អានតួអត្ថបទ
កូរ៉េខាងត្បូង

កូរ៉េខាងត្បូង​បើកធ្វើ​មហាសមយុទ្ធ ក្រោម​ក្រសែភ្នែក​មិន​សប្បាយចិត្ត​របស់​កូរ៉េខាងជើង

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ តុលា​នេះ កូរ៉េខាងត្បូង​បាន​បើក​ធ្វើ​មហាសមយុទ្ធ​ប្រចំា​ឆ្នំា​របស់​ខ្លួន ក្នុង​គោលដៅ​ត្រៀម​កម្លំាង​ប្រឈម​ទប់​នឹង​ការ​វាយប្រហារ​ជា​យថាហេតុ​ពី​សំណាក់​កូរ៉េខាងជើង។ មហាសមយុទ្ធ​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ភាព​តានតឹង​កំពុង​បន្ត​មាន​រវាង​បងប្អូនបង្កើត​គូសត្រូវ​ទំាង​ពីរ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្រ្តី​ការពារជាតិ​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី២៤ ម្សិលមិញ​ថា កូរ៉េខាងជើង​ប្រហែល​ជា​កំពុង​រៀប​ចំ​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​លើកទីបី។

កូរ៉េខាងត្បូង​បើកធ្វើ​មហាសមយុទ្ធ ក្រោម​ក្រសែភ្នែក​មិន​សប្បាយចិត្ត​របស់​កូរ៉េខាងជើង
កូរ៉េខាងត្បូង​បើកធ្វើ​មហាសមយុទ្ធ ក្រោម​ក្រសែភ្នែក​មិន​សប្បាយចិត្ត​របស់​កូរ៉េខាងជើង ©Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​មហាសមយុទ្ធ​ដែល​មាន​រយៈពេល​មួយ​សប្តាហ៍​ឆ្នំា​នេះ មាន​ការ​ចូលរួម​ដោយ​កម្លំាងទ័ព​ជើងអាកាស ជើងគោក និង​ជើងទឹក​សរុប​មាន​គ្នា ២៤ម៉ឺននាក់ ព្រម​ទំាង​កម្លំាង​ប៉ូលិស​ផងដែរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេនាធិការដ្ឋាន​អន្តរយោធា។ ក្រៅ​ពី​កម្លំាងទ័ព​កូរ៉េខាងត្បូង ក៏​មាន​ការ​ចូល​រួម​ពី​កម្លំាងទ័ព​អាមេរិកំាង​ប្រមាណ​ជា ៥០០នាក់​ផងដែរ ក្នុង​ចំណោម​ទាហាន​អាមេរិកំាង​សរុប​ទំាង ២៨ ៥០០នាក់​ដែល​កំពុង​ប្រចំាការ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង ស្រប​តាម​កិច្ចព្រមព្រៀង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​សេអ៊ូល​តំាង​ពី​ក្រោយ​សង្រ្គាម​កូរ៉េ​ឆ្នំា ១៩៥០ ១៩៥៣។ សេនាធិការដ្ឋាន​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ថា គោលដៅ​នៃ​មហាសមយុទ្ធ​ពេល​នេះ គឺ​ដើម្បី​ប្រឈមទប់​នឹង​ការ​បង្ករឿង​ផ្សេងៗ​ពី​សំណាក់​កូរ៉េខាងជើង ឬមួយ​ក៏​នៅ​ពេល​មាន​សង្រ្គាម​ផ្ទុះ​ឡើង​ជា​យថាហេតុ។

សូម​ជម្រាប​ជូន​ថា ស្ថានភាព​​រវាង​​បងប្អូន​បង្កើត​គូសត្រូវ​ទំាងពីរ​ពេល​នេះ​ហាក់​ដូច​ឡើង​តានតឹង​មួយ​កម្រិត​ថែម​ទៀត នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​កូរ៉េខាងត្បូង​កាន់​តែ​ខិតចូល​ជិត​មក​ដល់។ កូរ៉េខាងជើង​បាន​ឆ្លៀត​យក​ឱកាស​នៃ​ការ​ត្រៀម​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ពេល​នេះ ដើម្បី​ព្យាយាម​ពុះ​ចែក​កូរ៉េខាងត្បូង​ជា​ពីរ​រវាង​ក្រុម​អ្នកអភិរក្សនិយម​ដែល​មាន​និន្នាការនយោបាយ​តឹងតែង​ជាមួយ​ខ្លួន និង​ក្រុម​មិនតឹងតែង​ដែល​មាន​ការ​សម្របសម្រួល។

គួរ​រម្លឹក​ជូន​ថា កាល​ពី​ពេល​ថ្មីៗ​នេះ កូរ៉េខាងត្បូង​បាន​ប្រកាស​ឲ្យ​ដឹង​អំពី​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សហរដ្ឋអាមេរិក​ស្តីពី​ការ​​បង្កើន​ចម្ងាយ​បាញ់​កំាជ្រួចមីស្ស៊ីល​អន្តរទ្វីប។ យោង​តាម​កិច្ចព្រមព្រៀង ចម្ងាយ​នៃ​ការ​បាញ់​កំាជ្រួចមីស្ស៊ីល​អន្តរទ្វីប​របស់​កូរ៉េខាងត្បូង​នឹង​ត្រូវ​កើន​មួយ​ជា​បី មាន​ន័យ​ថា អាច​បាញ់​ទៅ​ដល់​ដែនដី​មួយភាគ​នៃ​ប្រទេស​ចិន និង​ប្រទេស​ជប៉ុន ពិសេស​អាច​ទៅ​គ្របដណ្តប់​លើ​ដែនដី​កូរ៉េខាងជើង​ទំាង​មូល​តែ​ម្តង។

អ្វី​ជា​ការ​កត់សម្គាល់ សមយុទ្ធ​ប្រចំាឆ្នំា​​របស់​កូរ៉េខាត្បូង​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក Leon Panetta ក្នុង​ទឹកដី​កូរ៉េខាងត្បូង។ ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្រ្តី​ការពារជាតិ​កូរ៉េខាងត្បូង​បាន​ប្រាប់​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ថា កូរ៉េខាងជើង​កំពុង​រៀប​ចំ​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​លើកទីបី។ បើ​យោង​តាម​រូប​លោក​រដ្ឋមន្រ្តី​ការពារជាតិ​កូរ៉េខាងត្បូង​ដដែល កូរ៉េខាងជើង​បាន​រៀបចំ​គម្រោង​សាកល្បង​នុយក្លេអ៊ែរ​ជា​លើកទីបី​នេះ​តំាង​ពី​យូរ​មក​ហើយ។ សូម​រម្លឹក​ជូន​ថា កូរ៉េខាងជើង​ធ្លាប់​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ចំនួន​ពីរ​លើក​រួច​មក​ហើយ គឺ​ម្តង​នៅ​ក្នុង​ខែ​តុលា ឆ្នំា ២០០៦ និង​ម្តង​ទៀត នៅ​ក្នុង​ខែ​ធ្នូ ឆ្នំា ២០០៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ