អានតួអត្ថបទ
រុស្ស៊ី-ចិន

ទស្សនកិច្ច​លើក​ដំបូង​នៃ​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​របស់​រុស្ស៊ី​នៅ​ចិន

ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច លោក​នាយឧត្តមសេនីយផ្កាយ៤ Serguei Shoigou ដែល​ទើប​២សប្តាហ៍​មុន ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​របស់​រុស្ស៊ី បាន​ចូលរួម​ដោយ​ខ្លួន​គាត់​ផ្ទាល់​តែ​ម្តង ក្នុង ”កិច្ចប្រជុំ​លើកទី១៧​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​ចិន រុស្ស៊ី​ខាង​សហប្រតិបត្តិការ​យោធា បច្ចេកទេស ដ្បិត​ចិន​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី។ លោក​ប្រធានាធិបតី​ចិន Hu Jintao ពេល​ទទួល​ជួប​មេទ័ព​រុស្ស៊ី​នេះ បាន​វាយតម្លៃខ្ពស់​ដល់​ការ​ដែល​គាត់​ជ្រើស​យក​ចិន ជា​រដ្ឋបរទេសទី១​សម្រាប់​បំពេញ​ទស្សនកិច្ច។

លោក​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Serguei Shoigou
លោក​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Serguei Shoigou
ផ្សាយពាណិជ្ជកម្ម

ក្នុង​ជំនួប​នា​រសៀល​ថ្ងៃ២១ វិច្ឆិកា​ម្សិលមិញ​នៅ​ក្រុង​ប៉េកាំង លោក​ប្រមុខរដ្ឋ​ចិន Hu Jintao បាន​ថ្លែង​ទៅ​កាន់​លោក​នាយឧត្តមសេនីយផ្កាយ៤​រុស្ស៊ី Serguei Shoigou។ ក្រោយ​ពី​ត្រូវ​បាន​តែងតាំង​ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​ការពារជាតិ​រុស្ស៊ី លោក​បាន​សម្រេចចិត្ត​មក​ចូលរួម​ដោយ​រូប​លោក​ផ្ទាល់​តែ​ម្តង ក្នុង​កិច្ចប្រជុំ​លើកទី១៧​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​ចិន រុស្ស៊ី​ខាង​សហប្រតិបត្តិការ​យោធា បច្ចេកទេស ហេតុ​ដែល​ស​ឲ្យ​ឃើញ​​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក ព្រម​ទាំង​ពី​ខាង​ភាគី​រុស្ស៊ី​ជាទូទៅ មក​លើ​ការ​ពង្រីក​ទំនាក់ទំនង​រវាង​ចិន និង​រុស្ស៊ី ជា​ពិសេស​មក​លើ​សហប្រតិបត្តិការ​វិស័យ​យោធា បច្ចេកទេស​រវាង​ប្រទេស​ទាំង​ពីរ។ ភាគី​ចិន​សូម​ឲ្យ​តម្លៃ​ខ្ពស់​ដល់​គោលជំហរ​នេះ​របស់​រុស្ស៊ី។

លោក Hu Jintao កត់សម្គាល់​ថា ក្នុង​អំឡុង​ជាង​១០ឆ្នាំ​ប្លាយ​កន្លង​ទៅ ពោល​គឺ​តាំង​ពី​លោក​ប្រធានាធិបតី​ពូទីន​បាន​ឡើង​កាន់​អំណាច ជា​ប្រធានាធិបតី​រុស្ស៊ី​មក ទំនាក់ទំនង​រវាង​ចិន និង​រុស្ស៊ី និង​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​បាន​រីក​ផុសផុល​មិន​ធ្លាប់​មាន​ដូច។ ភាគី​ចិន​នឹង​ពុំ​ផ្លាស់​ប្តូរ​សោះឡើយ គោលការណ៍ និង​មុខព្រួញ​នៃ​ការអភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី សូម្បី​បើ​ស្ថានការណ៍​ក្នុង​លោក និង​នៅ​តាម​ប្រទេស​ឯទៀត​នឹង​ប្រែប្រួល​យ៉ាង​ណា​ក្តី។ ភាគី​ចិន​ត្រៀម​ដើរ​ទៅ​មុខ ដោយ​ស្មាកៀកស្មា និង​ដៃកៀកដៃ​ជាមួយ​រុស្ស៊ី រក្សា​ទុក​និរន្តរភាព​នៃ​ការអភិវឌ្ឍ​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​ឲ្យ​ឡើង​ដល់​កំពស់​កាន់​តែ​ខ្ពស់​នៃ​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ចិន និងរុស្ស៊ី។

លោក​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Serguei Shoigou ពី​ចំណែក​ខ្លួន​វិញ បាន​សំដែង​អំណរគុណ​ទៅ​កាន់​លោក​ប្រធានាធិបតី Hu Jintao ដែល​បាន​រំលែក​ពេល​ឆ្លៀត​ទទួល​ជួប​ប្រស្រ័យ​ជាមួយ​គាត់ និង​បាន​សំដែង​ការ​អបអរសាទរ​ចំពោះ​ការ​ចប់​ទៅ​យ៉ាង​ជោគជ័យ​ពេលថ្មីៗ​នៃ​អង្គសមាជ​លើក​ទី១៨ របស់​បក្ស​កុម្មុយនិស្ត ជា​បក្ស​កាន់​អំណាច​នៅ​ប្រទេស​ចិន។ គាត់​ក៏​បាន​ជម្រាប​លោក Hu Jintao ថា នា​កិច្ចចរចា​មុន​នេះ​បន្តិច ជាមួយ​សមភាគី​ចិន គឺ​លោក​ឧត្តមសេនីយ​រដ្ឋមន្ត្រី​ការពារជាតិ​ចិន Liang Guanglie គូភាគី​បាន​សង្កេត​ឃើញ​ដូចគ្នា​ថា ទំនាក់ទំនង​នៃ​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ចិន និង​រុស្ស៊ី​ចេះ​តែ​បង្កើន​ទៅ​ដោយ​អត្ថន័យ និង​ខ្លឹមសារ​ដែល​នាំ​ជា​គុណប្រយោជន៍​មែនពិត មិនគ្រាន់​តែ​សម្រាប់​ប្រជាជន​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​វិភាគទាន​វិជ្ជមាន រួម​ទៅ​ក្នុង​ការ​ទ្រទ្រង់​ឲ្យ​មាន​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​លោក​ទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ