អានតួអត្ថបទ
កម្ពុជា

រដ្ឋ​មន្ត្រី​ក្រ​សួង​ទេស​ចរណ៍​ថា​ទេស​ចរណ៍​កម្ពុជា ​នៅ​មាន​បញ្ហា​ប្រ​ឈម​មួយ​ចំនួន​ក្នុង​ដំណើរ​ឆ្ពោះ​ ទៅកាន់​សមា​ហរណ​កម្ម​អាស៊ាន

ថ្លែង​នៅ​ក្នុង​សន្និ​បាត បូក​សរុប​លទ្ធ​ផល ការ​ងារ​ទេស​ចរណ៍ ឆ្នាំ​២០១២-២០១៣ រដ្ឋ​មន្ត្រី​ក្រសួងទេស​ចរណ៍ លោក ថោង ខុន បាន​លើក​ឡើង​ថា​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទេស​ចរណ៍​អា​ស៊ាន​ឆ្នាំ​២០១៥ កម្ពុជា​នៅ​មាន​បញ្ហា​ប្រ​ឈម​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​ការ​វិនយោគ​ទន់​ផ្នែក​ផលិត​ផល​ទេស​ចរណ៍ ការផ្សព្វ​ផ្សាយ​នៅ​មាន​កម្រិត និង កង្វះ​ធន​ធាន​មនុស្ស​ជា​ដើម​។បញ្ហា​ប្រ​ឈម​ចំនួន​៦​នៅ​ក្នុង​វិស័យ​ទេស​ចរណ៍​កម្ពុជា​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សមា​ហរណ​កម្ម​ទេស​ចរណ៍​អា​ស៊ាន​ឆ្នាំ​២០១៥ និង​ការ​ពង្រឹង​ប្រ​សិទ្ធ​ភាព​វិស័យ​ទេស​ចរណ៍​កម្ពុជា។ នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​កម្ពុជា លោក ថោង ខុន នៅ​ថ្ងៃ​ពុធ​ទី​២៦ កុម្ភៈ​នេះ។

ពលរដ្ឋខ្មែរ​ទូទៅបាន​ធ្វើដំណើរ​កំសាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​ក្នុងស្រុក​នានា​ច្រើនជាង​ឆ្នាំមុន​
ពលរដ្ឋខ្មែរ​ទូទៅបាន​ធ្វើដំណើរ​កំសាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​ក្នុងស្រុក​នានា​ច្រើនជាង​ឆ្នាំមុន​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ក្នុង​សន្និ​បាត បូកសរុប​លទ្ធ​ផល ការងារ​ទេស​ចរណ៍ ឆ្នាំ​២០១២-២០១៣​និង​ទិស​ដៅ​អនុវត្ត​បន្ត "ទេស​ចរណ៍​កម្ពុជា ឆ្ពោះទៅ​សមា​ហរណ​កម្ម​អាស៊ាន ឆ្នាំ​២០១៥" នៅ​មជ្ឈ​មណ្ឌល​កោះពេជ្យ​ លោក ថោង ខុន បាន​ឱ្យ​ដឹងថា បញ្ហា​ប្រឈម​ទាំង​៦​នោះ រួម មាន កង្វះ​ខាត​ការ​វិនិ​យោគ លើ​ការ​បង្កើត​ផលិត​ផល​ទេស​ចរណ៍។ ការ​ផ្សព្វ​ផ្សាយ​ស្តីពី​ទេស​ចណ៍​កម្ពុជា​នៅ​មាន​កម្រិត។ ភាព​យឺត​យ៉ាវ និង​ការ​នៅ​មានកម្រិត នៃ​ការ​អនុវត្ត​ច្បាប់​គតិ​យុទ្ធ​ស្តីពី​ទេស​ចរណ៍។

 

កង្វះ​ធន​ធាន​មនុស្ស​ក្នុង​ផ្នែក​វិស័យ​ទេសចរណ៍​ទាំង​គុណ​ភាព និង​បរិមាណ។ កង្វះ​ខាត​ការ​ហោះ​ហើរ​ត្រង់​លើ​ឆាក​អន្តរ​ជាតិ រួម​ទាំង​ការ​ធ្លុះ​ធ្លាយ​សេដ្ឋកិច្ច នៃ​វិស័យ​ទេស​ចរណ៍។ លោក​ថោង ខុន បាន​សង្កត់​ធ្ងន់​ថា បញ្ហា​ទាំង​នេះ​ដែល​ចាំ​បាច់​ត្រូវ​ការ​ពង្រឹង។

សូម​បញ្ជាក់​ថា វិស័យ​ទេស​ចរណ៍​នៅ​កម្ពុជា​គឺជា​សរសរ​ស្តម​ទ្រទ្រង់​សេដ្ឋ​កិច្ច​មួយ។ គិត​ត្រឹម​បំណាច់​ឆ្នាំ២០១៣ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេស​ចរណ៍​អន្តរ​ជាតិ​ប្រ​មាណ​ជាង ៤លាន​នាក់ កើន​ឡើង​ប្រមាណ១៧.៥%  ដែល​ជា​ភ្ញៀវ​ទេស​ចរណ៍​មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អ៊ឺរ៉ុប និង​អាមេរិក។ ក្នុង​ចំ​ណោម​ទីផ្សារ​ទេស​ចរណ៍​សំ​ខាន់​របស់​កម្ពុជា​មាន​ប្រទេស​វៀត​ណាម ចិន ថៃ និង​អា​មេរិក​ជា​ដើម។ បើ​តាម​លោក​ថោង ខុន​ដដែល​ថវិកា​ប្រមាណ​ជាង ពីរ​ពាន់​ប្រាំ​រយ​លាន​ដុល្លារ​អាមេរិក (២,៥៤៧ ដុល្លា​អាម​រិក) ត្រូវ​បាន​ចាក់​បញ្ចូល​ក្នុង​ថវិការ​ជាតិ ហើយ​មាន​ពល​រដ្ឋ​ប្រ​មាណ​ជាង ៦២​ម៉ឺន​នាក់​កំ​ពុង​ធ្វើ​ការ​ក្នុង​វិស័យ​ទេស​ចរណ៍​នេះ​ដោយ​ផ្ទាល់​។

សូម​បញ្ជាក់​ថា​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល​នៅ​ឆ្នាំ​២០១៣ មាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ ជាង ៩០​លាន​នាក់។ យ៉ាង​ណា​ក៏​ដោយ រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​កម្ពុជា​លោក​ថោង​ខុន បាន​អះ​អាង​ថា បើទោះ​បីជា​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​មួយ​ចំនួន​ក្នុង​វិស័យ​នេះ​ក៏​ដោយ ប៉ុន្តែ​កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេស​ចរណ៍​អន្តរ​ជាតិ​ប្រ​មាណ ៤, ៧លាន​នាក់ ក្នុង​ឆ្នាំ​២០១៤​នេះ និង​ពី៧ ទៅ​៨​លាន​នាក់ ក្នុង​ឆ្នាំ២០២០ ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ