អានតួអត្ថបទ
រុស្ស៊ី

ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ បាន​បន្ទាប​ចំណាត់ថ្នាក់​​សាធនភាព​របស់​រុស្ស៊ី​

ការ​បន្ទាប​នេះ​ ត្រូវបាន​ប្រកាស​ថ្ងៃសុក្រ​២៥មេសា​ដោយ​ទីភ្នាក់ងារ​អន្តរជាតិ​ខាង​វាយតម្លៃ​ហានិភ័យ​បំណុល Standard & Poor’s។ មូលហេតុ​មកពី​ស្ថានការណ៍​​កាន់តែ​តានតឹង​នៅ​អ៊ុយក្រែន ដែល​បង្កជា​ហានិភ័យ​ដល់​សេដ្ឋកិច្ច​រុស្ស៊ី​ផ្ទាល់។

ទីភ្នាក់ងារ​​អន្តរជាតិ​​​វាយតម្លៃ​​ហានិភ័យ​​បំណុល​ Standard & Poor’s
ទីភ្នាក់ងារ​​អន្តរជាតិ​​​វាយតម្លៃ​​ហានិភ័យ​​បំណុល​ Standard & Poor’s Reuters
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​អន្តរជាតិ​ខាង​វាយតម្លៃ​ហានិភ័យ​បំណុល Standard & Poor’s បាន​បន្ទាប​ឲ្យ​ចុះ​មួយកម្រិត ចំណាត់ថ្នាក់​អធិបតេយ្យ​របស់​រុស្ស៊ី​ខាង​រូបិយវត្ថុ​បរទេស គឺ​ពីទ្រនិច BBB ដល់BBB- ទាំង​ព្យាករ​ថា ចំណាត់ថ្នាក់​នេះ​ទៅ​អនាគត គឺ​អវិជ្ជមាន។ Standard & Poor’s ថែមទាំង​ព្រមាន​ទៅ​ផងថា ក្នុង​ថ្ងៃមុខ ខ្លួន​អាចបញ្ចុះ​ចំណាត់ថ្នាក់​នេះ​របស់​រុស្ស៊ី​តទៅ​ទៀត លុះ​ទាល់តែ​ច្រាន​ប្រទេស​រុស្ស៊ី​ឲ្យ​ធ្លាក់ក្នុង​ជំពូក​នៃ​វិនិយោគ​ហៅថា មាន​លក្ខណៈ“កេងប្រវ័ញ្ច”។ បើធ្លាក់​ក្នុង​ស្ថានភាព​នេះ​មែន នោះ​រុស្ស៊ី​ដែល​សេដ្ឋកិច្ច​ខ្លួន​ស្ថិត​នៅនឹង​មាត់ជ្រោះ​ដើរ​ថយក្រោយ “ ទៅហើយ មុខជា​ពិបាក​ទទួល​លទ្ធភាព​ចូល​ទៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ។

ប៉ុន្តែ លោក​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រុស្ស៊ី Alexei Oulioukaiev ចាត់ទុក​ការ​វាយតម្លៃ​របស់ Standard & Poor’s ចំពោះ​ប្រទេស​រុស្ស៊ី ថា​ក៏​បណ្តាល​មកពី​មូលហេតុ​នយោបាយ​ដែរ។

ការ​វាយតម្លៃ​នេះ ត្រូវបាន​ទីភ្នាក់ងារ Standard & Poor’s ធ្វើ​នៅ​ចំពេល​ដែល​ស្ថានការណ៍​បន្ត​តានតឹង​នៅ​អ៊ុយក្រែន មកពី​កងទ័ព​រដ្ឋាភិបាល​អ៊ុយក្រែន​វាត​ប្រតិបត្តិការ​ជាថ្មី ដើម្បី​បង្ក្រាប​ពួក​ផ្តាច់​ទឹកដី​ដែល​រុស្ស៊ី​និយម នៅ​តាម​ខេត្ត​ខាងកើត​អ៊ុយក្រែន។ ម៉ូស្គូ​តាម​រយៈ​បបូរមាត់​លោក​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី Serguei Lavrov ព្រឹកមិញ បាន​រិះគន់​សម​ភាគី​អាមេរិក លោកJohn Kerry ថា​មាន​ទេពកោសល្យ​ខាង​ប្រែខ្មៅ ទៅ​ស ដោយ​ខំ​ការពារ​របប​ក្រុងគៀវ។

ទីភ្នាក់ងារ Standard & Poor’s ក៏​កត់​សម្គាល់​ថា ស្ថានការណ៍​ភូមិសាស្ត្រ​នយោបាយ​តានតឹង​រវាង​រុស្ស៊ី និង​អ៊ុយក្រែន អាចជា​មូលហេតុ​ញ៉ាំងឲ្យ​មាន​លំហូរ​ដើមទុន​ទាំង​របស់​បរទេស ទាំង​របស់​ជាតិ​រុស្ស៊ី ហូរចេញ​ពី​សេដ្ឋកិច្ច​រុស្ស៊ី។ យ៉ាងណាមិញ គ្រាន់តែ​ក្នុង​ត្រីមាស​ទី១​ឆ្នាំ២០១៤​នេះ លំហូរនេះ​បាន​មាន​ទឹកប្រាក់​ដល់ ៥១.០០០លានដុល្លារ ស.រ.អា.ទៅហើយ គឺ​ច្រើនជាង​ឆ្ងាយ​ពី​ឆ្នាំមុនៗ។ ឧទាហរណ៍ ក្នុង​ចន្លោះពី​ឆ្នាំ២០០៨ ដល់​២០១៣ លំហូរនេះ​ក្នុង​១ឆ្នាំៗ បាន​មាន​​ទឹកប្រាក់​តែ ៥៧.០០០លាន ដុល្លារ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ