អានតួអត្ថបទ
រុស្ស៊ី-ចិន

នាវា​ផ្ទុក​យន្តហោះ​ទី​១​របស់​ចិន មាន​ដើម​កំណើត​ទៅ​ពី​រុស្ស៊ី

នាវាផ្ទុកយន្តហោះនេះ ដែល​ម្សិលមិញ​បាន​ចូល​ខ្លួន​ជា​ផ្លូវការ ទៅ​ក្នុង​កង​ម៉ារីន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ដើម​កំណើត​វា ចេញ​ពី​អតីត​សហភាព​សូវៀត។ ក្រោយពី​សហភាព​សូវៀត​រលាយ​ទៅ មុនដំបូង ​វា​ឆ្លង​មក​ជា​កម្មសិទ្ធិ​របស់​រុស្ស៊ី បន្ទាប់​មក ត្រូវ​រុស្ស៊ី​ប្រគល់​ទៅ​អ៊ុយក្រែន ហើយ​នៅ​ទីបំផុត គឺ​ត្រូវ​អ៊ុយក្រែន​លក់​ទៅ​ឲ្យ​ចិន។

នាវា​ផ្ទុក​យន្ត​ហោះ​ចិនLe « Numéro 16 »​នៅ កំពង់​ផែ Dalian ខេត្ត Liaoning​ថ្ងៃទី ២២ កញ្ញា ២០១២
នាវា​ផ្ទុក​យន្ត​ហោះ​ចិនLe « Numéro 16 »​នៅ កំពង់​ផែ Dalian ខេត្ត Liaoning​ថ្ងៃទី ២២ កញ្ញា ២០១២ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ឈ្មោះ​ដើម​របស់​នាវា​នេះ​គឺ Varyag ជា​ឈ្មោះ​ដែល​រុស្ស៊ី តែង​ប្រើ​សម្រាប់​សម្គាល់ ពួក Viking នៃ​រាល់​ប្រទេស Scandinaves ដែល​កាលពី​ចន្លោះ​សតវត្ស​ទី៩ - ទី១១ តាម​សំពៅ​ខ្លួន តែង​បាន​លុកលុយ​មក​ដណ្តើម​យក​ទឹកដី​រុស្ស៊ី និង បណ្តា​ប្រទេស​នៅ​តាម ឆ្នេរ​មហាសមុទ្រ​អាត្លង់ទិក។

                     
នាវាផ្ទុកយន្តហោះធុនធ្ងន់នេះ ត្រូវបាន​ចាប់​ផ្តើម​សង់​ឡើង នៅ​ខែ​ធ្នូ​ឆ្នាំ​១៩៨៥ ហើយ​៣​ឆ្នាំ​ក្រោយ​មក នៅ​ខែ​វិច្ឆិកា​ឆ្នាំ​១៩៨៨ វា​បាន​ចូលខ្លួន ទៅ​ក្នុង​កង​នាវា​សូវៀត​ប្រចាំ​នៅ​សមុទ្រ​ខ្មៅ។

ក្រោយពីសហភាព​សូវៀត​រលាយ​ទៅ ក្នុង​ឆ្នាំ​១៩៩១ ជា​លទ្ធផល​នៃ​ការបែងចែក​ទ្រព្យសម្បត្តិ សូវៀត​រវាង​រដ្ឋ​ឯករាជ្យ​ថ្មីៗ​នាវា Varyag ក៏​បាន​ឆ្លង​មក​ជា​កម្មសិទ្ធិ​របស់​រុស្ស៊ី ជា​ប្រទេស​បន្ត​កេរ្តិ៍​ពី​សូវៀត។ លុះក្នុង​ឆ្នាំ​១៩៩៣ ស្រប​នឹង​សន្ធិសញ្ញា​ចុះ រវាង​រុស្ស៊ី និង​អ៊ុយក្រែន វា​ក៏​ត្រូវ​រុស្ស៊ី​ប្រគល់​ទៅ​ឲ្យ​អ៊ុយក្រែន។

នៅខែមេសាឆ្នាំ១៩៩៨ អ៊ុយក្រែន បាន​លក់​នាវា​នេះ​ទៅ​ឲ្យ​ចិន ក្នុង​តម្លៃ ២០​លាន​ដុល្លារ ក្នុង​បំណង​របស់​ចិន​ប្រែ​វា​ទៅ​ជា ”កាស៊ីណូ​អណ្តែត”។

ទម្រាំ សណ្តោងវា ពីដែនទឹក​អ៊ុយក្រែន​ទៅ​ដល់​ផែ Dalian នៅ​ប៉ែក​ឦសាន​ប្រទេស​ចិន ជាទី​ដែល​វា​ត្រូវ​ទទួល​ការ​ជួសជុល​កែ​លំអ ​គឺ​ស៊ី​ពេល​អស់​ជិត​២ឆ្នាំ ពោល​គឺ ៦២៧​ថ្ងៃ។

នៅខែឧសភា ឆ្នាំ២០១០ មាន​លេចចេញ​មក​ជា​រូបថត​ទី​១ នៃ​យន្តហោះ​ឈ្មោះ Shenyang J-15 ស្រដៀង​នឹង​អាធុន Sukhoi - 33 ជំនាន់​សូវៀត ដែល​ចិន​បាន​ទិញ​ពី​អ៊ុយក្រែន សម្រាប់​បំពាក់​នៅ​នឹង​នាវា​ផ្ទុក​យន្តហោះ​នេះ។

លុះនៅខែមិថុនាឆ្នាំ ២០១១ អគ្គសេនាធិការដ្ឋាន​កងទ័ព​ចិន បាន​ប្រកាស​ថា នាវា Varyag ត្រូវ​បាន​កែ​ឲ្យ​ទំនើប​ចប់​សព្វ​គ្រប់​ហើយ រួច​វា​ចេញ​ប្រតិបត្តិការ ជា​នាវា​ផ្ទុក​យន្តហោះ​ទី​១ របស់​កង​ម៉ារីន​ចិន។ តាំងពីពេលនោះមក វាបានប្រតិបត្តិការ ចំនួន​១០​លើក​ទៅ​ហើយ ក្នុង​លំហ​សមុទ្រ។

កងម៉ារីនចិន គ្រោងឲ្យ​ឈ្មោះ​ថ្មី​ដល់​នាវា​នេះ ថា Liaonin ជា​កិត្តិយស ដល់​ខេត្ត​ឦសាន​ប្រទេស​ចិន ជាទី​ដែល​វា​ត្រូវបាន​កែ​ឲ្យ​ទំនើប។

នាវានេះ​មាន​ប្រវែង ៣០៥ម៉ែត្រ ប្រកប​ដោយ​ក្រុម​នាវិក ១.៩៨០នាក់ អាច​ផ្ទុក​យន្តហោះ​ចម្បាំង បាន ២៦​គ្រឿង និង​ឧទ្ធម្ភាគចក្រ​យោធា ២៤គ្រឿង វង់ប្រតិបត្តិការ​របស់​វា​គឺ​ដល់ ចម្ងាយ ១៤.៨០០គ.ម.៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ