អានតួអត្ថបទ
អាល្លឹម៉ង់​-រុស្ស៊ី-អាមេរិក

វិបត្តិ​អ៊ុយក្រែន៖លោកស្រី​មែរគែល​​​ប្រាប់​​លោក​​ពូទីន​​​ថា​​​លោកស្រី​​​​បារម្ភ​ខ្លាំង

ក្នុង​ការ​សន្ទនាទូរសព្ទជាមួយ​ប្រធានាធិបតីរុស្ស៊ី​ពូទីន ​​នៅថ្ងៃ​សុក្រនេះ ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់​ លោកស្រី​​អាន់ហ្កឺឡា មែរគែល​ បាន​​និយាយ​ប្រាប់​លោកពូទីន ថា​លោកស្រី​មាន​ការព្រួយបារម្ភខ្លាំង​ចំពោះ​ស្ថានភាព​តានតឹង​​នៅអ៊ុយក្រែន​នៅ​ពេលនេះ។ នេះ​បើ​​យោងតាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​លោក ស្តេហ្វិន សីប៊ែរ Stffen Seibert។ 

ប្រធានាធិបតី​រុស្ស៊ី ពូទីន និងប្រមុខដឹកនាំ​អាល្លឺម៉ង់​ មែរគេល
ប្រធានាធិបតី​រុស្ស៊ី ពូទីន និងប្រមុខដឹកនាំ​អាល្លឺម៉ង់​ មែរគេល (Photo : reuters)
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ លោក​ស្តេហ្វិន សីប៊ែរ បានប្រាប់​អោយ​ដឹង​នៅថ្ងៃ​សុក្រ​នេះថា លោកស្រី​អាន់ហ្កឺឡា មែរគែល បាន​​​​​​ប្រាប់​តាម​ទូរសព្ទ​ទៅ​លោកពូទីន ថា​លោកស្រី​​មាន​ការព្រួយបារម្ភ​ខ្លាំង​ ចំពោះ​ភាពតានតឹង​នៅ​ភាគខាងកើត​អ៊ុយក្រែន​បច្ចុប្បន្ន​​នេះ។ ​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី​​​ថា ​អាល្លឺម៉ង់​ចង់​អោយ​រដ្ឋាភិបាល​​រុស្ស៊ី​​​បង្ហាញ​​សកម្មភាព​ជាក់ស្តែង​​​​ថា រុស្ស៊ី​ពិតជា​យល់ស្របតាម​​កិច្ចព្រមព្រៀង​​​​ក្រុង​ហ្សឺណែវ​ ​សំដៅ​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន ដែលរុស្ស៊ី សហភាពអឺរ៉ុប អាមេរិក និង​អ៊ុយក្រែន ​សម្រេច​បាន​​កាលពី​ថ្ងៃ​១៧មេសា កន្លងទៅ​។

​​គួររំលឹក​ថា ​កិច្ចព្រមព្រៀង​​​​ ​ថ្ងៃ​​១៧មេសា មានទិសដៅ​​ដកហូត​អាវុធ​ពី​ក្រុមប្រដាប់​អាវុធ​ខុសច្បាប់ ដែល​កំពុង​ធ្វើ​សកម្មភាពនៅ​អ៊ុយក្រែន ចែង​បញ្ចប់​ហិង្សា សកម្មភាព​បង្ក្រាប រឺ​ការ​បង្ករឿង​ពី​គ្រប់ភាគី និង​ចែង​មិន​យក​ទោសពៃរ៍​សកម្មជន​គាំទ្រ​រុស្ស៊ី ដែលបាន​ចូលរួម​បះបោរ។ យោងតាម​កិច្ចព្រមព្រៀង​នេះ សកម្មជន​គាំទ្រ​រុស្ស៊ី និង​​សកម្មជន​​​ក្រុងគៀវ ក៏​ត្រូវតែ​ដកខ្លួន​ឈប់​កាន់កាប់​អគារ​សាធារណៈ​ផងដែរ។ ​ ​អាល្លឺម៉ង់​ចោទ​​​រុស្ស៊ី​​​​ថា​ ​មិនបាន​​ធ្វើអ្វី​ទៅមុខ​ ដើម្បីជំរុញ​អោយ​មាន​ដំណោះស្រាយវិបត្តិ​​អ៊ុយក្រែន​ស្រប​តាម​​កិច្ច​ព្រមព្រៀង​​​ទេ។ ​​​

ទាក់ទង​នឹង​​ជំនួប​ទូរសព្ទ​រវាងលោកស្រី មែរគែល និង​លោកពូទីន វិមាន​ក្រិមឡាំង​បាន​បកស្រាយ​​ផ្សេងទៅវិញ​ថា​ មេដឹកនាំ​ទាំង២​បាន​ផ្តោះប្តូរ​យោបល់​គ្នា​ពី​បញ្ហា​អ៊ុយក្រែននេះ ហើយ​អ្នកទាំង​២​ក៏បាន​លើកឡើងដែរ​​ថា រដ្ឋាភិបាល​ក្រុងគៀវ នៅ​ញញើត​ក្នុង​ការ​អនុវត្តន៍​​​​​​​​​កិច្ច​ព្រមព្រៀង​​ ក្រុងហ្សឺណែវ​នេះ។​ ​​វិមាន​​ក្រិមឡាំង​​បន្ថែម​ថា ក្នុងកិច្ចសន្ទនា​ជាមួយ​លោកស្រី​មែរគែល ​លោកពូទីន​បានថ្កោលទោសរដ្ឋាភិបាល​ក្រុងគៀវដែល​​ព្យាយាមប្រើកងទ័ព​ប្រឆាំង​​​ជនស៊ីវិល​ នៅ​ភាគ​អាគ្នេយ៍។ ទន្ទឹម​នេះដែរ ​លោកស្រី​មែរគែល និង​លោក​ពូទីន ក៏​បាន​គូសបញ្ជាក់ផងដែរ​ ​​ពី​សារៈសំខាន់​​នៃ​ជំនួប​ត្រីភាគី​រវាង​រុស្ស៊ី សហភាព​អឺរ៉ុប និងអ៊ុយក្រែន​ ដើម្បី​ពិភាក្សា​​ពី​ការផ្គត់ផ្គង់​ឧស្ម័ន។ ​

នៅថ្ងៃ​១និង​២ឧសភា​ ​​ខាងមុខ​នេះ ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ ​អាន់ហ្កឺឡា មែរគែល នឹង​បំពេញ​ទស្សនកិច្ច​នៅ​ក្រុងវ៉ាស៊ីនតោន។ លោកស្រី​នឹង​ពិភាក្សា​ជាមួយ​​​លោក​អូបាម៉ាពី​ស្ថានភាព​នៅ​អ៊ុយក្រែន និង​ពី​​ការស៊ើបការណ៍របស់​ភ្នាក់ងារ​​ចារកិច្ច​អាមេរិក​​ដែល​ជាប់​រឿងអាស្រូវថា​ ​បាន​លួច​ស្តាប់​ទូរសព្ទ​​ថ្នាក់ដឹកនាំ​អឺរ៉ុប រួមមាន​រូបលោក​ស្រីមែរគែល​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ