អានតួអត្ថបទ
អ៊ុយក្រែន

ប្រធានាធិបតី​​អ៊ុយក្រែន​​ វិចទ័រ​​ យ៉ានូកូវិច​​ ចេញទៅ​​ប្រទេស​​ចិន​​

នៅថ្ងៃ​អង្គារ​​​នេះ​ ប្រធានាធិបតី​អ៊ុយក្រែន លោក វិចទ័រ យ៉ានូកូវិច បាន​ចាកចេញ​ពីទីក្រុង Kiev ធ្វើដំណើរ​ឆ្ពោះ​ទៅប្រទេសចិន។ ​​ប្រធានាធិបតី​អ៊ុយក្រែន ចាកចេញ​ពី​ប្រទេស​ ចំពេល​​អ៊ុយក្រែន​កំពុងជួបវិបត្តិ បន្ទាប់​ពី​អ៊ុយក្រែន​បាន​​ផ្អាក​ការ​ចុះហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​​បង្កើតដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​សហភាពអឺរ៉ុប។

ប្រធានាធិបតី​អ៊ុយក្រែន Victor Ianoukovitch
ប្រធានាធិបតី​អ៊ុយក្រែន Victor Ianoukovitch Reuters/Grigory Dukor
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អង្គារ​​​នេះ​ ប្រធានាធិបតី​អ៊ុយក្រែន លោក វិចទ័រ យ៉ានូកូវិច បាន​ចាកចេញ​ពីទីក្រុង Kiev ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសចិន រយៈពេល​៤ថ្ងៃ។ ​​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ុយក្រៃន​នៅចិន​ ធ្វើឡើង​​ ចំពេល​​អ៊ុយក្រែន​កំពុងរង​​វិបត្តិ។ វិបត្តិ​ដែល​កើតឡើង ក្រោយពេល​​​​អ៊ុយក្រែន​ ស្ថិត​ក្រោម​សម្ពាធ​រុស្ស៊ី បាន​​ផ្អាក​ការ​ចុះហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​​បង្កើតដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​សហភាពអឺរ៉ុប នៅថ្ងៃ​២១វិច្ឆិកា​កន្លងទៅ។

នៅ​​​ក្នុង​ប្រទេស​ឯណេះវិញ សភា​អ៊ុយក្រែន​​បាន​បោះឆ្នោត​​​ទាត់ចោល​ញត្តិ​​​របស់​ក្រុមប្រឆាំង​​​ដែល​ចង់ដកសេចក្តីទុកចិត្ត​​ពីរដ្ឋាភិបាល​ ជាមួយ​នឹង​សម្លេង​គាំទ្រ​រដ្ឋាភិបាល​២២៦សម្លេង ក្នុង​ចំណោម​សម្លេង​សរុប​៤៤១។ នៅ​រដ្ឋាភិបាល​អ៊ុយក្រែន​ គណបក្ស​​​របស់​ប្រធានាធិបតី វិចទ័រ យ៉ានូកូវិច មាន​សមាសភាព​ភាគច្រើន។ សម្លេងចង់​​ដក​សេចក្តី​ទុកចិត្ត​​ពី​​រដ្ឋាភិបាល មាន​ត្រឹម​តែ​១៨៦ប៉ុណ្ណោះ។

ដោយឡែក នាយករដ្ឋមន្ត្រី​អ៊ុយក្រែន បានចេញមុខ​​​ធ្វើការ​សុំទោសជាភាសា​រុស្ស៊ី ​​ចំពោះ​ការបង្ក្រាប​បាតុកម្ម​ដែល​ធ្វើឡើង​​​​ពីសំណាក់​ប៉ូលិស​ កាលពី​យប់ថ្ងៃ​សុក្រ ឈាន​ចូលព្រឹក​ថ្ងៃ​សៅរ៍​កន្លងទៅ។ គួររំលឹកថា ឆ្លៀត​ពេល​ដែល​ប្រជាជនអ៊ុយក្រែន​​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ការ​ផ្អាកចុះហត្ថលេខា​​​លើ​កិច្ចព្រមព្រៀង​​បង្កើតដៃគូ​យុទ្ធសាស្ត្ររវាង​​អ៊ុយក្រែន​និង​​សហភាពអឺរ៉ុប ក្រុម​បាតុករ​ប្រឆាំង​អ៊ុយក្រែន​បាន​ឆ្លៀត​ធ្វើចលនា​ប្រឆាំង​ទាមទារ​អោយប្រធានាធិបតី​ យ៉ានូកូវិច​ ចុះពី​អំណាច។ ភាពតានតឹង​​ក្នុង​ប្រទេស​​ដោយសារ​សកម្មភាព​ប្រឆាំង​​នេះ ចាប់​រាលដាល​ធំឡើង​ គិត​ចាប់ពី​ពេល​អ៊ុយក្រែន​រង​នូវ​ចលនា​បដិវត្តន៍​​ទឹកក្រូច កាលពី​ចុងឆ្នាំ​២០០៤​មក។

ទស្សនកិច្ច​ប្រធានាធិបតី​អ៊ុយក្រែន​នៅចិន​​ សបង្ហាញ​​ថា អ៊ុយក្រែន​​នៅ​មានប្រទេស​ជា​ដៃគូផ្សេងទៀត ក្រៅពី​សហភាពអឺរ៉ុប និង​រុស្ស៊ី។

ប៉ុន្តែ ក្នុង​ពេល​អ៊ុយក្រែន​កំពុង​ជួប​វិបត្តិ​​បែបនេះ ហើយ​ក្នុង​ពេល​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​កំពុង​បំពេញ​ទស្សនកិច្ច​​នៅ​ចិនដូច្នេះទៀត​​​ ប្រសិន​បើ​មាន​​ការចរចា​ជា​យថាហេតុ​ណាមួយ ជាមួយ​ក្រុមប្រឆាំង ការចរចា​នោះ​ប្រហែល​ជា​ពិបាក​នឹង​សំរេច​បានណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ