អានតួអត្ថបទ
អ៊ុយក្រែន

ប្រធានាធិបតី​និង​ក្រុមប្រឆាំង​អ៊ុយក្រែន​ ចុះ​ហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​

ដើម្បី​ស្រោចស្រង់​អ៊ុយក្រែន​អោយ​ងើបពី​វិបត្តិ​នយោបាយ ជាង​៣ខែ​មកនេះ​ នៅ​ថ្ងៃ​សុក្រ​នេះ ប្រធានាធិបតីវិចទ័រ ​យ៉ានូកូវិច និង​ក្រុមប្រឆាំង​អ៊ុយក្រែន​ បាន​​​​​ចុះ​ហត្ថលេខា​​រួមគ្នា​ លើ​កិច្ច​ព្រមព្រៀង​​​មួយ ក្រោមអធិបតីភាពរបស់​តំណាង​សហភាពអឺរ៉ុប។ កិច្ចព្រមព្រៀង​ចែងទាក់ទង​នឹង​​​សំណើ​របស់​ប្រធានាធិបតី​អ៊ុយក្រែន ដែល​ក្រុមប្រឆាំង​បានទទួលយក មាន​ដូចជា​ ​ការស្នើ​អោយ​មានការ​បោះឆ្នោត​ប្រធានាធិបតី​មុនអាណត្តិ ការបង្កើត​រដ្ឋា​ភិបាល​ចំរុះ និងការធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ។ ក្រោយ​ការចុះហត្ថលេខា​នេះ​ សភា​អ៊ុយក្រែន​បាន​បោះឆ្នោត​គាំទ្រ​អោយ​មានការអនុម័តប្រើ​​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៤ឡើងវិញ។ តែ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ចែង​កាត់បន្ថយ​​អំណាច​ប្រធានាធិបតី។

បុរស​ម្នាក់​កំពុង​បន់ស្រន់​អោយ​ព្រះយេស៊ូជួយ​ នៅ​ទីក្រុងគៀវ ថ្ងៃ​២១ កុម្ភៈ​នេះ។
បុរស​ម្នាក់​កំពុង​បន់ស្រន់​អោយ​ព្រះយេស៊ូជួយ​ នៅ​ទីក្រុងគៀវ ថ្ងៃ​២១ កុម្ភៈ​នេះ។ REUTERS/Yannis Behrakis
ផ្សាយពាណិជ្ជកម្ម

ដូចដែល​ប្រធានាធិបតី​អ៊ុយក្រែនបាន​ប្រកាស តាំងតែ​ពី​ព្រឹកថ្ងៃសុក្រ​នេះ នៅទីបំផុត កិច្ច​ព្រមព្រៀង​មួយ​ ​​រវាង​​ក្រុមប្រឆាំង​ និង​ប្រធានាធិបតីយ៉ានូកូវិច​ ​ត្រូវបាន​ចុះហត្ថលេខា ក្នុង​ទិសដៅ​ដោះស្រាយ​វិបត្តិ​នយោបាយ​អ៊ុយក្រែន​​ ដែល​បាន​រ៉ាំរ៉ៃ​ជាង​៣ខែ​មកនេះ។ គណៈ​កម្មា​ធិការ​តំណាង​​ក្រុមបាតុករ​នៅ​ទីលានឯករាជ្យ​ម៉ៃដាន់ ក្នុង​ទីក្រុង​គៀវ បាន​អនុម័ត​នូវ​គម្រោង​​កិច្ចព្រមព្រៀង​អឺរ៉ុប​មួយ ​យល់ព្រមអោយ​​មេដឹកនាំ​ក្រុមប្រឆាំង​៣រូប ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​​​ជាមួយ​លោក​​​យ៉ានូកូវិច។ ​​

​​កិច្ចព្រមព្រៀងដែល​ភាគី​ទាំង២​បានចុះហត្ថលេខា​ ថ្ងៃសុក្រ​​នេះ ចែង​ទាក់ទង​នឹង​សំណើ​របស់​ប្រធានាធិបតី​យ៉ានូកូវិច ចំពោះ​ក្រុមប្រឆាំង។ លោកយ៉ានូកូវិច ​បានស្នើ​​ក្រុមប្រឆាំង​​អោយ​យល់ព្រម​​អោយ​មាន​ការ​បោះឆ្នោត​​ប្រធានាធិបតី​មុន​អាណត្តិ ការបង្កើត​រដ្ឋាភិបាល​ចំរុះ និងការធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ។ លោក​យ៉ានូកូវិច​ចង់​រក្សា​ទុក​ច្បាប់​ឆ្នាំ២០០៤ ដែល​ក្រុមបាតុករ​ចង់​អោយលុបចោល ប៉ុន្តែ លោក​បាន​យល់ព្រម​អោយ​​មាន​ការ​កាត់បន្ថយ​​អំណាច​​ប្រធានាធិបតី។​ ​ការបន្ថយ​អំណាច​នេះ ក៏ជា​ការចង់បាន​របស់​ក្រុមប្រឆាំង​ពីដំបូង​ទី​ផងដែរ។

ក្នុង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅថ្ងៃ​សុក្រ​នេះ ក្រុមប្រឆាំង​បាន​ដាក់លក្ខខណ្ឌ​​អោយ​រដ្ឋមន្ត្រី​មហាផ្ទៃ Vitali Zakhartchenko វិតាលី ហ្សាខាតឆិនកូ​ និង​រដ្ឋអាជ្ញា​ Viktor Pchonka វិចទ័រ​ ឆុនកា​ ស្ថិត​នៅ​ក្រៅ​អនាគត​រដ្ឋាភិបាល​បណ្តោះ​អាសន្ន។ មូលហេតុ​ គឺ​ដោយសារ​តែ​អ្នកទាំង២​នេះ ​ជាប់ពាក់ព័ន្ធនឹង​​ការដែលប៉ូលិស​និង​តុលាការ​អ៊ុយក្រែន​បាន​​​ធ្វើ​សកម្មភាព​ប្រឆាំង​និង​បង្ក្រាប​បាតុកម្ម។

គួររំលឹកថា ​អ៊ុយក្រែន​បាន​ធ្លាក់​ក្នុង​វិបត្តិ​ជាង​៣ខែ​មកនេះ ដើមឡើយ​ដោយសារ​តែ​​រុស្ស៊ី​បានដាក់សម្ពាធ​រដ្ឋាភិបាល​អ៊ុយក្រែន ធ្វើអោយ​ប្រធានាធិបតី​យ៉ានូកូវិច ​​ផ្អាក​ការ​ចុះ​ហត្ថលេខា​​បង្កើត​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​សហភាព​​អឺរ៉ុប។ ​​ប្រជាជន​ដែលគាំទ្រ​នយោបាយ​​អឺរ៉ុប​ បាន​ធ្វើបាតុកម្មប្រឆាំង​រដ្ឋាភិបាល​ រហូត​មាន​ការ​ប៉ះទង្គិច​ហិង្សា​ជាមួយ​ប៉ូលិស។ ​​​​

សហភាពអឺរ៉ុប​មានបារាំង​និង​ប៉ូឡូញ រួម​នឹង​​អាមេរិក​បាន​ចេញ​អន្តរាគមន៍ ​ដាក់សម្ពាធ​ប្រធានាធិបតី​​​​​យ៉ានូកូវិច​ ​​​ជំរុញ​អោយ​រកដំណោះស្រាយ​ជាមួយ​ក្រុមប្រឆាំង។ មុន​ក្រុមប្រឆាំង​និង​លោក​យ៉ានូកូវិច ចុះ​ហត្ថលេខា​​​លើ​កិច្ចព្រមព្រៀង​​​ថ្ងៃសុក្រ​នេះ​ ហិង្សា​​បាតុកម្ម​ តាំង​ពីថ្ងៃ​អង្គារកន្លងមក​ ​​ បាន​សម្លាប់​មនុស្ស​ជិត​៨០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ