អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វៀតណាម​នឹង​ក្លាយ​ជា​ប្រទេស​អាស៊ី​ទីមួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រៀបការ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​អង្គារ ដើមសប្តាហ៍នេះ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​វៀតណាម​បាន​ធ្វើ​ឲ្យគ្រប់គ្នា​មានការ​ភ្ញាក់ផ្អើល នៅពេល​ដែល​លោក​លើកឡើង​ថា រដ្ឋាភិបាល​វៀតណាម​កំពុង​ពិចារណា​កែប្រែច្បាប់ ដើម្បី​ទទួលស្គាល់​​ចំណង​អាពាហ៍ពិពាហ៍​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដែល​ជា​រឿង​មិន​ធ្លាប់​មាន​ នៅ​អាស៊ី។ តើ​ហេតុអ្វី​បាន​ជា​របបផ្តាច់ការ​កុម្មុយនិស្ត ដែល​តែងទទួលរង​នូវការ​រិះគន់​​អំពី​បញ្ហា​សិទ្ធិមនុស្សមួយនេះ បែរជា​ឈាន​មុខគេ​ក្នុង​ការ​ការពារសិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​បែបនេះ?

អ្នកចូលរួម​ក្នុង​ក្បួនដង្ហែ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា (Gay Pride) ជាលើក​ទីមួយ នៅ​ទីក្រុង​ហាណូយ ថ្ងៃ​អាទិត្យ ៥ សីហា ២០១២
អ្នកចូលរួម​ក្នុង​ក្បួនដង្ហែ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា (Gay Pride) ជាលើក​ទីមួយ នៅ​ទីក្រុង​ហាណូយ ថ្ងៃ​អាទិត្យ ៥ សីហា ២០១២ REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

 

កាលពី​កន្លងទៅថ្មីៗនេះ នៅពេល​ដែល​គេឮ​លោក​អូបាម៉ា​ប្រកាស​គាំទ្រ​ឲ្យ​អ្នក​ស្រឡាញ់​ភេទដូចគ្នា​រៀបការ​ស្របច្បាប់ មាន​អ្នក​ខ្លះ​អបអរ​សាទរ ហើយ​មាន​អ្នក​ខ្លះ​ទៀត​ស្រែក​ជំទាស់ ប៉ុន្តែ យ៉ាងហោចណាស់​ក៏​មើលទៅ​ហាក់ដូចជា​គ្មាន​អ្នកណា​ម្នាក់​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​ការ​ប្រកាស​របស់​លោក​អូបាម៉ា​នេះ​ដែរ។

ក៏ប៉ុន្តែ វៀតណាម?! វៀតណាម ដែល​​ដឹកនាំ​ដោយ​​របប​ផ្តាច់​ការ​​កុម្មុយនិស្ត​ ហើយ​ដែល​គេ​តែងតែ​រិះគន់​​រឿង​រំលោភ​សិទ្ធិមនុស្ស ស្រាប់តែ​ប្រកាស​ចង់អនុញ្ញាត​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រៀបការ​ដោយ​ស្រប​ច្បាប់​ដែរ? នេះ​ទើប​ជា​រឿង​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល!

យោងតាម​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​វៀតណាម នៅ​ឆ្នាំ​ក្រោយ សភា​វៀតណាម​គ្រោង​នឹង​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​អាពាហ៍​ពិពាហ៍ ហើយ​រដ្ឋាភិបាល​វៀតណាម​កំពុង​ពិចារណា​បញ្ចូល​មាត្រា​ខ្លះ ដើម្បី​បង្កើត​ក្របខ័ណ្ឌ​គតិយុត្ត​មួយ ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។ ច្បាប់ថ្មីនេះ​ក៏​នឹង​មាន​ចែង​ផងដែរ​អំពី​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ចំពោះ​ការ​កាន់កាប់ និង​គ្របគ្រង​ទ្រព្យ​សម្បត្តិ​រួម សិទ្ធិទាក់ទង​នឹង​ការ​ផ្ទេរ​មរតក និង​ការ​សុំ​កូន​មក​ចិញ្ចឹម​ ជាដើម។

មាន​អ្នក​ជំនាញ​ខ្លះ​យល់ថា វៀតណាម​ប្រហែល​ជា​នឹង​មិន​ឈាន​រហូតដល់​ទៅ​ទទួលស្គាល់​អាពាហ៍​ពិពាហ៍​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នោះទេ គឺ​អាច​បង្កើត​ត្រឹម​​​​អត្រានុកូលដ្ឋាន (Etat Civil) ក្នុង​ទម្រង់ណាមួយ ដែល​ខុស​ពី​អាពាហ៍ពិពាហ៍ ក៏ប៉ុន្តែ ទទួលស្គាល់​តាមផ្លូវច្បាប់ នូវ​ចំណង​ស្នេហា​ និង​ការ​រួមរស់​ជាមួយគ្នា រវាង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។ ក៏ប៉ុន្តែ មិនថា​​ច្បាប់​នេះ​នឹង​បង្កើត​ទម្រង់​អត្រានុកូលដ្ឋាន​ណាមួយ សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នោះទេ គ្រាន់តែ​ការ​ដែល​រដ្ឋាភិបាល​វៀតណាម​លើក​យក​បញ្ហា​នេះ មក​ពិចារណា​ជា​គម្រោង​ផ្លូវការនោះ គឺ​ជា​រឿង​ដ៏​កម្រ​ណាស់​ទៅហើយ!​ កម្រ​ ទាំង​សម្រាប់​វៀតណាម​ខ្លួនឯង ដែល​ជា​សង្គម​​ប្រកាន់​ប្រពៃណី អភិរក្ស​និយម ហើយ​តែងតែ​ចាត់ទុក​​ការ​ស្រឡាញ់ភេទ​ដូចគ្នា​ថា​ជា “ជំងឺ​សង្គម”។ កម្រ​ ទាំង​សម្រាប់​តំបន់​អាស៊ី​ទាំងមូល ដែល​​នៅ​ប្រទេស​ខ្លះ ការ​ស្រឡាញ់​ភេទ​ដូចគ្នា គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​អាច​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រហូតដល់​ទៅ ២០​ឆ្នាំ។ សូម្បី​តែ​ថៃ ដែល​សម្បូរ​ទៅដោយ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ហើយ​មើលទៅ​ ដូចជា​ប្រទេស​សេរី​នឹង​រឿង​ស្រឡាញ់​ភេទ​ដូចគ្នា តាម​ពិត​ក៏​មិនដែល​ឃើញ​មាន​មន្រ្តី​រដ្ឋាភិបាល ឬ​តំណាងរាស្រ្ត​ថៃណាមួយ លើកយក​​រឿង​ទទួលស្គាល់​ចំណង​ស្នេហា​អ្នក​ស្រឡាញ់ភេទ​ដូចគ្នា​នេះ​មក​ធ្វើ​ជា​ប្រធានបទ​​ជជែក​ពិភាក្សា​គ្នា​ជាផ្លូវការ​នោះដែរ។

ហេតុអ្វី​បាន​ជា​របបកុម្មុយនិស្ត​​វៀតណាម ដែល​ជា​របប​ផ្តាច់ការ និង​មាន​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​មួយនេះ បែរជា​ឈានមុខ​គេ ក្នុង​រឿង​ការពារ​សិទ្ធិ​អ្នក​ស្រឡាញ់ភេទ​ដូចគ្នា​​បែបនេះ​ទៅវិញ?

បើតាមមើលទៅ មូលហេតុ​ចម្បង​ទីមួយ គឺ​ប្រហែល​ដោយសារ​តែ​អាជ្ញាធរ​វៀតណាម​យល់ថា ពួក​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា មិនមែន​ជា​ការ​គំរាមកំហែង​ណាមួយ ដល់​របប​កុម្មុយនិស្ត​ ដូច​អង្គការ ឬ​សកម្មជន​​ខាង​សិទ្ធិមនុស្ស ឬ​សាសនា​ ឬ​អង្គការ​សង្គមស៊ីវិល​ផ្សេងទៀត។

ម្យ៉ាងទៀត ខុសពី​នៅ​ប្រទេស​ប្រជាធិបតេយ្យ ដែល​រដ្ឋាភិបាល​ត្រូវ​ទទួល​សម្ពាធ​ពី​សំណាក់​​អង្គការ​សាសនា ឬ​សកម្មជន​អភិរក្ស​និយម​ ដែលប្រឆាំង​នឹង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នៅ​វៀតណាម ​អាជ្ញាធរ​​បំបិទ​សិទ្ធិសេរីភាព​​របស់​សកម្មជន និង​អង្គការ​សាសនា ទើប​គេ​​មិន​សូវ​ឃើញ​មាន​ចលនា​ពួក​អ្នក​អភិរក្ស​និយម​ចេញមុខ​មក​​ប្រឆាំង​នឹង​ការ​ទទួលស្គាល់​សិទ្ធិ​​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។

មាន​សកម្មជន​សិទ្ធិមនុស្ស​វៀតណាម​ខ្លះ​​សង្ស័យ​ថា ការ​ដែល​រដ្ឋាភិបាល​វៀតណាម​ធ្វើ​ជា​គិតគូរ​រឿង​​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នេះ តាមពិត គ្រាន់តែ​ជា​យុទ្ធសាស្រ្ត ដើម្បី​​​បង្វែរ​អារម្មណ៍​​​សាធារណមតិ ពី​បញ្ហា​សិទ្ធិមនុស្ស​ផ្សេងទៀត​តែ​ប៉ុណ្ណោះ មិនមែន​ធ្វើ​ឡើង ក្នុងគោលដៅ​លើក​តម្កើង​​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ពិតៗ​នោះ​ទេ។

ក៏ប៉ុន្តែ បើទោះជា​ការ​ដែល​រដ្ឋាភិបាល​វៀតណាម​លើកឡើង​ពី​គម្រោង​ទទួលស្គាល់​អាពាហ៍ពិពាហ៍​​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ធ្វើឡើង ក្នុងមូលហេតុ​អ្វី​ក៏ដោយ ហើយ​ក្នុង​គោលដៅ​អ្វី​ក៏ដោយ អ្វី​ដែល​គេ​សង្កេតឃើញ​ជាទូទៅ នៅ​វៀតណាម នៅពេលនេះ គឺ​ការ​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ប្រជាជន​វៀតណាម ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។ ការ​ផ្លាស់ប្តូរ​នៃ​ផ្នត់គំនិត​នេះ​បាន​បង្ហាញ​កាន់តែ​ច្បាស់ នៅ​ពេល​ដែល​គេឃើញ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នាំគ្នា​​ដង្ហែក្បួន​​តាមទី​​សាធារណៈ (ឬហៅថា Gay Pride) នៅ​ទីក្រុង​ហាណូយ កាល​ពី​ថ្ងៃ​អាទិត្យ កន្លងទៅ ដែល​ជា​រឿង​មិន​ធ្លាប់មាន​នៅ​វៀតណាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ