អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

ពួក​តំណាងរាស្ត្រ​អ៊ុយក្រែន​វ៉ៃ​គ្នា​មក​ពី​រឿង​ភាសា​រុស្ស៊ី​

ថ្ងៃ​នេះ​រដ្ឋសភា​អ៊ុយក្រែន​ត្រូវ​ពិភាក្សា​ឡើង​វិញ​ទៅ​លើ​គម្រោង​ច្បាប់​ស្តី​អំពី​ “គោលការណ៍​នៃ​នយោបាយ​រដ្ឋ​ខាង​ភាសា”​ ដែល​ន័យ​របស់​វា​គឺ​លើក​ស្ថានភាព​ភាសា​រុស្ស៊ី​ឲ្យ​ឡើង​ដល់​លក្ខន្តិកៈ​​ជា​ ”ភាសាយាន​ជាន់​ថ្នាក់​ខេត្ត”។​ ការ​ពិភាក្សា​ល្ងាចមិញ​​ត្រូវ​​អាក់ខាន​ ទៅ​ មក​ពី​ផ្ទុះ​ឡើង​ជា​ការ​ប្រតប់ប្រតាយ​គ្នា​យ៉ាង​ក្រពុល​មុខ​រវាង​ពួក​អ្នកតំណាងរាស្ត្រ​ខាង​ បក្ស​កាន់​អំណាច​និង​ពួក​អ្នកតំណាងរាស្ត្រ​ខាង​បក្ស​ប្រឆាំង​ដែល​ជំទាស់​នឹង​ឯកសារ​នេះ។​

ពួកតំណាងរាស្ត្រ​អ៊ុយក្រែន​វាយប្រតប់​គ្នា​មក​ពី​រឿង​ភាសា​រុស្ស៊ី​
ពួកតំណាងរាស្ត្រ​អ៊ុយក្រែន​វាយប្រតប់​គ្នា​មក​ពី​រឿង​ភាសា​រុស្ស៊ី​ RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

 

ជា​ការ​រំលឹក​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត ២​ឆ្នាំ​កន្លះ​មុន​លោក Yanoukovich បាន​សន្យា​ថា បើ​គាត់​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​ គាត់​នឹង​ប្រែ​ភាសា​រុស្ស៊ី​ទៅ​ជា​ភាសា​ទី​២​នៅ​អ៊ុយក្រែន​ទន្ទឹម​នឹង​ភាសា​ជាតិ​អ៊ុយក្រែន​ផ្ទាល់។

ដោយ​បំពេញ​តាម​ពាក្យ​សន្យា​របស់​ប្រធានាធិបតី​បក្ស​ពួក​ខ្លួន​តំណាងរាស្ត្រ​ខាង​គណបក្ស​កាន់​​អំណាច​គឺ”គណបក្ស​តំបន់” តាំង​ពី​ខែ​សីហា​ឆ្នាំ​មុន​ម៉្លេះ បាន​ដាក់​ចេញ​នូវ​គម្រោង​ច្បាប់​សមស្រប​សម្រាប់​ទទួល​ការ​អនុម័ត​ដោយ​រដ្ឋសភា​តែ​ម្តង។ ទើប​ថ្ងៃ​២៤​ឧសភា​ម្សិលមិញ​ដែល​ឯកសារ​នេះ ត្រូវ​រដ្ឋសភា​ចាប់​ផ្តើម​ពិភាក្សា។ ក្នុង​ដំណើរ​ពិភាក្សា ពួក​អ្នក​តំណាងរាស្ត្រ​ខាង​បក្ស​ប្រឆាំង​ គឺ​បក្ស​របស់​លោកស្រី​អតីត​នាយក​រដ្ឋមន្ត្រី Timochenko ដែល​កំពុងជាប់ក្នុង ពន្ធនាគារតាំងពីឆ្នាំមុនមក សម្រាប់អំឡុងពេល៧ឆ្នាំ តាមបទចុះកុងត្រាខុសច្បាប់ ទិញ​ឧស្ម័ន​ពីរុស្ស៊ី ក៏ នាំគ្នាបះបោរអុកឡុក មិនឲ្យធ្វើការបោះឆ្នោតទៅកើត ជុំវិញ​គម្រោង​ច្បាប់​នោះ។​

ពួកគេ បានត្រដាងផ្ទាំងបដា សរសេរដោយឃ្លាថា “បើអ៊ុយក្រែនបាត់ភាសាជាតិ នោះ គឺនឹង បាត់ទាំងមាតុភូម៌ខ្លួនផ្ទាល់”។ ពួកគេប្តេជ្ញាថានឹង មិនចាកចេញពីសាលប្រជុំសភាឡើយ ហើយ នឹង ឈរការពារ ភាសាកំណើតអ៊ុយក្រែន រហូតដល់ទីអវសាន ! ពួកគេបានប៉ុនប៉ង ឡើង ទៅលើវេទិកាសភា វេទិកាដែលពេលនោះ ខាឃាំង ដោយពួកអ្នកតំណាងរាស្ត្រ ខាង បក្សកាន់ អំណាច។ ពេលប៉ះទង្គិច ប្រតប់ប្រតាយគ្នា មាន តំណាងរាស្ត្រខ្លះ ត្រូវ​គេ​ប្រទាញ​ប្រទង់​ទាល់​តែ​រហែក​អាវ​ខ្លះ​បែកក្បាល​ហូរឈាម​រហូត​ដល់​ត្រូវ​ដឹក​ទៅ​មន្ទីរ​ពេទ្យ​បន្ទាន់​ របួស​គាត់​ត្រូវគ្រូពេទ្យសង្ស័យថា ត្រូវគេដាល់នឹងស្នាប់ដៃ ចំណែករូបប្រធានសភាផ្ទាល់ ដែល​វិះៗ​នឹង​ធ្លាក់​ពីលើវេទិកាគឺត្រូវបង្ខំចិត្តប្រកាសបិទសម័យប្រជុំតែម្តង។

ខ្លឹមសារគម្រោងច្បាប់ គឺថា ៖ ពីក្នុងចំណោមខេត្តទាំងអស់ ចំនួន២៧នៅអ៊ុយក្រែន មាន​ដល់​ទៅ ១៣ខេត្ត ជាទីដែលមានបណ្តាជនជាតិរុស្ស៊ី រស់នៅក្នុងអត្រាចាប់ពី ១០%ទៅ ហើយ​ពិត​ជា​នៅតាម១៣ខេត្តនោះ ដែលភាសារុស្ស៊ី ត្រូវទទួលលក្ខន្តិកៈ ជា “ភាសាយានជាន់ថ្នាក់ខេត្ត” ពោល គឺ គេអាចប្រើវា ទន្ទឹមនឹងភាសាអ៊ុយក្រែន សម្រាប់ទំនាក់ទំនងនឹងគ្នា សម្រាប់​ធ្វើការ​សិក្សាសម្រាប់អាន សម្រាប់មើលទូរទស្សន៍ មើលភាពយន្តជាភាសារុស្ស៊ីផ្ទាល់។

ជាការកត់សម្គាល់ សម័យក្រោមអំណាចប្រធានាធិបតីមុនគឺលោក Yushenko ដែល​ស្អប់​រុស្ស៊ី​ដល់​ឆ្អឹង រឿងកុន ការផ្សាយទូរទស្សន៍ សៀវភៅសិក្សា ។ល។ ត្រូវបកប្រែខានមិនបាន ទៅជា​ភាសា​អ៊ុយក្រែន។

តាមស្ថិតិដើមឆ្នាំ២០១២នេះពីក្នុងចំណោមបណ្តាជនចំនួន ៤៥លាន​៦សែននាក់​នៅ​អ៊ុយក្រែន​ ជាតិអ៊ុយក្រែនផ្ទាល់ មាន៧៨% ជាតិរុស្ស៊ី ជាប់ចំណាត់ថ្នាក់ទី២ មាន១៧% ក្រៅពីនេះ មាន ជាតិ ម៉ុលដាវី ហុងគ្រីប៊ុលហ្ការី រូម៉ានី ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ