អានតួអត្ថបទ
កម្ពុជា

អំពើ​​ហិង្សា​​កើត​​​​​​ជា​​​ថ្មី​​​ ក្នុង​​​រឿង​​​ជម្លោះ​​​ដី​​ធ្លី​​នៅ​​​បុរី​​​កីឡា​និង​​បឹងកក់​​

អំពើ​​ហិង្សា​​កើត​​ឡើង​​ជា​​ថ្មី​ ក្នុង​​រឿង​​ជម្លោះ​​ដីធ្លី​នៅ​​បុរី​​កីឡា​និង​​បឹងកក់​​ ប្រជា​​ពលរដ្ឋ​នៅ​សហគមន៍​​​បុរី​កីឡា​និង​​អតីត​​​អ្នក​រស់​នៅ​​តំបន់​​បឹងកក់​ប្រមាណ ​២០០​នាក់ ​បាន​​​ប្រមូល​​ផ្តុំ​​តវ៉ា​​ជា​​ថ្មី​​នៅ​​មុខ​​សាលា​​រាជធានី​​ភ្នំពេញ​កាលពី​​ព្រឹក​​ថ្ងៃ​​ពុធ​ទី​​១​​កុម្ភៈ​​នេះ។ ​ការ​​ជួប​ជុំ​​នោះ ​ដើម្បី​​ដាក់​​ញត្តិ​​ស្នើ​​សុំ​​ឲ្យ​​អភិបាល​​រាជធានី​​ភ្នំពេញ ​លោក ​កែប ជុតិមា ​ដោះស្រាយ​​បញ្ហា​​ដីធ្លី​​។​ ក៏​ប៉ុន្តែ​​ការ​​ប្រមូល​​តវ៉ា​​នៅ​ព្រឹកមិញ បាន​ក្លាយ​ជា​អំពើ​ហិង្សា ដោយ​សមត្ថកិច្ច​ចម្រុះ វាយ​បំបែក​ហ្វូង​​អ្នក​​តវ៉ា។ ​ស្ត្រី​​អ្នក​​តវ៉ា ​៦ ​នាក់ ​ត្រូវ​​ប៉ូលិស​​ចាប់​​ឃុំ​​ខ្លួន។ ​រីឯ​​ស្ត្រី​ ២ ​នាក់ ​បាន​​ដួល​​សន្លប់។

សមត្ថកិច្ច​ចម្រុះ​​​​វាយ​បំបែក​ហ្វូង​អ្នកតវ៉ា​ប្រមាណ​២០០​នាក់​នៅមុខ​សាលារាជធានីភ្នំពេញ​ក្នុង​ជម្ឡោះ​ដីធ្លី​នៅ​បុរីកីឡា​និង​បឹងកក់​
សមត្ថកិច្ច​ចម្រុះ​​​​វាយ​បំបែក​ហ្វូង​អ្នកតវ៉ា​ប្រមាណ​២០០​នាក់​នៅមុខ​សាលារាជធានីភ្នំពេញ​ក្នុង​ជម្ឡោះ​ដីធ្លី​នៅ​បុរីកីឡា​និង​បឹងកក់​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

​ក្រុម​ពលរដ្ឋ​នៅ​បុរី​កីឡា បាន​តវ៉ា​នៅមុខ​សាលាក្រុង​នៅ​ព្រឹក​មិញ ចំពោះ​ការបាត់បង់​ផ្ទះ​សម្បែង​ដោយសារ​តែ​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច ឈូសឆាយ កាលពី​ថ្ងៃ​៣​មករា​។ រីឯ​អតីត​អ្នក​ភូមិ​បឹងកក់ បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ជួយ​ដោះស្រាយ​ផ្តល់​ថវិកា​ឧបត្ថម្ភ​បន្ថែម ចំពោះ​ការចាក​ចេញ​​​ពី​តំបន់​អភិវឌ្ឍន៍​បឹងកក់​ដ៏​ចម្រូងចម្រាស​។​

​ការប្រមូលផ្តុំ​នោះ ស្ត្រី​អ្នក​តវ៉ា​បាន​លើក​បដា រូបភាព ដែល​អាជ្ញាធរ​ឈូសឆាយ​វាយកម្ទេច​ផ្ទះ នៅ​បុរី​កីឡា ព្រម​ទាំង​រូប បូម​ខ្សាច់​បាញ់​ពន្លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​។ រូបថត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន និង​ភរិយា ក៏​ត្រូវបាន​អ្នក​តវ៉ា​លើកឡើង ជាមួយនឹង​សម្រែក​តាម​មេក្រូ ទទូច​ស្នើសុំ​ដំណោះស្រាយ​។​

​ក៏ប៉ុន្តែ​ការប្រមូលផ្តុំ​នៅមុខ​សាលាក្រុង ត្រូវបាន​អាជ្ញាធរ​ចម្រុះ វាយ​បំបែក និង​ចាប់ខ្លួន​ស្ត្រី ៦ នាក់ ដែល​រួមមាន​អ្នក​បុរី​កីឡា ៥ នាក់ និង​ស្ត្រី​នៅ​បឹង​កក់​ម្នាក់ រុញ​បញ្ចូល​ឡាន​ឃ្លុប យក​ទៅ​ឃុំឃាំង នៅ​ស្នងការ​ប៉ូលិស​។ ប៉ូលិស​គ្រោង​នឹង​បញ្ជូន​ស្ត្រី​ទាំង ៦ នាក់​នោះ ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃស្អែក​។ រីឯ​ស្ត្រី​អ្នក​តវ៉ា ២ នាក់​ទៀត បាន​ដួលសន្លប់​។​

​សកម្មជន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក​អំ​សំអាត ដែល​តាមដាន​ព្រឹត្តិការណ៍​ប៉ះទង្គិច​នោះ បាន​លើកឡើង​ថា អាជ្ញាធរ​ជ្រើស​យក​មធ្យោបាយ​បង្ក្រាប​ដោយ​ហិង្សា និង​ចាប់ខ្លួន​ពលរដ្ឋ​អ្នក​តវ៉ា ក្នុង​ជម្លោះ​ដីធ្លី​ដូច្នេះ មិនមែន​ជា​ដំណោះស្រាយ​ល្អ​ទេ​។ ម្យ៉ាងទៀត ការអនុវត្ត​របស់​អាជ្ញាធរ​ភ្នំពេញ នៅ​ព្រឹក​មិញ ក៏​ផ្ទុយ​ទៅនឹង​ការ​បទបញ្ជា​ផ្ទាល់មាត់​របស់​លោកនាយ​ក​រដ្ឋ​ន្ត្រី កាលពី​ថ្ងៃ​ម្សិលមិញ​។ នោះ​គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ដាក់បទបញ្ជា​ថា រាល់​បញ្ហា​ដីធ្លី ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​។​

​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី នៅ​ថ្ងៃ​១​កុម្ភៈ​នេះ គណបក្ស​សិទ្ធិមនុស្ស បានចេញ​សេចក្តីអំពាវនាវ​មួយ ឲ្យ​សមត្ថកិច្ច និង​តុលាការ នាំខ្លួន និង​ផ្តន្ទាទោស​ជនដៃដល់ ម្ចាស់​ក្រុមហ៊ុន និង​អ្នក​បញ្ជា​​ឲ្យ​បាញ់ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ ដែល​តវ៉ា​អំពី​បញ្ហាដីធ្លី ឲ្យបាន​គ្រប់​ករណី​ ឲ្យទាន់​ពេលវេលា និង​ឲ្យមាន​ប្រសិទ្ធិភាព​ទៅតាម​ច្បាប់ ដោយ​មិន​ត្រូវ​រង់ចាំ​តែ​មាន​បញ្ជា​ពី​នាយក​រដ្ឋមន្ត្រី​នោះទេ​។

​តាម​គណបក្ស​សិទ្ធិមនុស្ស រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​បញ្ឈប់​នូវ​ការអភិវឌ្ឍន៍ក្រោម​តំណក់​ឈាម​​និង​តំណក់ទឹកភ្នែក​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។ នោះ​គឺ​រដ្ឋាភិបាលមុន​នឹង​សម្រេច​ផ្ដល់​ដី​សម្បទាន ឲ្យ​ក្រុមហ៊ុន​មួយ ត្រូវ​សិក្សា​អំពី​ផលប៉ះពាល់ និង​ត្រូវ​កាត់​ដី​ជូន​ប្រជាពលរដ្ឋ​ជាមុនសិន​។​

​យ៉ាងណាក៏ដោយ លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​របស់​គណៈ​រដ្ឋមន្ត្រី បាន​លើកឡើង​ថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅឲ្យ​ក្រុមហ៊ុន​វិនិយោគ មិន​មែន​សុទ្ធតែ​មាន​បញ្ហា​រំលោភបំពាន​ដីធ្លី​ប្រជាពលរដ្ឋ​នោះ​ទេ​។ ម្យ៉ាងទៀត បទបញ្ជា​ចំហ​របស់​លោកនាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ម្សិលមិញ ជា​ការបង្ហាញ​នូវ​សារ​នយោបាយ​មួយ​នៃ​ការទទួល​ខុស​ត្រូវ​ខ្ពស់ ក្នុងនាម​ប្រមុខ​ដឹកនាំ​របស់​រដ្ឋាភិបាលដែល​នឹង​ផ្តល់​យុត្តិធម៌​សម្រាប់​ជនរង​គ្រោះ​ តាមរយៈ​ដំណោះស្រាយ​ផ្លូវច្បាប់ ដែល​មិនឲ្យ​ប្រើ​អំពើហិង្សា ក្នុង​ជម្លោះ​ដីធ្លី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ