ​ដែលមាន​ប្រជាជន​ភាគច្រើន​រស់នៅ​បែរជា​មាន​ការ​អភិវឌ្ឍ​តិចតួច​និង​យឺតយ៉ាវ​យ៉ាងខ្លាំង​ទៅវិញ។ ការអភិវឌ្ឍ​ដែល​ខ្វះ​តុល្យភាព​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ពិបាក​ចាក​ចេញពី​ភាពក្រីក្រ។ ទំនងជា​មើលឃើញ​បញ្ហា​នេះហើយ​បានជា​អង្គការ​សេ​ដាក​ដែល​ដឹកនាំ​ដោយ​អ្នកជំនាញ​កសិកម្ម​ដាក់​ចេញ​នូវ​ផែនការ​ប្រកប​ដោយ​ម​ហិ​ច្ច​តា​ថា កសិករ​ខ្មែរ​គួរតែ​ក្លាយជា«សេដ្ឋី​ស្រុកស្រែ»នៅ​ឆ្នាំ ២០២។

តាមន័យ​របស់​សេ​ដាក សេដ្ឋី​ស្រុកស្រែ​គឺមាន​ន័យ​ត្រឹម​ថា កសិករ​ដែលមាន​ជីវភាព​ធូរធា​និង​អាចធ្វើ​ម្ចាស់​លើ​ខ្លួនឯងបាន។ ផែនការ​នេះ​ពិតជា​សមស្រប​ទៅនឹង​ស្ថានភាព​ប្រទេសជាតិ ហើយ​​វា អាច​សម្រេចបាន​ប្រសិនបើ​មានការ​គាំទ្រ​និង​ចូលរួម ជាពិសេស​ការគាំទ្រ​ពី​ក្រសួង​កសិកម្ម​តែម្តង។ មិន​ត្រឹមតែ​គាំទ្រ​ទេ តាមពិតទៅ​ក្រសួងកសិកម្ម​គួរតែ​ជំរុញ​ផែនការ​នេះ​ឲ្យ​ទៅជា​គោលនយោបាយ​ជាតិ​តែម្តង​ហើយ​គួរ​ធ្វើ​សកម្មភាព​ឲ្យ​បាន​ខ្លាំងក្លា​បំផុត។

ប្រសិនបើ​ផែនការ​នេះ​សម្រេចបាន​មែន បញ្ហា​ជាច្រើន​នឹង​ត្រូវបាន​ដោះស្រាយ​ដូចជា ភាព​ក្រីក្រ ចំណាកស្រុក និង​ការកាត់បន្ថយ​គម្លាតរ​វាង​ទីក្រុង​និង​ជនបទ​ជាដើម។ បញ្ហា​ដី ទឹក ពូជ ជី និង​បច្ចេកទេស​កសិកម្ម គឺជា​គន្លឹះ​ដែល​ត្រូវ​ដោះស្រាយ។ តើ​ពេលណា​ទើប​កសិករ​ខ្មែរ​ក្លាយជា«សេដ្ឋី​ស្រុកស្រែ»? សំណួរ​នេះ​ហាក់​ពិបាក​រក​ចម្លើយ ប៉ុន្តែ យូរ​ឬ​ឆាប់​វា​អា​ស្រ័យ​​​ទាំងស្រុង​ទៅនឹង​ឆន្ទៈ​និង​សមត្ថភាព​របស់​ក្រសួងកសិកម្ម​និង​ភាគី​ពាក់ព័ន្ធ​ទាំង​ឡាយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ