អានតួអត្ថបទ
ជប៉ុន-អាមេរិក

លោកអ៊ីតស៊ូណូរី អូណូដឺរ៉ា៖ក្រោយ​ការកែប្រែ​រដ្ឋធម្មនុញ្ញ ជប៉ុន​អាច​ជួយ​ការពារ​នាវាចម្បំាង​អាមេរិក​ដែល​រង​ការ​វាយប្រហារ

លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​អ៊ីតស៊ូណូរី អូណូដឺរ៉ា (Itsunori Onodera) បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី១១ កក្កដា​ថា ការ​ដែល​ជប៉ុន​ត្រៀម​ខ្លួន​ធ្វើ​ការ​សើរើ​ឡើង​វិញ​នូវ​ច្បាប់​រដ្ឋធម្មនុញ្ញសន្តិភាព​និយម​នឹង​អនុញ្ញាត​ឲ្យ​ទាហាន​ជប៉ុន​អាច​ចូលរួម​ជួយ​ការពារ​នាវាចម្បំាង​អាមេរិក​ដែល​ទទួល​រងការ​វាយប្រហារ។ លោក​ប្រមុខ​ការពារជាតិ​ជប៉ុន​បាន​ថ្លែង​យ៉ាង​ដូច​នេះ​ប្រាប់​លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ឆាក់ ហាហ្គែល (Chuck Hagel) ក្នុង​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក Chuck Hagel (រូបឆ្វេង) និង​លោក​រដ្ឋមន្រ្តី​ការពារជាតិ​ជប៉ុន Itsunori Onodera
លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក Chuck Hagel (រូបឆ្វេង) និង​លោក​រដ្ឋមន្រ្តី​ការពារជាតិ​ជប៉ុន Itsunori Onodera REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

គឺ​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ដែល​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​អ៊ីតស៊ូណូរី អូណូដឺរ៉ា (Itsunori Onodera) បាន​ឆ្លៀត​រម្លឹក​ជា​ថ្មី​ពី​សេចក្តីសម្រេចចិត្ត​ជា​ប្រវត្តិសាស្រ្ត​របស់​រដ្ឋាភិបាល​ក្រុង​តូក្យូ​ក្នុង​ការ​ពិនិត្យមើល​ឡើង​វិញ​នូវ​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស។ គឺ​ជា​ច្បាប់​រដ្ឋធម្មនុញ្ញ​សន្តិភាពនិយម​ដែល​ជប៉ុន​បាន​អនុវត្ត​តំាង​ពី​ឆ្នំា ១៩៤៧ ពោល​តំាង​ពី​ក្រោយ​សម័យ​សង្រ្គាមលោក​លើកទី២​មក​ម្ល៉េះ។ សម្រាប់​លោក​ប្រមុខ​ការពារជាតិ​​ជប៉ុន នៅ​ពេល​ដែល​ជប៉ុន​បាន​ធ្វើ​ការ​កែប្រែ​ច្បាប់រដ្ឋធមុ្មនុញ្ញ​របស់​ខ្លួន​រួច​ហើយ នោះ​កងទ័ព​ជប៉ុន​នឹង​អាច​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​​យោធា​ក្រៅ​ប្រទេស​ជាមួយ​នឹង​សម្ព័ន្ធមិត្ត ឬ​មួយ​ក៏​អាច​ទៅ​ជួយ​ប្រទេស​សម្ព័ន្ធមិត្ត​ដែល​ទទួល​រង​ការ​វាយប្រហារ។

ថ្លែង​នៅ​ឯ​មជ្ឈមណ្ឌល​ផ្នែក​យុទ្ធសាស្រ្ត និង​សិក្សាអន្តរជាតិ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន លោក​ប្រមុខ​ការពារជាតិ​ជប៉ុន​អូណូដឺរ៉ា​បាន​លើក​ឧទាហរណ៍​មក​ពន្យល់​ថា ប្រសិន​បើ​មាន​នាវាចម្បំាង​អាមេរិកំាង​ដែល​កំពុង​ជួយ​ការពារ​ដែនដី​ជប៉ុន​សព្វថ្ងៃ​បាន​ទទួល​រង​ការ​វាយប្រហារ​ណា​មួយ​នោះ រដ្ឋធម្មនុញ្ញ​ជប៉ុន​បច្ចុប្បន្ន​មិន​បាន​អនុញ្ញាត​ឲ្យ​កងទ័ព​ជប៉ុន​ចូលរួម​ជួយ​ការពារ​នាវាចម្បំាង​អាមេរិក​នោះ​ទេ។ ដូច្នេះ​សម្រាប់​លោក​អូណូដឺរ៉ា ការ​សម្រេចចិត្ត​របស់​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស៊ីនហ្សូ អាបេ​ក្នុង​ការ​សើរើ​ច្បាប់រដ្ឋធម្មនុញ្ញ​ឡើង​វិញ​ដែល​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃទី១ កក្កដា គឺ​ជា​ការ​បើក​ផ្លូវ​ថ្មី​មួយ​នៅ​ក្នុង​ទំនាក់ទំនង​យោធា​រវាង​ជប៉ុន និង​សហរដ្ឋអាមេរិក។

ជា​ការ​ឆ្លើយ​តប​វិញ លោក​ប្រមុខ​ការពារជាតិ​អាមេរិក​ឆាក់ ហាហ្គែល (Chuck Hagel) បាន​បញ្ជាក់​ថា ការ​សម្រេចចិត្ត​របស់​ជប៉ុន គឺ​ការ​សម្រេចចិត្ត​ជា​ប្រវត្តិសាស្រ្ត និង​ពោរពេញ​ដោយ​ក្តី​ក្លាហាន និង​ថា វា​នឹង​អនុញ្ញាត​ឲ្យ​ជប៉ុន​អាច​បង្កើន​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​ជួយ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក ព្រម​ទំាង​អនុញ្ញាត​ឲ្យ​ជប៉ុន​អាច​ពង្រីក​តួនាទី​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​ទៀត​ផង។ តែ​សម្រាប់​ប្រទេស​ចិន​វិញ ទីក្រុង​ប៉េកំាង​បាន​សម្លឹង​មើល​ដោយ​កន្ទុយ​ភ្នែក​ចំពោះ​ការ​សម្រេច​ចិត្ត​​របស់​ជប៉ុន​ពេល​នេះ។ រីឯ​ប្រជាជន​ជប៉ុន​មួយ​ភាគ​ធំ​ក៏​មិន​សូវ​ជា​ត្រេត​ត្រអាល​ប៉ុន្មាន​ទេ ដោយ​ពួក​គេ​ចង់​បន្ត​រក្សា​ទុក​រដ្ឋធម្មនុញ្ញសន្តិភាពនិយម​​ដដែល។

គួរ​រម្លឹក​ជូន​ថា ទន្ទឹម​នឹង​ការ​ប្រកាស​ធ្វើ​កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​អាបេ​ក៏​បាន​ប្រកាស​ដំឡើង​ថវិកា​យោធា​ជា​លើកទី១ ក្នុង​គោលដៅ​ពង្រឹង​បន្ថែម​ប្រព័ន្ធ​ការពារ​មីស៊ីល​ប្រឆំាង​មីស៊ីល និង​បំពាក់​ឲ្យ​ស្ថាប័ន​កងទ័ព​នូវ​សម្ភារៈបរិក្ខារ​ទំនើបៗ ពិសេស​ទ័ព​ជើងទឹក​ដើម្បី​ការពារ​ទីប្រជុំកោះ​មួយ​ចំនួន​ដែល​ជប៉ុន​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ