អានតួអត្ថបទ
ស៊ីរី

ប្រេសិត​អ.ស.ប.-សម្ព័ន្ធអារ៉ាប់​ចង់ឲ្យ​ចិន​មាន​តួនាទី​សកម្ម​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ស៊ីរី

លោក​ឡាក់ដារ ប្រាហ៊ីមី (Lakhdar Brahimi) ប្រេសិត​ពិសេស​របស់​អ.ស.ប. និង​សម្ព័ន្ធ​អារ៉ាប់ បាន​ថ្លែង​នៅថ្ងៃ​ពុធ​នេះ​ថា លោក​ចង់​ឲ្យ​​ចិន​​ខិតខំ​​ឲ្យបាន​កាន់តែ​សកម្ម ក្នុងការ​ជួយ​បញ្ចប់​អំពើ​ហិង្សា នៅ​ស៊ីរី។ លោក​ប្រាហ៊ីមី​បាន​ថ្លែងបែបនេះ នៅ​ពេល​លោក​ជួបជាមួយ​លោក​យ៉ាង ជៀឈី (Yang Jiechi) រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន នៅ​ទីក្រុង​ប៉េកាំង ក្នុង​ដំណើរទស្សនកិច្ច​រយៈពេល២ថ្ងៃ។

លោក​ឡាក់ដា ប្រាហ៊ីមី និង​លោក​យ៉ាង ជៀឈី នៅ​ប៉េកាំង ថ្ងៃពុធ ៣១ តុលា ២០១២
លោក​ឡាក់ដា ប្រាហ៊ីមី និង​លោក​យ៉ាង ជៀឈី នៅ​ប៉េកាំង ថ្ងៃពុធ ៣១ តុលា ២០១២ REUTERS/Takuro Yabe
ផ្សាយពាណិជ្ជកម្ម

លោក​ប្រាហ៊ីមី​បាន​​ទៅដល់​ប្រទេស​ចិន កាល​ពីថ្ងៃ​អង្គារ ម្សិលមិញ ក្រោយ​ពី​បាន​បញ្ចប់​ដំណើរទស្សនកិច្ច នៅ​រុស្ស៊ី។ ចិន និង​រុស្ស៊ី ដែល​ជា​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ ធ្លាប់​បាន​​ប្រើសិទ្ធិវ៉េតូ​​រហូតដល់ទៅ ៣លើក ជំទាស់​មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ចេញ​សេចក្តីសម្រេច​ ទាក់ទង​នឹង​សំណុំរឿងស៊ីរី។

ប្រសិត​ពិសេស​របស់​អ.ស.ប. និង​សម្ព័ន្ធ​អារ៉ាប់ បាន​លើកឡើង​ថា លោក​សង្ឃឹមថា​ចិន​នឹង​អាច​ដើរតួនាទី​យ៉ាងសកម្ម ក្នុងការ​ជួយដោះស្រាយ​វិបត្តិ​ស៊ីរី ក៏ប៉ុន្តែ មិនបាន​បញ្ជាក់​លម្អិត​​ច្បាស់លាស់​ថា​ តើ​លោក​ចង់​ឲ្យ​ចិន​ធ្វើ​អ្វី​ខ្លះនោះទេ?

ទោះជាយ៉ាងណា​ គេសង្កេតឃើញ​ជាទូទៅ​ថា ចិន​តែងតែ​ប្រកាន់​យក​នូវ​គោលការណ៍​មួយ គឺ​ប្រឆាំងជាប់ជានិច្ច​ទៅនឹង​ការ​លូកដៃ​ពីខាងក្រៅ ចូលទៅជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ។ កាលពី​ក្នុង​អំឡុង​​មហាសន្និបាត​អ.ស.ប. នៅញូវយ៉ក កាល​ពីខែ​មុន លោក​ប្រាហ៊ីមី ក៏​ធ្លាប់​បាន​ជួប​លោក​​យ៉ាង ជៀឈី​ម្តងរួចមកហើយ​ដែរ។ នៅពេលនោះ លោក​រដ្ឋមន្រ្តី​ការបរទេស​ចិន​​បាន​លើកឡើង​​បញ្ជាក់​ពី​ជំហរ​របស់​ចិន​ថា ដំណោះស្រាយ​វិបត្តិ​នៅ​ស៊ីរី គឺ​ត្រូវតែ​ដោះស្រាយ​តាម​​ផ្លូវនយោបាយ តាមរយៈការ​ចរចា​គ្នា​រវាង​ភាគីជម្លោះ ក្នុង​ប្រទេស​ស៊ីរី ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ។

នៅ​ក្នុង​ជំនួប​សាជាថ្មី នៅថ្ងៃ​ពុធ​នេះ លោក​យ៉ាង ជៀឈី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​បាន​ថ្លែង​អំណរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ប្រាហ៊ីមី ក្នុងសំណុំរឿង​ស៊ីរី ហើយ​ថា លោក​សង្ឃឹមថា ជំនួបនេះ​នឹង​អាច​ជួយ​បង្កើន​ការ​យោគយល់គ្នា ក្នុងការ​ស្វែងរក​មធ្យោបាយ​សមស្រប ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ស៊ីរីនេះ។

គួររំឭកឡើងវិញ​ថា កាល​ពី​វិបត្តិ​នៅលីប៊ី ចិន​ក៏​ធ្លាប់​បាន​ប្រឆាំង​នឹង​ការ​ធ្វើ​អន្តរាគមន៍​យោធា​បរទេស​ដែរ ប៉ុន្តែ នៅពេល​ក្រុមប្រឹក្សា​សន្តិសុខ​អនុម័ត​​​សេចក្តីសម្រេច​ ​អនុញ្ញាត​​ឲ្យ​មាន​ប្រតិបត្តិការ​យោធា​តាមផ្លូវ​អាកាស នៅ​លីប៊ី ចិនមិនបាន​ប្រើសិទ្ធិវ៉េតូ​​របស់​ខ្លួន​នោះទេ គឺ​​​បាន​ត្រឹមតែ​​បោះឆ្នោត​អនុប្បវាទ ដែល​ជា​ការ​បើកផ្លូវ​ឲ្យ​​មាន​ប្រតិបត្តិការ​យោធា​នៅ​លីប៊ី។ ក្រោយមក ចិន​ រួមជាមួយ​នឹង​រុស្ស៊ី តែងតែ​បាន​ចោទ​ប្រទេស​លោកខាងលិច​ថា​បាន​ធ្វើ​ហួស​ពី​អ្វី ដែល​បាន​ចែង​ក្នុង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នេះ ហើយ​​ឈាន​ទៅ​បើក​ប្រតិបត្តិការ​យោធា​​ ដើម្បី​ផ្តួលរំលំ​របបដឹកនាំ​របស់​លោក​កាដាហ្វ៊ី។ ហេតុដូច្នេះ​ហើយ​បាន​ជា​ចិន និង​រុស្ស៊ី តែងតែ​លើកឡើង​ថា ពួកគេ​ជំទាស់​មិន​ឲ្យ​មាន​ក្រុមប្រឹក្សា​សន្តិសុខ​លូកដៃ​ចូល​ក្នុង​សំណុំរឿង​ស៊ីរី ព្រោះ​​ពួកគេ​ខ្លាច​​ជាន់ដាន​​វិបត្តិ​​លីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ