អានតួអត្ថបទ
កម្ពុជា

ជន​រងគ្រោះ​ដោយ​អំពើហិង្សា​ក្រោយ​ការ​បោះឆ្នោត​ទាមទារ​យុត្តិធម៌

ជន​រងគ្រោះ​និង​គ្រួសារ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​និង​រង​របួស​ក្នុង​ព្រឹត្តិការណ៍​ហិង្សា​ជា​បន្ត​បន្ទាប់​ក្រោយ​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ ​២០១៣​ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ដល់​ពួក​គេ។​ ការ​ទាមទារ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​វេទិកា​ពិភាក្សា​តុ​មូល​មួយ​ស្តី​ពី​ការ​ឆ្ពោះ​ទៅ​មុខ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ និង​និទណ្ឌ​ភាព​ចំពោះ​ការ​រំលោភ​សេរីភាព​បញ្ចេញ​មតិ​នៅ​អាស៊ី​អាគ្នេយ៍។​ វេទិការ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ពីរ​ថ្ងៃ​ នៃ​ថ្ងៃ​ទិវា​អន្តរជាតិ​ ដើម្បី​បញ្ចប់​និទណ្ឌ​ភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន។

កងកម្លាំងអាជ្ញាធរកំពុងប្រឈមមុខ ជាមួយ ក្រុមបាតុករនៅសួនឧស្សាហកម្មកាណាឌីណា ផ្លូវវេងស្រេង នៅថ្ងៃទីសុក្រ ទី ៣មករាឆ្នាំ ២០១៤។
កងកម្លាំងអាជ្ញាធរកំពុងប្រឈមមុខ ជាមួយ ក្រុមបាតុករនៅសួនឧស្សាហកម្មកាណាឌីណា ផ្លូវវេងស្រេង នៅថ្ងៃទីសុក្រ ទី ៣មករាឆ្នាំ ២០១៤។ RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

វេទិការ​ពិភាក្សា​តុមូល​ស្តីពី និ​ទណ្ឌ​ភាព​លើ​អ្នកសារព័ត៌មាន និង​សេរីភាព​នៃ​ការបញ្ចេញមតិ​នេះ ត្រូវបាន​ធ្វើឡើង នៅឯ​ភោជនីយដ្ឋាន​ខ្មែរ​សូ​រិ​ន្ទ្រ ដែលមាន​ការចូលរួម​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន និង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ ដែល​នៅ​មិនទាន់​ទទួល​បាន​យុត្តិធម៌​សម្រាប់​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន។

នៅក្នុង​កិច្ចពិភាក្សា​នោះ មានការ​បង្ហាញ​ពី​ខ្សែរ​វីដេអូ ដែល​និយាយ​ពី​ការទាមទារ​រក​យុត្តិធម៌ ជូន​ដល់​អ្នកស្លាប់​ទាំង៦នាក់ នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ និង​កង​រក្សា​សន្តិសុខ អ្នកស្លាប់​នៅខាងមុខ​រោងចក្រ​អេស​អិ​ល​ស្ទឹងមានជ័យ និង​អ្នកស្លាប់​នៅលើ​ស្ពាន​អាកាស​ជាដើម។ ព្រឹត្តិការណ៍​ទាំងអស់នេះ បាន​កើតមានឡើង បន្ទាប់ពី​ការបោះឆ្នោត​ក្នុង​អាណត្តិ​ទី ៥ ត្រូវបាន​បញ្ចប់។

បន្ទាប់មក ក៏មាន​ការបង្ហាញ​ពីបទ​ពិសោធន៍​របស់​អ្នកសារព័ត៌មាន​ខ្មែរ​ជាច្រើនរូប ដែល​ធ្លាប់​ទទួលរង​នូវ​ការវាយដំ និង​ការគំរាមកំហែង​ដល់​អាយុជីវិត បន្ទាប់ពី​ពួកគេ​បាន​ព្យាយាម​រាយ​ការណ៍​រឿង ដែល​ទាក់ទង​នឹង​អំពើពុករលួយ និង​ការឃុបឃិត​នានា។ ក្នុងនោះ​ក៏មាន​ការ​ថ្លែង​របស់​កូនប្រុស លោក​ឈុត វុទ្ធី ដែលជា​សកម្មជន​ការពារ​ព្រៃឈើ និង​ដែល​ត្រូវបាន​គេ​សម្លាប់​កាលពី​ឆ្នាំ២០១២ដែរ។ ជនរងគ្រោះ​និង​គ្រួសារ​ជនរងគ្រោះ​ទាំងនោះ​សុទ្ធតែ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ដល់​ពួកគេ​ដើម្បី​លុបបំបាត់​វប្បធម៌​និ​ទណ្ឌ​ភាព។

លោក​ខៀវ សុភ័ក្ត្រ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា លោក​មាន​ក៏មាន​ការសោកស្តាយ​ចំពោះ​ព្រឹត្តិការណ៍​ដែល​កើតមានឡើង​នៅពេល​នោះដែរ។ ប៉ុន្តែ លោក​​​​បាន​បញ្ជាក់ថា ហេតុការណ៍​នៅពេលនោះ​ក្រុម​សមត្ថកិច្ច​គ្រាន់តែ​បំពេញ​តូ​នាទី ដើម្បី​ការពារ​សន្តិសុខ និង​រក្សា​សុវត្ថិភាព​របស់ខ្លួន​ឯង​តែប៉ុណ្ណោះ។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អះអាងថា ក្រសួង​បានធ្វើការ​ស៊ើបអង្កេត និង​បញ្ជូន​របាយការណ៍​រួចរាល់​អស់ហើយ​ទៅកាន់​តុលា។

សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ ១៩៩៦ មក អ្នកកាសែត​កម្ពុជា ចំនួន ១៣ នាក់​ហើយ​ដែល​ត្រូវបាន​គេ​សម្លាប់ ដែល​រួមមាន​ទាំង​លោក​តាំង ទ្រី ដែល​ត្រូវបាន​គេ​សម្លាប់​កាលពី​ថ្ងៃទី ១២ តុលា​ឆ្នាំ ២០១ថ្មីៗនេះ នៅក្នុង​ខេត្តក្រចេះ បន្ទាប់ពី​លោក​បាន​ព្យាយាម​រាយការណ៍​ពី​ការកាប់​ឈើ​ខុសច្បាប់។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការសិទ្ធិមនុស្ស។ ប៉ុន្តែ លើក​លែង​តែ​នៅ​លើកចុងក្រោយ​នេះ អាជ្ញាធរ​បាន​ចាប់បាន​ឃាតករ ដែល​បានសម្លាប់​អ្នកកាសែត​តាំង ទ្រី​យកទៅ​ផ្ត​ទ្ធា​ទោស​នៅ​ពន្ធនាគារ ក្រៅពីនោះ​ជនដៃដល់​ភាគច្រើន​នៅ​មិនទាន់​ត្រូវបាន​វែកមុខ​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ