អានតួអត្ថបទ
អ៊ុយក្រែន

អ៊ុយក្រែន​បោះឆ្នោត​រើស​សមាជិក​សភា​នីតិកាល​ថ្មី សម្រាប់​៥ឆ្នាំ​ទៅមុខ

អ្វី ដែល​សម្គាល់​ការបោះឆ្នោត​លើកនេះ​នៅអ៊ុយក្រែន ជា​រដ្ឋឯករាជ្យ​ធំទី២ នៃ​អតីត​សហភាព​សូវៀត គឺ​វាប្រព្រឹត្តទៅ តាម​ប្រព័ន្ធ​សមាមាត្រ​ផង តាម​ប្រព័ន្ធ​ឯកតនាម​ផង។ ​ចូលប្រឡូក ដើម្បី​ដណ្តើម​អាសនៈចំនួន ៤៥០ នៃ​រដ្ឋសភា​នេះ មាន ៨៧​គណបក្ស ពីក្នុងនោះ តាម​ការស្ទង់មតិ នឹងមាន​ប្រៀប​ជាងគេ គឺ​គណបក្ស​លោក​ប្រធានាធិបតី Yanukovich និង​គណបក្សប្រឆាំង​ធំបំផុត របស់​លោកស្រី​អតីត​នាយករដ្ឋមន្ត្រី Timochenko ដែល​កំពុង​ជាប់ក្នុង​ពន្ធនាគារ។

ទិដ្ឋភាព​ក្នុង​ការិយាល័យ​បោះឆ្នោត​ នៅ​​អ៊ុយក្រែន ថ្ងៃអាទិត្យ ២៨ តុលា ២០១២
ទិដ្ឋភាព​ក្នុង​ការិយាល័យ​បោះឆ្នោត​ នៅ​​អ៊ុយក្រែន ថ្ងៃអាទិត្យ ២៨ តុលា ២០១២ REUTERS/Anatolii Stepanov
ផ្សាយពាណិជ្ជកម្ម

នៅអ៊ុយក្រែន ប្រជាពលរដ្ឋ​ដែលមានសិទ្ធិ​បោះឆ្នោត មានចំនួន​ជាង ៣៦លាន​នាក់។ ហើយថ្ងៃនេះ នៅនឹងដៃ​គេម្នាក់ៗ​មានសន្លឹកឆ្នោត​ដល់ទៅ ២ គឺថា ៖ ១សន្លឹក គេត្រូវបោះ​តាមប្រព័ន្ធ​សមាមាត្រ​រើស​តំណាងរាស្ត្រ​២២៥នាក់ ដែល​ប្រជែងដោយ​បេក្ខជន​ចំនួន ២.៥៥៤នាក់ និង​១សន្លឹកទៀត គេបោះតាម​ប្រព័ន្ធឯកតនាម រើស​តំណាងរាស្ត្រ ២២៥នាក់​ដែរ ដែល​ប្រជែង ដោយ បេក្ខជន២.៦៥៤នាក់។ ដូច្នេះ បេក្ខជនសរុប មានចំនួន ជាង៥.២០០នាក់ បានន័យថា សម្រាប់អាសនៈ​នីមួយៗ ពីក្នុងចំណោម ៤៥០អាសនៈ​គឺប្រជែងគ្នា​ជាមធ្យម ដោយ​បេក្ខជន ១២ នាក់។ សន្មត់ថា​ជាប់ឆ្នោត តាមប្រព័ន្ធ​សមាមាត្រ ដើម្បី​មានអាសនៈ​ប្រចាំក្នុង​សភា លុះណាតែ​គណបក្ស​ចេះទទួលបាន​សំឡេងគាំទ្រ​ចាប់ពី ៥% ឡើងទៅ។ ហើយចូលប្រឡូក​តាមប្រព័ន្ធនេះ គឺ​មាន​គណបក្ស​ចំនួន២១ ពីក្នុង​គណបក្ស​សរុប ចំនួន៨៧។ គណបក្ស៦៦ទៀត​បញ្ឈរឈ្មោះ បេក្ខជន​ខ្លួន ឲ្យចូល​ប្រឡូក​តាមប្រព័ន្ធ​ឯកតនាម ដែល​សន្មត់ថា ឈ្នះឆ្នោត លុះណាតែ ដណ្តើម​សំឡេង​គាំទ្រ​បាន ៥០%+១សំឡេង។

ចំណុចគួរឲ្យកត់សម្គាល់មួយទៀត គឺថា តែក្នុងរយៈពេល​១ខែសោះ រដ្ឋ​បាន​ចំណាយលុយ អស់​១.០០០លាន​ដុល្លារ សម្រាប់​ដំឡើង Web Camera នៅតាម​គ្រប់​តែ​ការិយាល័យ​បោះឆ្នោត ចំនួនជិត ៣៤.០០០កន្លែង នៅទូទាំង​ប្រទេស ដែល​ផ្សាយ​បន្តផ្ទាល់ អំពី​ដំណើរ​ប្រព្រឹត្តទៅ នៃ​ការបោះឆ្នោត ហើយ​វីដេអូរូបភាព​នោះ នឹង​រក្សាទុក​ពេញ ១ឆ្នាំ សម្រាប់ជា តឹកតាង​ក្នុងករណី បើមាន​ការតវ៉ា ទល់នឹង​លទ្ធផលវា។ សំខាន់ជាងគេ គឺ​រូបភាពវា​ដែលបញ្ចាំង​ត្រង់ផ្ទាល់​លើអេក្រង់ ទំហំ៣ម៉ែត្រ គុណ នឹង៥ម៉ែត្រ នៅឯ​ទីស្តីការ គ.ជ.ប.​តែម្តង។

ការបោះឆ្នោតសភាលើកនេះនៅ អ៊ុយក្រែន តាមដាន​ដោយពួក​អ្នកសង្កេតការណ៍ ៣.៨០០នាក់ តំណាងឲ្យ​២៨ប្រទេស និង​អង្គការអន្តរជាតិ​ចំនួន ៣៥ ជាពិសេស គឺ “អង្គការ​ដើម្បី​សន្តិសុខ និង សហប្រតិបត្តិការ នៅទ្វីបអឺរ៉ុប” OSCE ដែលមាន ឯកទេសកម្ម​ខាងតាមដាន ការបោះឆ្នោត ក្នុង​ប្រទេស​ជាសមាជិក។

ទាក់ទងនឹងការបោះឆ្នោតនេះ លោកប្រធានាធិបតី​អ៊ុយក្រែន Viktor Yanukovich ថ្លែងថា ជាការចាំបាច់ ដែលត្រូវ​ឲ្យវា​ប្រព្រឹត្តទៅ ដោយ​សុចរិត​ត្រឹមត្រូវ ក្នុង​តម្លាភាព ឆ្លើយស្របនឹង ស្តង់ដារ​ប្រជាធិបតេយ្យ ដើម្បី​ឲ្យលទ្ធផល​វា ទទួលស្គាល់​ដោយ សហគមន៍​ពិភពលោក។

ចំណែកលោកស្រីអតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន Julia Timochenko ដែល​ជាគូសត្រូវ​ស្លាប់រស់ របស់​ប្រមុខរដ្ឋ​បច្ចុប្បន្ន និង​ជាមេដឹកនាំ​បក្សប្រឆាំង​ធំបំផុត បានថ្លែង​ពីក្នុង​ពន្ធនាគារ​មកថា មានតែ​មនុស្សខ្វាក់ និង​ភ្លើ ប៉ុណ្ណោះ ដែល​ចាត់ទុក​ការបោះឆ្នោត​នេះ​ថា ប្រព្រឹត្តទៅ ដោយ​សុចរិត គឺ​ដោយមិនអាស្រ័យ​ឡើយ នឹង​លទ្ធផល​របស់វា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ