អានតួអត្ថបទ
អ៊ុយក្រែន

ប្រធានាធិបតី​អ៊ុយក្រែន​ប្រកាស​ថា​ នឹង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​ មុន​កាល​កំណត់​

នៅថ្ងៃ​សុក្រនេះ អំពើហិង្សា​នៅតែ​បន្ត​មាន​នៅទីក្រុង​គៀវ។ ​ក្រុមបាតុករ​បាន​បាញ់​ទៅលើ​ក្រុមប៉ូលិស ហើយ​ប៉ូលិស​ក៏​បានតបត​វិញផងដែរ។ ​​តាំងពី​ថ្ងៃ​អង្គារ​មក មនុស្ស​យ៉ាងហោច​​៧៥នាក់ បានស្លាប់​ក្នុង​ការប៉ះទង្គិច​ហិង្សា​។ នៅថ្ងៃ​សុក្រនេះ ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​​​វិបត្តិ​ ប្រធានាធិបតី​យ៉ានូកូវិច​បានយល់ព្រម​អោយ​មានកំណែទម្រង់​រដ្ឋធម្មនុញ្ញ និង​បាន​ប្រកាស​ពី​ការ​រៀបចំការបោះឆ្នោត​ប្រធានាធិបតី​មុនកាលកំណត់។ ប៉ុន្តែ​ប្រធានាធិបតី​យ៉ានូកូវិច​បានប្រាប់​ថា​នឹង​ប្រើ​ច្បាប់​ឆ្នាំ២០០៤ ដែល​ក្រុមបាតុករ​ទាមទារ​អោយ​លុបចោល​នោះ តែលោកយ៉ានូកូវិច​យល់ព្រម​កាត់​បន្ថយ​​អំណាច​ប្រធានាធិបតី​។​

ប្រធានាធិបតី​អ៊ុយក្រែន វិចទ័រ យ៉ានូកូវិច
ប្រធានាធិបតី​អ៊ុយក្រែន វិចទ័រ យ៉ានូកូវិច AFP PHOTO/ POOL / BATKIVSCHCHYNA PARTY PRESS-SERVICE / ANDREW KR
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សុក្រនេះ អំពើហិង្សា​បាន​​បន្ត​​វាយប្រហារ​​នៅទីក្រុង​គៀវ ប្រទេស​អ៊ុយក្រែន។ យោងតាម​ប៉ូលិស​ ក្រុមបាតុករ​បាន​បាញ់​សំដៅ​លើ​ក្រុមប៉ូលិស ដោយបាន​ព្យាយាម​ចូលទៅ​ក្នុង​សភា​អ៊ុយក្រែន ហើយប៉ូលិសក៏​​បាន​តបត​ទៅវិញ​​ផងដែរ។ ចំពោះវិបត្តិ​អ៊ុយក្រែន​នៅពេលនេះ ​​សហភាពអឺរ៉ុប​​​ កំពុង​តែ​រង់ចាំ​​អោយ​មានការ​ចុះហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​រយៈពេល​បណ្តោះអាសន្នមួយ សំដៅ​បញ្ចប់​អំពើហិង្សា និង​វិបត្តិ​នយោបាយ​អ៊ុយក្រែន។

​ម្សិលមិញ​នេះ ​រដ្ឋ​មន្ត្រី​ការបរទេស​បារាំង​និង​ប៉ូឡូញ បាន​ជួបចរចា​ អឺរ៉ុប ​ជាមួយ​រដ្ឋាភិបាល​និង​មេដឹកនាំ​ក្រុមប្រឆាំង​អ៊ុយក្រែន។ ការពិភាក្សា​ផ្តោត​លើ​ការបញ្ចប់​អំពើហិង្សា​ ការ​បង្កើត​រដ្ឋាភិបាលអន្តរកាល ​​ការរៀបចំ​ការបោះឆ្នោត​មុនកាលកំណត់ រួមទាំង​​រដ្ឋធម្មនុញ្ញ​អ៊ុយក្រែន ដែល​ជា​ដើមហេតុ​នៃការផ្ទុះ​អំពើហិង្សា​កាលពីថ្ងៃ​អង្គារ​នោះ​ដែរ។ ​​ក្នុង​រដ្ឋធម្មនុញ្ញ ក្រុមប្រឆាំង​អ៊ុយក្រែន​បាន​ទាមទារ​អោយ​លុបចោល​ច្បាប់​គ្រឹះ​ឆ្នាំ​២០០៤។ កិច្ចព្រមព្រៀង​ដែល​សហភាពអឺរ៉ុបរង់ចាំ​​អោយ​មានការចុះហត្ថលេខា​នៅពេល​នេះ​ គឺជា​កិច្ចព្រមព្រៀង​ផ្តោតលើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ និង​ការរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​និង​សភា។ ថ្ងៃខែ​នៃ​ការបោះឆ្នោត​​នេះ នៅ​មិនទាន់​គេកំណត់​ចេញ​នៅឡើយទេ។

រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប​បានជួបប្រជុំគ្នា​ ម្សិលមិញ​នៅក្រុងព្រុចសែល និង​បាន​សម្រេច​ថា​នឹង​ដាក់ទណ្ឌកម្ម​ប្រឆាំង​​អ្នកទទួលខុសត្រូវ​ដែល​បង្ក​អោយ​អ៊ុយក្រែន​ធ្លាក់ក្នុង​អំពើហិង្សា។ អនុប្រធានាធិបតី​​អាមេរិក ចូ បៃដិន ​វិញ បាន​ព្រមាន​ប្រធានាធិបតី​អ៊ុយក្រែន​ ថា​អាមេរិក​ត្រៀម​ខ្លួន​នឹង​ដាក់ទណ្ឌកម្ម​លើ​អ្នកទទួលខុសត្រូវ​ក្នុង​អំពើហិង្សា​នៅ​អ៊ុយក្រែន ដែល​បាន​វាយប្រហារ​ក្រុមបាតុករ​នៅ​ទីក្រុងគៀវ។ អាមេរិក​បាន​បង្ខំ​អោយ​លោកយ៉ានូកាវិច ​ដកទ័ព​និង​ប៉ូលិស​ចេញ​ពី​ហេតុការណ៍​ក្នុង​ស្រុក។

អង្គការ​អូតង់​បាន​​ ​ថ្កោលទោស​អំពើហិង្សា​បង្ហូរឈាម​នៅ​ទីក្រុង​គៀវ ហើយ​​បានអំពាវនាវ​អោយ​កងទ័ព​អ៊ុយក្រែន​ ​ចៀសវាង​ការធ្វើ​អន្តរាគមន៍ និង​ស្ថិត​នៅ​អោយ​ឆ្ងាយ​ពី​វិបត្តិ​នេះ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ