អានតួអត្ថបទ
កូរ៉េ​ខាង​ជើង

កូរ៉េខាងជើង​ទំនងជា​នឹង​បាញ់​សាកល្បង​មីស៊ីល​រយៈចម្ងាយ​ឆ្ងាយ​នៅ​សប្តាហ៍​ក្រោយ

ក្រុមអ្នកជំនាញ​ឯករាជ្យ​របស់​អាមេរិក បាន​ថ្លែង នៅថ្ងៃ​សុក្រ​នេះ​ថា តាមការ​សិក្សា​ទៅលើ​រូបភាព​ថតដោយ​ផ្កាយរណប កូរ៉េ​ខាងជើង​ទំនង​ជា​កំពុង​តែ​រៀបចំ​បាញ់​សាកល្បង​មីស៊ីល​រយៈចម្ងាយ​ឆ្ងាយ​សាជាថ្មី​ម្តងទៀត ហើយ​ការ​​រៀបចំ​បាញ់​សាកល្បង​នេះ អាច​នឹង​ត្រូវ​ធ្វើ​រួចរាល់ នៅ​សប្តាហ៍ក្រោយនេះ។ កាលពីថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ បាន​ព្រមាន​ក្រុងព្យុងយ៉ាង​ ជុំវិញ​ការ​បាញ់​សាកល្បង​មីស៊ីលនេះ។

រ៉ុកកែត​ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង កាលពីខែ​មេសា ឆ្នាំ​២០០៩ ដែល​នាំ​ឲ្យ​ការចរចា​ ៦ភាគី ត្រូវ​ជាប់គាំង​រហូតដល់​សព្វថ្ងៃ
រ៉ុកកែត​ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង កាលពីខែ​មេសា ឆ្នាំ​២០០៩ ដែល​នាំ​ឲ្យ​ការចរចា​ ៦ភាគី ត្រូវ​ជាប់គាំង​រហូតដល់​សព្វថ្ងៃ REUTERS
ផ្សាយពាណិជ្ជកម្ម

 

បើយោងតាម​វិទ្យាស្ថានស្រាវជ្រាវ នៃ​សកលវិទ្យាល័យ John Hopkins រូបភាព​ថតដោយ​ផ្កាយរណប​​បង្ហាញ​ថា ផ្នែក​ខ្លះ​នៃ​មីស៊ីល​រយៈចម្ងាយ​ឆ្ងាយ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ព្យុងយ៉ាង ដឹកយក​ទៅដល់​កន្លែង​បាញ់​បង្ហោះ​រួចហើយ ដោយរង់ចាំ​តែ​ដំឡើង​បាញ់ប៉ុណ្ណោះ។ ក្រុម​អ្នកជំនាញ​ ដែល​ធ្លាប់​តាមដាន​មើល​ការ​បាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាងជើង កាល​ពី​ពេល​កន្លងមក បាន​បញ្ជាក់ថា ប្រសិនបើ​កូរ៉េ​ខាងជើង​ធ្វើ​តាម​ទម្លាប់​ដូចមុន ការរៀបចំ​បាញ់​សាកល្បង​មីស៊ីល​នេះ​អាច​នឹង​ត្រូវ​រួចរាល់ នៅ​ចុងសប្តាហ៍​ក្រោយនេះ។

នៅ​ទីក្រុង​សេអ៊ូលវិញ មន្រ្តី​ជាន់ខ្ពស់​កូរ៉េ​ខាង​ត្បូង​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ថា កូរ៉េ​ខាង​ត្បូង​ក៏​យល់ថា កូរ៉េ​ខាងជើង​បាន​រៀបចំ​ការ​បាញ់​សាកល្បង​មីស៊ីល​នេះ​ជិត​ចប់សព្វគ្រប់ដែរ ប៉ុន្តែ គេ​មិន​អាច​ដឹង​បាន​ថា តើ​អាជ្ញាធរ​ក្រុង​ព្យុងយ៉ាង​ពិត​ជា​នឹង​បាញ់​សាកល្បងមែន ឬ​ក៏​អត់ ហើយ​បាញ់​នៅ​ពេលណា​នោះទេ។

គួររំឭកឡើងវិញ​ថា កូរ៉េ​ខាងជើង​ធ្លាប់​បាន​បាញ់​សាកល្បង​មីស៊ីល​រយៈចម្ងាយ​ឆ្ងាយ​នេះ ជាច្រើន​លើក​រួចមកហើយ ក្នុង​រូបភាព​ជា​ការ​សាកល្បង​បាញ់​បង្ហោះ​ផ្កាយរណប។ ការបាញ់​សាកល្បង​លើកចុងក្រោយ​​បំផុត គឺ​ធ្វើនៅ​ខែ​មេសា​កន្លងទៅ​ថ្មីៗនេះ ប៉ុន្តែ ត្រូវ​ទទួលបរាជ័យ។

កាលពីថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. បាន​ព្រមាន​ខ្លាំងៗ​ដល់​កូរ៉េ​ខាងជើង​ កុំ​ឲ្យ​ធ្វើការ​បាញ់​សាកល្បង​មីស៊ីល​នេះ ព្រោះ​វា​ជាការ​រំលោភ​ទៅលើ​សេចក្តីសម្រេច​របស់​​ក្រុមប្រឹក្សា​សន្តិសុខ។

ក្រុមអ្នកជំនាញ​មួយចំនួន​លើកឡើង​ថា កូរ៉េ​ខាងជើង​ទំនង​ជា​ចង់​រៀបចំ​បាញ់សាកល្បង​មីស៊ីលនេះ​ឲ្យ​បាន​ទាន់ ឬ​បានមុន កូរ៉េ​ខាង​ត្បូង ដែល​គ្រោង​បាញ់បង្ហោះ​ផ្កាយរណប​របស់​ខ្លួន​ដែរ នៅថ្ងៃ​ទី២៩ វិច្ឆិកា ម្សិលមិញ។ ក៏ប៉ុន្តែ គម្រោង​បាញ់​បង្ហោះ​រ៉ុកកែត​ផ្ទុក​ផ្កាយរណប​របស់​កូរ៉េ​ខាង​ត្បូង​នេះ ត្រូវ​បានពន្យារពេល​វិញ នៅ​នាទីចុងក្រោយ ដោយ​មូលហេតុ​បច្ចេកទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ