អានតួអត្ថបទ
ស៊ីរី

ការផ្តាច់ខ្លួន​​​​ដោយនាយក​​រដ្ឋមន្ត្រី​​គឺជា​​ជំហាន​​ឈាន​ទៅ​រក​ការ​ដួល​រលំ​នៃ​​របប​​គ្រប់គ្រង​អាល-​អាស្សាដ​​

សម្រាប់​សហរដ្ឋ​អាមេរិក​ ​ ប្រមុខ​ដឹកនាំ​ផ្តាច់ការ​ បាស្ហារ​អាល-អាស្សាដ​បាន​បាត់បង់​ការ​ក្តោបក្តាប់​របស់​ខ្លួន​ទៅលើ​ប្រទេស​ស៊ីរី។​ ដោយហេតុថា​ នៅថ្ងៃចន្ទ​ទី៦​សីហា​ម្សិលមិញ​ ​ មាន​មេដឹកនាំ​សំខាន់ៗ​ជាច្រើន​នៃ​របប​គ្រប់គ្រង​ស៊ីរី​បច្ចុប្បន្ន​បាន​រត់ចោល​រដ្ឋាភិបាល​ហើយទៅ​ចុះចូល​ជាមួយ​ក្រុម​បដិវត្តន៍​ ​ ដែល​ក្នុងនោះ​មាន​ជាអាទិ៍​ លោក​នាយករដ្ឋមន្ត្រី​ Riad Hijab ​ដែលបាន​ភៀសខ្លួន​ទៅ​ប្រទេស​ហ្សកដានី។​ លោក​នាយករដ្ឋមន្ត្រី​ស៊ីរី​បាន​បរិហារ​ថា​ “របបគ្រប់គ្រង​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​អំពើ​ប្រល័យ​ពូជសាសន៍”។

ទិដ្ឋភាព​នៃ​សង្គ្រាម​ដ៏​សោកសង្រេង​នៅ​ទីក្រុង​អាឡេព​នៅ​ថ្ងៃទី​៦​សីហា​ឆ្នាំ២០១២
ទិដ្ឋភាព​នៃ​សង្គ្រាម​ដ៏​សោកសង្រេង​នៅ​ទីក្រុង​អាឡេព​នៅ​ថ្ងៃទី​៦​សីហា​ឆ្នាំ២០១២ REUTERS/Shaam News Network
ផ្សាយពាណិជ្ជកម្ម

 

ថ្ងៃចន្ទ​ទី៦​សីហា​ឆ្នាំ២០១២​គឺពិតជា​ថ្ងៃដ៏​សែន​ចង្រៃ​សម្រាប់​“របបគ្រប់គ្រង​ផ្តាច់ការ​ស៊ីរី​បាស្ហារ​អាល-អាស្សាដ”​ ​ ហើយក៏​ជា​ការ​សម្ដែង​ឲ្យ​ឃើញថា​ ​ របប​គ្រប់គ្រង​របស់​បាស្ហារ​អាល-អាស្សាដ​កំពុង​ឈានទៅ​រក​ការ​ដួល​រលំ​រលាយ។​ ដោយហេតុ​ថា​នៅ​ថ្ងៃចន្ទ​ម្សិលមិញ​ ​ លោក​នាយករដ្ឋមន្ត្រី​ Riad Hijab ​ដែលបាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ហ្សកដានី​ បាន​ថ្លែង​បរិហារ​ថា​ “​របបគ្រប់គ្រង​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​អំពើ​ប្រល័យ​ពូជសាសន៍​ ​ មូលហេតុ​នេះហើយ​ដែលនាំឲ្យ​លោក​រត់មក​ចុះចូល​រួបរួម​ជាមួយ​ក្រុមបដិវត្តន៍​ដើម្បី​ការពារ​សេរីភាព​ និងការពារ​សេចក្តី​ថ្លៃថ្នូរ​ជូន​ប្រជាជន​ស៊ីរី”។​ នៅថ្ងៃចន្ទ​ម្សិលមិញនេះ​ដដែល​ ​ មជ្ឈមណ្ឌល​ទូរទស្សន៍​និង​វិទ្យុ​រដ្ឋស៊ីរី​ ដែល​ឋិតនៅ​កណ្តាល​ទីក្រុង​ដាម៉ាស​បាន​ទទួល​រង​ការវាយ​ប្រហារមួយ​យ៉ាងហិង្សា។

នៅឯ​សមរភូមិ​នៃ​ទីក្រុង​អាឡេពវិញ​ ​ ទាហាន​របស់​បាស្ហារ​អាល-អាស្សាដ​នៅតែ​បន្ត​ធ្វើការ​វាយលុក​យ៉ាង​ខ្លាំងក្លា​ ​ ដែលបាន​បណ្តាលឲ្យ​អ្នកសង្កេតការណ៍​របស់​អ.ស.ប.​បាន​ដកខ្លួន​ចេញ​ពី​ទីក្រុង​អាឡេព​នៅ​ពេលថ្មីៗនេះ។​ ប្រមុខ​បេសកកម្ម​ លោក​ឧត្តមសេនីយ៍​ Babacar Gaye បាន​ប្រកាស​អំពាវនាវ​ឲ្យ​យុទ្ធជន​ទាំងអស់​ចេះគោរព​ការពារ​ជន​ស៊ីវិល​ ​ និង​ចេះ​គោរព​ច្បាប់​មនុស្សធម៌។

គួរបញ្ជាក់ថា​ ​ របបគ្រប់គ្រង​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​ពឹងផ្អែក​ទៅលើ​ប្រព័ន្ធ​យោធា​និង​សន្តិសុខ​ស៊ីរី​ ​ គណបក្ស​បាអាស​ ​ ហើយនិង​ទៅលើ​សហគមន៍​ alouite។

ការរត់​ចុះចូល​ជាមួយ​ក្រុម​បដិវត្តន៍​ដោយ​ លោក​នាយករដ្ឋមន្ត្រី​ Riad Hijab ​បាន​បង្ហាញ​ឲ្យ​ឃើញថា​ ​ ចាប់តាំង​ពីមាន​ការងើប​បះបោរ​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ខែមីនា​ឆ្នាំ២០១១មក​ ​ គណបក្ស​បាអាស​ដែល​មាន​សមាជិក​ប្រមាណ​២លាន៥សែននាក់​ បាន​ស្គាល់​ការ​ធ្លាក់ស្រុត​បាត់បង់​យ៉ាងច្រើន។​ ការបាត់បង់​លោក​នាយករដ្ឋមន្ត្រី​ Riad Hijab ​ដែលជា​សមាជិក​ម្នាក់​ដ៏​ចំណាន​នៃ​គណបក្ស​បាអាស​គឺ​ពិតជា​ធ្វើឲ្យ​របបគ្រប់គ្រង​របស់​បាស្ហារ​អាល-អាស្សាដ​បាត់បង់​នូវ​ធម្មានុរូបភាព​នៅក្នុង​​គណបក្ស​បាអាស​ ​ ហើយនិង​សម្រាប់​សហគមន៍​អ្នកកាន់​សាសសនា​អ៊ីស្លាម​និកាយ​ស៊ុន្នីត​ដែលជា​សហគមន៍​ដ៏​សំខាន់​នៅក្នុង​ប្រទេស​ស៊ីរី​។​ ដោយហេតុថា​ លោក​នាយករដ្ឋមន្ត្រី​ Riad Hijab ​ជា​អ្នក​កាន់​សាសសនា​អ៊ីស្លាម​និកាយ​ស៊ុន្នីត​ម្នាក់​ដ៏សំខាន់​ថ្លៃថ្លា។

សសរទ្រូង​មួយទៀត​សម្រាប់​របបគ្រប់គ្រង​របស់​បាស្ហារ​អាល-អាស្សាដ​គឺ​យោធា។​ កងកម្លាំង​យោធា​ស៊ីរី​ដែល​គេឃើញ​មាន​ការរត់​ចោលជួរ​កាន់តែ​ច្រើនឡើងៗ។​ មកទល់​ពេលនេះ​ គេឃើញមាន​មេទាហាន​ជាន់ខ្ពស់​ជាច្រើន​រយនាក់​និង​ទាហាន​ជាច្រើន​ពាន់នាក់​បាន​នាំគ្នា​រត់ចូល​រួបរួម​ជាមួយ​ក្រុមបដិវត្តន៍​ប្រឆាំង​នឹង​របប​គ្រប់គ្រង​របស់​បាស្ហារ​អាល-អាស្សាដ។

ហើយ​នៅសល់​សសរទ្រូង​ចុងក្រោយ​ដែលគាំទ្រ​បាស្ហារ​អាល-អាស្សាដ​គឺ​សហគមន៍​ alouite ។​ សមាជិក​នៃ​សហគមន៍​ alouite ​ដែលនៅ​រក្សា​ភក្តីភាព​រួបរួម​គ្នា​ជុំវិញ​ប្រធានាធិបតី​បាស្ហារ​អាល-អាស្សាដ​ ​ ដែលចេញ​ពី​ សហគមន៍​ alouite ​ដូចគ្នា។
ក៏ប៉ុន្តែ​ ​ បើ​ប្រធានាធិបតី​បាស្ហារ​អាល-អាស្សាដ​នៅតែ​ពុំអាច​ស្រោចស្រង់​របប​គ្រប់គ្រង​របស់ខ្លួន​ ​ ហើយ​នៅ​ចំពោះមុខ​ការដំឡើង​បង្ហាញ​អានុភាព​របស់​សហគមន៍​ស៊ុន្នីត​ ​ សហគមន៍​ alouite ​ក៏​អាច​ធ្វើការ​ប្តូរប្រែ​ឥរិយាបថ​របស់​ខ្លួន​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ