អានតួអត្ថបទ
ថៃ

កងទ័ព​ថៃ​ប្រកាស​​រដ្ឋប្រហារ​ ហូត​តំណែង​រដ្ឋាភិបាល​​ចាំផ្ទះ​ និង​ព្យួរ​រដ្ឋធម្មនុញ្ញ​ជាតិ​

នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ កងទ័ព​ថៃ​​បាន​​ធ្វើរដ្ឋ​ប្រហារ​​ដោយ​​ដកហូត​តំណែង​រដ្ឋាភិបាល​ចាំ​ផ្ទះ​​​ និង​​យក​​អំណាច​​​​​​មក​កាន់កាប់​​ពេញទី។ កងទ័ព​បាន​ប្រកាស​ព្យួរ​រដ្ឋធម្មនុញ្ញ​​ ប៉ុន្តែ ​រក្សា​ទុក​​​​​ព្រឹទ្ធសភា​​​​​អោយ​​នៅ​​​​ដដែល។ ​​កងទ័ព​បាន​ចេញ​បម្រាម​គោចរ​នៅទូទាំងប្រទេស។ ការ​​គ្រប់គ្រង​​​អំណាច​​​នៅពេលនេះ ត្រូវបាន​កងទ័ព​អះអាង​ថា ដើម្បី​​​រៀបចំ​ធ្វើ​កំណែទម្រង់​នយោបាយ​​ សេដ្ឋកិច្ច​​​ និង​សង្គម​ថៃ​ឡើងវិញ។ កងទ័ព​បាន​ចេញ​បញ្ជា​​​​អោយ​​​នាយករដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ដែល​ខ្ទាត​ពី​តំណែង​នេះ​​​ អោយ​​មក​បង្ហាញ​ខ្លួន។ ប្រធានាធិបតី​បារាំង​បានចេញមុខ​​​ថ្កោលទោស​រដ្ឋប្រហារ​យោធា​ថៃ។  ​

ទាហាន​ថៃ​នៅ​ក្លឹប​យោធា មុន​ពេល​មេបញ្ជាការ​​យោធា ប្រកាស​រដ្ឋប្រហារ​ ថ្ងៃ​ព្រហស្បតិ៍ ២២ឧសភា​នេះ។
ទាហាន​ថៃ​នៅ​ក្លឹប​យោធា មុន​ពេល​មេបញ្ជាការ​​យោធា ប្រកាស​រដ្ឋប្រហារ​ ថ្ងៃ​ព្រហស្បតិ៍ ២២ឧសភា​នេះ។ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ម្សិលមិញ​នេះ ក្រោយ​ពេល​​​មេបញ្ជាការ​កងទ័ព​ថៃ​ ប្រាយុទ្ធ ចាន់ អូចា ​ប្រកាស​រដ្ឋប្រហារ​​តាម​កញ្ចក់​ទូរទស្សន៍​​មក ទាហាន​ថៃ​បាន​បាញ់​កាំភ្លើង​ឡើង ដើម្បី​បំបែក​ហ្វូង​បាតុករ​គាំទ្រ​​រដ្ឋាភិបាល​​​​ថៃ​ រាប់ពាន់នាក់ ដែល​ជួបជុំគ្នា​​នៅ​​ជាយក្រុង​ ​​ស្ថិត​នៅ​ភាគខាងលិច​ក្រុង​បាងកក។

កងទ័ព​​បាន​ដាក់​បម្រាម​គោចរ​ពី​ម៉ោង​១០យប់ រហូត​ដល់​ម៉ោង​៥ភ្លឺ​ ហើយ​បាន​បញ្ជា​អោយ​ក្រុម​បាតុករ ទាំង​បាតុករ​ប្រឆាំង​រដ្ឋាភិបាល ទាំង​បាតុករគាំទ្រ​ អោយ​វិលត្រលប់​ទៅ​ផ្ទះ​សម្បែង​វិញ។ កងទ័ព​ថៃ​ដាក់​បញ្ជា​មិនអោយ​មាន​ការជួបជុំ​គ្នា​ហួស​ពី​៥នាក់ទេ។ ជនល្មើសបទបញ្ជា ​​​អាចជាប់​គុក​មួយឆ្នាំ រឺ​បង់​ប្រាក់ពិន័យ​​១ម៉ឺនបាត ត្រូវ​នឹង​២២០អឺរ៉ូ រឺ​ក៏ទទួល​ទោស​ទាំង​២មុខ​នេះ​តែ​ម្តង។ ​គ្រប់​បណ្តាញ​ទូរទស្សន៍​និង​វិទ្យុ​ត្រូវបាន​ហាមឃាត់​​មិន​អោយ​ចាក់ផ្សាយ​​ព័ត៌មាន​ដូច​រាល់ដង ដោយ​ចាក់ផ្សាយត្រឹម​តែ​សន្ទរកថា​យោធា​ប៉ុណ្ណោះ។

មេបញ្ជាការ​យោធា​ថៃ ចាន់ អូចា បានបកស្រាយ​ថា ការ​ដែល​កងទ័ព​យក​អំណាច​មក​គ្រប់គ្រង​ពេលនេះ គឺ​ដើម្បីរៀបចំ​​​​ស្ថានភាព​ក្នុង​ស្រុក​អោយ​វិល​ត្រលប់​មក​រកភាព​ប្រក្រតី​​​វិញ ពិសេស​ដើម្បី​រៀបចំ​កំណែ​ទម្រង់​នយោបាយ សេដ្ឋកិច្ច និង​សង្គម​តែម្តង។ ក្រោយ​ពេល​ប្រកាស​ច្បាប់​អាជ្ញាសឹក​​កាលពី​​ថ្ងៃ​អង្គារ​ កងទ័ព​បានសុំអោយ​ភាគី​ក្នុង​វិបត្តិ​ថៃ​ មាន​ក្រុម​ប្រឆាំង​ និង​តំណាង​រដ្ឋាភិបាល ​គណៈកម្មការ​បោះឆ្នោត ​​និង​សមាជិក​ព្រឹទ្ធសភា ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​វិបត្តិ។ ប៉ុន្តែ កិច្ច​ចរចា​ដែល​ធ្វើ​នៅ​ថ្ងៃ​ពុធ​និង​ថ្ងៃព្រហស្បតិ៍នេះ​ បានជួបបរាជ័យ​ គ្មាន​ភាគី​ចរចា​ណាមួយ​ចេះ​អត់ធ្មត់ យល់ព្រម​សម្រុះសម្រួល​គ្នា​ទេ។

ក្រោយ​ជំនួបប្រជុំ​ថ្ងៃ​ព្រហស្បតិ៍ កងទ័ពបាន​នាំខ្លួន​មេដឹកនាំ​​បាតុករ​ទាំងពីរភាគី ពោល​គឺ​ទាំង​មេដឹកនាំ​ក្រុម​ប្រឆាំង​ ទាំង​​មេដឹកនាំ​ក្រុម​គាំទ្រ​រដ្ឋាភិបាល ទៅ​កន្លែង​ដែល​គេ​ពុំបាន​ដឹង​។​​ ​​ម្សិលមិញ​នេះដែរ គេ​មិនដឹង​ថា តើ​នាយករដ្ឋមន្ត្រី​ស្តីទី​ប៊ុនសុងផៃសាន​ ស្ថិត​នៅ​ឯណា​នោះ​ទេ។

រដ្ឋប្រហារ​យោធា​ថៃ​ថ្ងៃ​២២ឧសភា​នេះ គឺ​ជា​ប្រពៃណី​ទំនៀមទំលាប់​របស់​កងទ័ព​ទៅហើយ។ គិត​ចាប់​ពី​ថៃ​ស្ថិត​ក្រោម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៣២មក ថៃ​ធ្លាប់​រង​រដ្ឋប្រហារ រឺក៏​ការ​ប៉ុនប៉ងធ្វើ​រដ្ឋប្រហារ​១៩​លើក​មកហើយ ចុងក្រោយ​គឺ​នៅឆ្នាំ​២០០៦ ទម្លាក់​លោក​ថាក់ស៊ីន និង​នៅ​ថ្ងៃព្រហស្បតិ៍ ​២២ឧសភា​នេះ ពីរសប្តាហ៍​ក្រោយ​លោកស្រី យីងឡាក់ ត្រូវ​ដកហូត​ពី​តំណែង។ 

ប្រធានាធិបតី​បារាំង​បាន​ចេញមុខ​ថ្កោលទោសកងទ័ព​ដែល​បាន​ឡើងកាន់អំណាច​ពេលនេះ។​ លោកហូឡង់​បានទាមទារ​អោយ​មាន​​សណ្តាប់ធ្នាប់​រដ្ឋធម្មនុញ្ញ​​ឡើងវិញ ព្រម​ទាំង​ការ​រៀបចំ​បែបបទ​​បោះឆ្នោត​ផងដែរ។ លោក ហូឡង់​បាន​សុំអោយ​កងទ័ព ធ្វើ​យ៉ាងណា​គោរព​​សិទ្ធិសេរីភាព​របស់​ប្រជាជន​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ