អានតួអត្ថបទ
កម្ពុជា

អ្នកភូមិ​ជាង​១ពាន់​គ្រួសារ​នៅ​កោះកុង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចិន​ផ្តល់​សំណង​រឿង​វិវាទ​ដីធ្លី

អ្នក​ភូមិ​ចំនួន​ ៥​ឃុំ ក្នុង​ស្រុក​បទុម​សាគរ និង​ស្រុក​គិរី​សាគរ ខេត្ត​កោះ​កុង ដែល​កំពុង​មាន​ទំនាស់​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ចិន ក្នុង​ការ​វិនិយោគ​តំបន់​អេ​កូ​ទេស​ចរណ៍ គ្រោង​នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ចន្ទ​ស្អែក ដើម្បី​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​កាត់​ដី​អ្នក​ភូមិ​ចេញ​ពី​តំបន់​អភិវឌ្ឍន៍​ ឬផ្តល់​សំណង​សម​រម្យ​តាម​គោល​នយោបាយ​របស់​រដ្ឋា​ភិបាល​។

អ្នកភូមិ​នាំគ្នា​បិទផ្លូវ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​សមរម្យ​ក្នុង​ជម្លោះ​ដីធ្លី
អ្នកភូមិ​នាំគ្នា​បិទផ្លូវ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​សមរម្យ​ក្នុង​ជម្លោះ​ដីធ្លី ADHOC
ផ្សាយពាណិជ្ជកម្ម

អ្នក​ភូមិ​ជាង​១០​នាក់ ដែលជា​តំណាង​អ្នក​ភូមិ​ ១.១៤៣​គ្រួសារ នៅ​៥​ឃុំ ក្នុង​ស្រុក​បទុម​សាគរ និង​ស្រុក​គិរី​សាគរ នៅ​ខេត្ត​កោះ​កុង ធ្វើ​ដំណើរ​មក​កាន់​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​អាទិត្យ។ ពួកគេ​មក​បើក​សន្និសីទ​កាសែត​មួយ រៀបចំ​ដោយ​អង្គការ CHRAC និង​អង្គការ NGOs Forum នៅ​ថ្ងៃ​ចន្ទ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ បញ្ហា​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន Union Development Group Co.,Ltd ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង ពី​មន្រ្តី​សិទ្ធិ​មនុស្ស​អាដហុក។

លោក នាង បូរ៉ាទីណូ មន្រ្តី​សម្រប​សម្រួល​អង្គ​ការ​អាដ​ហុក​ប្រចាំ​ខេត្ត​កោះ​កុង បាន​ប្រាប់​វិទ្យុ​បារំាង​អន្តរ​ជាតិ នៅ​ថ្ងៃ​នេះ​ថា ​ក្រុម​ហ៊ុន​ចិន Union Development Group ទទួល​ដី​សម្បទាន​សេដ្ឋ​កិច្ច​ពី​រដ្ឋាភិបាល កាល​ពី​ឆ្នាំ​២០០៨ ទំហំ ៣៦.០០០​ហិកតារ សម្រាប់​វិនិយោគ​ជា​តំបន់​អេកូទេស​ចរណ៍ ដោយ​បង្កើត​ជា​សណ្ឋាគារ រមណីយ​ដ្ឋាន និង​ព្រលាន​យន្ត​ហោះ។​ រដ្ឋាភិបាល​ក៏​សម្រេច​ផ្តល់​ដី​សម្បទាន​ចំនួន​ ៩.១០០​ហិកតា​របន្ថែម​ទៀត សម្រាប់​ធ្វើ​ទំនប់​វារី​អគ្គិសនី​ និង​អាង​ស្តុក​ទឹក​ស្អាត​។

បើ​តាម​មន្រ្តី​អាដ​ហុក ការ​វិនិយោគ​ទាំង​នោះ​ធ្វើ​ឲ្យ​អ្នក​ភូមិ​ចំនួន​១.១៤៣​គ្រួសារ ត្រូវ​ផ្លាស់​ទីលំនៅ ទៅ​តំបន់​មួយ​ដែល​គ្មាន​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ គ្មាន​សាលា​រៀន ទីផ្សារ មន្ទីរពេទ្យ និង​វត្ត​អារាម។

តំណាង​អ្នក​ភូមិ​មាន​បំណង​ធ្វើ​ការ​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ចិន​ផ្តល់​សំណង​សម​រម្យ​ដល់​ពួក​គេ ទាម​ទារ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ហើយ​ក្រុម​ហ៊ុន​ត្រូវ​កាត់​ចំណែក​ដី​អ្នក​ភូមិ​ចេញ​ក្រៅ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន​។

លោក ទីណូ បញ្ជាក់​ថា ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ចន្ទ តំណាង​អ្នក​ភូមិ​នឹង​ទាម​ទារ​យ៉ាង​នេះ ដើម្បី​ឲ្យ​រដ្ឋាភិ​បាល​ជួយ​ធ្វើ​​អន្ត​រាគមន៍ បន្ទាប់​ពី​ពួក​គេ​បរាជ័យ​ជា​ច្រើន​លើក ក្នុង​ការ​ធ្វើ​បាតុ​កម្ម​បិទ​ផ្លូវ​ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ក្រុម​ហ៊ុន​ចេញ​មក​ដោះស្រាយ។

ទាក់​ទង​នឹង​បញ្ហា​ទំនាស់​ដី​ធ្លី​នៅ​កម្ពុជា តាម​របាយការណ៍​អង្គ​ការ​អាដ​ហុក មាន​មនុស្ស​ចំនួន​១៧៣​នាក់ ត្រូវ​បាន​តុលា​ការ​ចោទ​ប្រកាន់ និង​ឃុំ​ក្នុង​ពន្ធនា​គារ ក្នុង​រយៈ​ពេល​៩​ខែ ក្នុង​ឆ្នាំ​២០១១។ មនុស្ស​ចំនួន​៤៩នាក់​​ត្រូវ​ឃាត់​ខ្លួន ២៨​នាក់ ជាប់​​ឃុំ​ក្នុង​ពន្ធនាគារ ២១​នាក់​ត្រូវ​លើក​លែង​ការ​ចោទ​ប្រកាន់ និង ​១២៤នាក់​ទៀត​រត់​ចោល​ផ្ទះ​សម្បែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ