អានតួអត្ថបទ
ថៃ

ក្រោយ​​កងទ័ព​​ប្រកាស​​ច្បាប់​​អាជ្ញាសឹក​ ​​នាយក​រដ្ឋមន្ត្រី​ស្តីទី​ថៃ​​ស្នើ​​​​រៀបចំ​​​​បោះឆ្នោត​សភា​ ថ្ងៃ​៣សីហា

នៅល្ងាច​​ថ្ងៃ​អង្គារ​នេះ ក្រោយ​កងទ័ពប្រកាស​ដាក់​ប្រទេស​ថៃ​ក្រោម​ច្បាប់​អាជ្ញាសឹក​មក នាយក​រដ្ឋមន្ត្រី​ស្តីទី​ថៃ​ លោក នីវ៉ាតទំរុង ប៊ុនសុង​ផៃសាន​ ​បាន​​ស្នើ​អោយ​រៀបចំ​ការ​​បោះឆ្នោត​សភា នៅ​ថ្ងៃ​៣សីហា ខាងមុខ។ ដោយឡែក បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ​នៅតែ​បន្ត​ទាមទារ​អោយ​រដ្ឋាភិបាល​ចុះពី​អំណាច​ ក្នុង​ករណី​ចាំបាច់​ ​ក្រុម​បាតុករ​​អាច​នឹង​ប្រើ​កម្លាំង​បាយ​បង្ខំ​បាន។

លោកស៊ូថេប មេ​ដឹកនាំ​ចលនា​ប្រឆាំង​ (ស្តាំដៃ) កំពុង​ជជែក​ជាមួយ​កងទ័ព​ នៅ​ក្រុង​បាងកក ថ្ងៃ​អង្គារ​២០ឧសភា។
លោកស៊ូថេប មេ​ដឹកនាំ​ចលនា​ប្រឆាំង​ (ស្តាំដៃ) កំពុង​ជជែក​ជាមួយ​កងទ័ព​ នៅ​ក្រុង​បាងកក ថ្ងៃ​អង្គារ​២០ឧសភា។ REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

នៅល្ងាច​ថ្ងៃ​អង្គារ​នេះ នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ​ លោក នីវ៉ាតទំរុង ប៊ុនសុង​ផៃសាន​​ បាន​ស្នើ​អោយ​​​រៀបចំ​ការ​​បោះឆ្នោត​សភា សម្រាប់​ថ្ងៃ​៣សីហា ខាងមុខ។​ ​ លោក​នីវ៉ាតទំរុង​ ​ ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​​​ថា ​រដ្ឋាភិបាល​បាន​សរសេរ​លិខិត​ទៅ​​គណៈកម្មការ​បោះឆ្នោត ស្នើ​ថ្ងៃ​បោះឆ្នោត​​​​ថ្មី​ ហើយ​លោកសង្ឃឹម​ថា នឹង​មាន​ក្រឹត្យ​​កំណត់​ថ្ងៃ​បោះឆ្នោត​​​​ពី​ព្រះ​មហាក្សត្រ​​ថៃ​​​​ ​នៅ​សប្តាហ៍​ក្រោយ​នេះ។

ការ​ស្នើ​ថ្ងៃ​បោះឆ្នោត​​​សភា​ថ្មី​​នេះ ធ្វើឡើង​ក្រោយ​ពេល​កងទ័ព​ថៃ​បាន​ប្រកាស​​ដាក់​ប្រទេស​​ថៃ​ ក្រោម​ច្បាប់​អាជ្ញាសឹក​។ ​កងទ័ព​លើកឡើង​ថា ការ​ប្រកាស​ច្បាប់​សឹក​នេះ គ្មាន​ទិសដៅ​ធ្វើ​រដ្ឋប្រហារ​​យោធា​ទេ តែ​ជា​ការ​ជួយ​រៀប​ចំ​សណ្តាប់ធ្នាប់​សាធារណៈក្នុង​ស្រុក​​​​ឡើងវិញ បន្ទាប់​ពី​ថៃ​រង​បាតុកម្ម​ហិង្សា​រាប់​ខែ​មកនេះ។ ​ការប៉ះទង្គិច​​ហិង្សាក្នុង​បាតុកម្ម​ ​​​រាប់​ខែ​មកនេះ​បានសម្លាប់​មនុស្ស​២៨នាក់​។

​​ទោះ​ជា​កងទ័ពមិន​បាន​ប្រាប់​​​ជាមុន​​​នូវ​​ការ​ប្រកាស​​​ដាក់ច្បាប់សឹក​​ក្នុង​ប្រទេស​​ក្តី នាយក​រដ្ឋមន្ត្រី​ស្តីទី​ថៃ ​បាន​ប្រាប់ថា លោក​គាំទ្រ​​​កងទ័ព​ក្នុង​​ការសម្រេចប្រើ​ច្បាប់សឹក​​​​​នេះ។ ​​ក្រោយ​​ពេល​ប្រកាស​ច្បាប់​អាជ្ញាសឹក​នៅ​ព្រឹក​ថ្ងៃ​អង្គារ​​មក កងទ័ពថៃ​បាន​សុំអោយ​ភាគី​រដ្ឋាភិបាល​និង​ក្រុម​ប្រឆាំង​ចរចា​គ្នា។ សម្រាប់​នាយក​រដ្ឋមន្ត្រីស្តីទី ​​ការ​ប្រកាស​ច្បាប់សឹក​នេះ​​ ក៏​ជា​ឱកាស​​អោយ​ភាគី​ទាំង​២​ ​ចរចា​រក​ពេល​វេលា​បោះឆ្នោត និង​​អោយ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ មុន​នឹង​រៀបចំ​ការបោះឆ្នោត​សា​ជាថ្មី​ផងដែរ។

ដោយឡែក ទោះ​ជា​​ថៃ​កំពុង​ស្ថិត​ក្រោម​ច្បាប់​អាជ្ញាសឹក​ពេលនេះក្តី​​​ ​​បាតុករ​ប្រឆាំង​រដ្ឋា​ភិបាល​​​​ បាន​​ប្រកាស​បន្ត​ចលនា​​បាតុកម្ម ​​ទាមទារ​អោយ​រដ្ឋាភិបាលបច្ចុប្បន្ន ​​ចុះពី​អំណាច។​​​ ​មេដឹកនាំ​ចលនាប្រឆាំង​ ស៊ូថេប បាន​ប្រាប់​ថា នៅតែ​បន្ត​បាតុកម្ម​​​​​ព្រោះ​ក្រុម​ប្រឆាំង​ ​នៅ​​មិនទាន់​ទទួល​ជោគជ័យ​នៅ​ឡើយ​ទេ។ ក្រុម​​អាវក្រហម​​គាំទ្រ​រដ្ឋាភិបាល​វិញ ​​​បាន​ព្រមាន​ក្រុម​ប្រឆាំង​ហើយ​ថា បើ​នៅ​​​ធ្វើ​​​បាតុកម្ម​ដើម្បី​​ទំលាក់​រដ្ឋាភិបាល​បច្ចុប្បន្ន​​ទៀត​ ​ក្រុមអាវ​ក្រហមធ្វើ​​​សង្គ្រាម​ស៊ីវិល​ជាមួយ​​ក្រុម​ប្រឆាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ