ក្រុមប្រឹក្សាកំណែទម្រង់ដែលរៀបចំឡើងដោយរបបសឹកថៃចាប់ផ្តើមធ្វើការ
នៅប្រទេសថៃ ក្រុមប្រឹក្សាជាតិដែលត្រូវបានតែងតាំងដោយរបបសឹកបានធ្វើការរួមប្រជុំគ្នាជាលើកទីមួយនៅថ្ងៃអង្គារ៍ទី២១តុលានេះក្នុងគោលដៅដើម្បីរៀបចំតាក់តែងរដ្ឋធម្មនុញ្ញថ្មី។ចំពោះអ្នករិះគន់វិញ ការងាររបស់ក្រុមប្រឹក្សាជាតិនេះគឺគ្មានអ្វីក្រៅពីការរិះរកមធ្យោបាយដើម្បីកាត់បន្ថយឥទ្ធិពលរបស់ក្រុមគ្រួសារស៊ីណាវ៉ាត្រាក្នុងឆាកនយោបាយថៃនោះទេ។គ្រួសារស៊ីណាវ៉ាត្រាដែលតែងតែបានទទួលជោគជ័័យជារហូតនៅរាល់តែលើកនៃការបោះឆ្នោត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៥
ក្រុមប្រឹក្សាកំណែទម្រង់ជាតិដែលមានសមាជិកចំនួន២៥០នាក់នឹងត្រូវធ្វើការតាក់តែងរដ្ឋធម្មនុញ្ញាថ្មីមួយ។ រដ្ឋធម្មនុញ្ញថ្មីនេះ មានគោលដៅយ៉ាងជាក់លាក់មួយ គឺការកាត់បន្ថយអំណាចរបស់គណបក្សនយោបាយនានានៅក្នុងប្រទេសថៃ។
លោកPaiboon Nititawan អតីតសមាជិកព្រឹទ្ធសភាថៃមួយរូបបានអះអាងប្រាប់ដល់ទីភា្នក់ងារសារព័ត៌មានបារាំង AFP ថា « យើងត្រូវតែកាត់បន្ថយឥទ្ធិពលអំណាចរបស់គណបក្សនយោបាយទូទៅ តែយើងត្រូវតែបង្កើនអំណាចរបស់ពលរដ្ឋវិញ »។
គួររំលឹកថា អតីតសមាជិកព្រឹទ្ធសភាថៃរូបនេះ ធ្លាប់បានចេញមុខប្រឆាំងនឹងក្រុមគ្រួសារស៊ីណាវ៉ាត្រាយ៉ាងពេញទំហឹង តាមរយៈការចូលរួមធ្វើបាតុកម្ម យ៉ាងគគ្រឹកគគ្រេងនៅអំឡុងចុងឆ្នាំ២០១៣និងដើមឆ្នាំ២០១៤ រហូតដល់មានរដ្ឋប្រហារយោធានៅខែឧសភា ប្រឆាំងរដ្ឋាភិបាលលោកស្រីយីងឡាក់។ លោកស្រីយីងឡាក់ដែលជាប្អូនស្រីបង្កើតរបស់អតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន បានឡើងកាន់អំណាចនៅក្នុងប្រទេស ដោយសារគណបក្សភឿថៃដ៏មានឥទ្ធិពលរបស់លោកស្រី បានទទួលជោគជ័យដ៏ធំធេងនៅក្នុងការបោះឆ្នោតនាឆ្នាំ២០១១។
នៅក្នុងរដ្ឋធម្មនុញ្ញថ្មីនេះ ក៏មានដាក់បញ្ចូលដែរ នូវ មាត្រាមួយដែលធ្វើការហាមឃាត់រាល់អ្នកជាប់ទោសក្នុងបទពុករលួយ មិនឲ្យចូលធ្វើនយោបាយទៀតឡើយ។ ចំពោះមតិអ្នករិះគន់ មាត្រាមួយនេះ សំដៅប្រឆាំងជាពិសេសទៅលើរូបលោកថាក់ស៊ីនដែលកំពុងភៀសខ្លួននៅក្រៅប្រទេសដើម្បីរួចផុតពីការដាក់ទណ្ឌកម្មរបស់តុលាការពីបទពុករលួយ។ ទន្ទឹមគ្នានេះដែរ អតីតរដ្ឋាភិបាលលោកស្រីយីងឡាក់វិញ ក៏កំពុងតែនៅជាប់រឿងក្តីក្តាំតុលាការនៅឡើយពីបទពាក់ព័ន្ធនឹងអំពើពុករលួយដែរ។
យោងតាមការអះអាងរបស់ អ្នកវិភាគមួយរូបនៃសកលវិទ្យាល័យChulalongkorn នៅក្រុងបាងកក “សមាជិកភាគច្រើននៃក្រុមប្រឹក្សាកំណែទម្រង់ជាតិថៃ សុទ្ធស៊ឹងតែជាអ្នកប្រឆាំងនឹងលោកថាក់ស៊ីននិងជាអ្នកការរិយាធិបេតយ្យ”។ អ្នកវិភាគថៃរូបនេះ បានបន្ថែមទៀតថា” “រដ្ឋធម្មនុញ្ញថ្មីនេះនឹងក្លាយជាស្នាដៃដ៏ចម្បងមួយរបស់ក្រុមប្រឹក្សាកំណែទម្រង់ជាតិ ក៏ប៉ុន្តែចំពោះរូបលោក លោកមិនជឿជាក់ថា “រដ្ឋធម្មនុញ្ញថ្មីនេះ នឹងអាចជួយធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ