អានតួអត្ថបទ
ស៊ីរី-ហ្សកដានី

ទាហាន​ស៊ីរី​និង​ទាហាន​ហ្សកដានី​ផ្ទុះ​អាវុធ​ដាក់គ្នា​នៅ​តំបន់​ព្រំដែន

វិបត្តិ​ស៊ីរី​កំពុង​តែ​ឆ្លង​រាលដាល​ទៅ​ដល់​ប្រទេស​ហ្សកដានី​មួយ​ទៀតហើយ! យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters) ទាហាន​ស៊ីរី​ និង​ទាហាន​ហ្សកដានី​បាន​ប៉ះប្រយុទ្ធគ្នា​មួយប្រ៉ាវ កាល​ពី​យប់​ថ្ងៃ​សុក្រ ម្សិលមិញ នៅ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។ ប្រភព​ពី​រដ្ឋាភិបាល​ហ្សកដានី​បាន​ឲ្យដឹង​នៅថ្ងៃ​សៅរ៍​នេះ​ថា មិនមាន​ទាហាន​ហ្សកដានី​ណាម្នាក់​ត្រូវ​ស្លាប់ ឬ​របួស ក្នុង​ការ​ប្រយុទ្ធគ្នា​នេះ​ទេ។

ជនភៀសខ្លួន​ស៊ីរី​ដែល​រត់ឆ្លង​ព្រំដែន​មក​ជំរំជនភៀសខ្លួន ក្នុង​ទឹកដី​ហ្សកដានី
ជនភៀសខ្លួន​ស៊ីរី​ដែល​រត់ឆ្លង​ព្រំដែន​មក​ជំរំជនភៀសខ្លួន ក្នុង​ទឹកដី​ហ្សកដានី REUTERS/Ali Jarekji
ផ្សាយពាណិជ្ជកម្ម

ប្រភព​ពី​រដ្ឋាភិបាល​​ហ្សកដានី ដែល​សុំ​មិន​បញ្ចេញឈ្មោះ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រថា ទាហាន​ស៊ីរី ដែល​ស្មោះស្ម័គ្រ​នឹង​លោក​បាស្ហា​ អាល់អាសាដ បាន​ផ្ទុះអាវុធ​មុន ដោយ​បាញ់​សំដៅ​ទៅខាង​ទឹកដី​ហ្សកដានី ទើប​ទាហាន​ហ្សកដានី​បាញ់​តបតវិញ។ ការ​ផ្ទុះអាវុធ​របស់​ទាហាន​លោក​អាសាដ បាន​កើតមាន​ឡើង ក្រោយ​ពី​មាន​ជនភៀសខ្លួន​ស៊ីរី​នាំគ្នា​ព្យាយាម​រត់​ចេញ​ពី​ស៊ីរី ឆ្លងដែន​ទៅកាន់​ប្រទេស​ហ្សកដានី។

គួរបញ្ជាក់ថា ហ្សកដានី ដែល​​មាន​ប្រជាជន​ភាគច្រើន​លើសលុប​កាន់សាសនា​អ៊ីស្លាម​និកាយ​ស៊ុននីត (Sunnite) ជា​ប្រទេស​អារ៉ាប់មួយ ក្នុង​ចំណោម​ប្រទេស​អារ៉ាប់​ជាច្រើន​ផ្សេងទៀត ដែល​គាំទ្រ​ក្រុម​ឧទ្ទាមស៊ីរី (ដែល​ជា​អ្នក​កាន់​និកាយ​ស៊ុននីតដូចគ្នា) ប្រឆាំង​នឹង​ក្រុម​លោក​បាស្ហា​ អាល់អាសាដ ដែល​កាន់និកាយ​អាឡាវីត។

កន្លងមក ការផ្ទុះ​អាវុធ​ឆ្លងព្រំដែន​ស្រដៀង​គ្នា​​នេះ​ ធ្លាប់​បាន​កើតមាន​រួចមកហើយ នៅ​ខាង​លីបង់ និង​តួកគី ដោយ​ទាហាន​របស់​លោក​អាសាដ បាន​បាញ់​ផ្លោង​ទៅលើ​ជំរំ​ជនភៀសខ្លួន​ស៊ីរី នៅ​ក្នុង​ប្រទេស​ជិតខាង​ទាំងពីរ​នេះ។ នៅពេលនេះ ជម្លោះស៊ីរី​​បាន​រាលដាល​ទៅ​ដល់​ប្រទេស​ហ្សកដានី​មួយ​ទៀត ក្រោយ​ពេល​ដែល​មាន​ជន​ភៀសខ្លួន​ស៊ីរី​កាន់តែ​ច្រើន​ឡើង នាំគ្នា​រត់​ឆ្លងព្រំដែន​ទៅ​ហ្សកដានី។ នាយករដ្ឋមន្រ្តី​ស៊ីរី ដែល​បាន​ប្រកាស​ផ្តាច់ខ្លួន​ពី​លោក​អាសាដ កាល​ពី​ពេល​ថ្មីៗនេះ ក៏​បាន​រត់ភៀសខ្លួន​ចេញ​ពី​ស៊ីរី ​តាម​ច្រក​ព្រំដែន​ហ្សកដានី​នេះ​ដែរ។

ការរាលដាល​នៃ​វិបត្តិ​ស៊ីរី ឆ្លង​ទៅ​ប្រទេស​ជិតខាង ហើយ​បង្ក​អស្ថិរភាព​ក្នុង​តំបន់ គឺ​ជា​ចំណុច ដែល​ប្រទេស​លោកខាងលិច​ ក៏ដូចជា ប្រទេស​ផ្សេងទៀត ក្នុង​តំបន់​ដើមបូព៌ា តែងតែ​នាំគ្នា​ព្រួយ​បារម្ភ​តាំង​ពី​ដើមដំបូងមក។

នៅថ្ងៃនេះ លោកស្រី​គ្លីនតុន រដ្ឋមន្រ្តី​ការបរទេស​អាមេរិក បាន​ធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​អ៊ីស្តាន់ប៊ុល (Istanbul) ដើម្បី​ជួបជជែក​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​តួកគី អំពី​វិបត្តិ​ស៊ីរី​នេះ។ ជុំវិញ​​ដំណើរទស្សនកិច្ច​របស់​លោកស្រី​គ្លីនតុន​ នៅ​តួកគី​នេះ មន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​បាន​ពន្យល់ថា ចាប់តាំង​ពី​ពេល​ដែល​​រុស្ស៊ី និង​ចិន ប្រើសិទ្ធិវ៉េតូ ជាលើក​ទី៣ រារាំង​មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​​អនុម័ត​សេចក្តីសម្រេច​ដាក់ទណ្ឌកម្ម​លើ​ស៊ីរី អាមេរិក​លែង​រំពឹង​លើ​ក្រុមប្រឹក្សា​សន្តិសុខ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ស៊ីរី​ទៀត​ហើយ ដោយ​ងាក​មក​ផ្តោត​លើ​ការ​សហការ​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​វិញ ដើម្បី​រកវិធី​ជួយ​ក្រុមឧទ្ទាម​ស៊ីរី ហើយ​រៀបចំ​ផែនការ ដើម្បី​ត្រៀម​ទុក​ពេល​ដែល​លោក​អាសាដ​ធ្លាក់​ពី​អំណាច។

នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​តួកគី​នេះ លោកស្រី​គ្លីនតុន ក៏​គ្រោង​នឹង​ជជែក​អំពី​ជំនួយ​មនុស្សធម៌​​ដល់​ជនភៀសខ្លួន​ស៊ីរី​ នៅ​ព្រំដែន​តួកគី​ផងដែរ។ បច្ចុប្បន្ន​នេះ មាន​ជនភៀសខ្លួន​ស៊ីរី​ប្រមាណ​ជា ៥ម៉ឺននាក់ កំពុង​រស់​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ តាម​បណ្តោយ​ព្រំដែន​រវាង​តួកគី និង​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ