អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កំណែ​ទម្រង់​ជា​យុទ្ធសាស្ត្រ​ តែ​មិន​ទាន់​ស្រឡះ​ របស់​បក្ស​កាន់​អំណាច!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ឱកាស​​ប្រារព្ធ​​ទិវា​៧​មករា​​កន្លង​ទៅ​នេះ ​គណបក្ស​កាន់​អំណាច​​ ​បា​ន​​ប្រកាស​ថា​​នឹង​​បន្ត​​ជំរុញ​​កំណែ​ទម្រង់​​ស៊ី​ជម្រៅ​​របស់​ខ្លួន​ ជាពិសេស​​កំណែ​ទម្រង់​​ឡូត៍​​នេសាទ​​ទឹក​សាប​​នៅ​​ទូ​ទាំង​ប្រទេស​និង​​ការ​អនុវត្តន៍​​នយោបាយ​​ចាស់​​សកម្មភាព​​ថ្មី​​ក្នុង​​វិស័យ​​ដី​ធ្លី។​ កំណែ​ទម្រង់​ធំៗ​ទាំង​ពីរ​​ត្រូវ​បាន​​បក្ស​​កាន់​អំណាច​​ចាត់​ទុក​ថា ​មាន​​ចរិត​​ប្រជាធិបតេយ្យ​​យ៉ាង​​ជ្រាល​ជ្រៅ ​ពីព្រោះ​​វា​​បាន​​បម្រើ​​ផល​ប្រយោជន៍​​ប្រជាជន​​ជា​ធំ។​ គោល​នយោបាយ​​នេះ​​ ​ត្រូវ​បាន​​គណបក្ស​កាន់​អំណាច​​រំពឹង​ថា​​នឹង​​បាន​ទទួល​​សំឡេង​ឆ្នោត​​បន្ថែម​ទៀត។​ ប៉ុន្តែ​ កំណែ​ទម្រង់​​ជា​​យុទ្ធសាស្ត្រ​​នេះ​​ត្រូវ​គេ​​មើល​ឃើញ​ថា​​នៅ​​មិន​ទាន់​​ស្រឡះ​​នៅ​​ឡើយ​ទេ។​

អ្នករងគ្រោះ​នៅក្នុងជម្លោះដីធ្លី
អ្នករងគ្រោះ​នៅក្នុងជម្លោះដីធ្លី RFI/Pen Bona
ផ្សាយពាណិជ្ជកម្ម

កំណែទម្រង់​ឡូ​ត៍នេសាទ និង​កំណែទម្រង់​ដីធ្លី​គឺជា​គោលនយោបាយ​សំខាន់​ពីរ​ដែល​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន តែង​បានលើកឡើង​ជា​ញឹកញាប់​នៅក្នុង​សុន្ទរកថា របស់ខ្លួន​នៅ​ស្ទើរតែ​គ្រប់ទិសទី។ លើសពីនេះ គណបក្សកាន់អំណាច​បា​ន រំលេច​ឲ្យ​ឃើញ​ជា​ឧឡា​រឹក​កាល​ពី​​ថ្ងៃទី៧មករា​កន្លងទៅនេះ​ពី​សារសំខាន់​នៃ​កំណែទម្រង់​នេសាទ​និង​កំណែទម្រង់​ដីធ្លី​ដោយ​ចាត់ទុកថា​មាន​ចរិត​ប្រជាធិបតេយ្យ​យ៉ាង​ជ្រាលជ្រៅ។

កំណែទម្រង់​នេសាទ​គឺ​សំដៅ​ទៅលើ​ការលុបចោល​ឡូ​ត៍នេសាទ​ទឹកសាប​ទូទាំងប្រទេស​ដោយ​ប្រគល់​ដែន​នេសាទ​ទាំងនោះ​ជូន​ប្រជាពលរដ្ឋ​សម្រាប់​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​វិញ។ កំណែទម្រង់​នេះ​មាន​គោលដៅ​លុបបំបាត់​ភាពមិនប្រក្រតី​ក្នុង​អាជីវកម្ម​ឡូ​ត៍នេសាទ​ផង​និង​បើក​សិទ្ធិ​ទូលំទូលាយ​ដល់​អ្នកនេសាទ​ទូទៅ​ផង។ គួរ​បញ្ជាក់ថា កន្លងទៅនេះ មានការ​ឃុប​​ឃិត​គ្នា​ជា​ប្រព​ន្ធ័​រវាង​ថៅកែ​ឡូ​ត៍ និង​មន្ត្រី​ពាក់​ព​ន្ធ័​ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​យ៉ាងច្រើន​ពី​អាជីវកម្ម​​ឡូ​ត៍នេសាទ។ ចំណែកឯ​ប្រជា​សហគមន៍​នេសាទ​ក៏​ខាត ប្រយោជន៍​យ៉ាងធ្ងន់ធ្ងរ​ដែរ​ដោយសារតែ​ដែនទឹក​សុទ្ធតែជា​ឡូ​តិ៍​នេសាទ​ដែល​កាន់កាប់​ដោយ​ពួក​ថៅកែ។

ដូច្នេះ ជា​យុទ្ធសាស្ត្រ​នយោបាយ បំណាច់នឹង​គ្មាន​លុយ​ចូល​ថវិកាជាតិ​ធំដុំ​ដដែល ការ​ផ្គាប់ចិត្ត​ប្រជា​នេសាទ​ដែលមាន​ចំនួន​ច្រើន​វា​ប្រសើរ​ជាង​ផ្គាប់ចិត្ត​ពួក​ថៅកែ​មួយ​ក្តាប់​តូច​ដែល​រង់​ចាំ​តែ​កើប​​លុយទទេៗពី​អាជីវកម្ម​ឡូត៍​នេសាទ។ នេះ​គឺជា​ជម្រៅ​នៃ​កំណែទម្រង់​ឡូ​ត៍​នេសាទ​ដែល​រដ្ឋាភិបាល​​កំពុង​​ធ្វើ។ និយាយ​តាមបែប​ផ្សេង វា​គឺជា​យុទ្ធសាស្ត្រ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​ក្នុង​ពេល​ដំណាលគ្នា ​បើ​ទោះបី​ជា​ទំនាស់​រវាង​សមត្ថកិច្ច​ជំនាញ​មាន​ចំណែក​ធ្វើ​ឲ្យ​កើតចេញ​កំណែ​ទម្រង់​​នេះ​ក៏ដោយ។

ងាក​ទៅ​មើល​កំណែទម្រង់​ដីធ្លី​វិញ មាន​ព្រឹត្តិការណ៍​សំខាន់​ពីរ​កើតឡើង​ទន្ទឹមគ្នា៖ ទី១ គឺ​ការ​ផ្អាក​​ផ្តល់​​ដី​​សម្បទាន​​សេដ្ឋកិច្ច​​ថ្មី​​ដល់​​ក្រុមហ៊ុន​ឯកជននិង​ទី២ គឺ​ការអនុវត្ត​គោល​នយោបាយ​​ចាស់​​សកម្មភាព​ថ្មី​ក្នុង​បញ្ហាដីធ្លី។ គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​គឺ​សំដៅ​ទៅលើ​ការ​បញ្ជូន​​ក្រុមនិស្សិត​ស្ម​គ្រ័​ចិត្ត​ចុះ​វាស់វែង​ដីជូ​ន​ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ស្រប​ច្បាប់​​ដល់​​ពួក​គេ។ រដ្ឋាភិបាល​គ្រោង​ផ្តល់​កម្មសិទ្ធិ​ដី​លំនៅឋាន​និង​ដីស្រែ​ចម្ការ​ជូន​កសិករ​​ប្រមាណ​ជា​ជិត ៥០ ម៉ឺន​គ្រួសារ លើ​ផ្ទៃដី​ប្រមាណ​ជា២ លាន​ហិកតា។

ដោយហេតុថា កំណែទម្រង់​ឡូ​តិ៍​នេសាទ​ក៏ដូចជា​កំណែទម្រង់​ដីធ្លី​ដែរ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទទួល​បាន​ផលប្រយោជន៍ រដ្ឋាភិបាល​រំពឹងទុក​ថា ខ្លួន​នឹង​ទទួលបាន​ប្រជាប្រិយភាព​កាន់តែខ្លាំង​ជាង​មុន។ ហេតុ​ដូច្នេះហើយ​បានជា​គណបក្សកាន់អំណាច​បានប្រកាស​ជា​ឧឡា​រឹក​ដោយ​ចាត់ទុក​កំណែទម្រង់​ទាំងពីរ​ជា​កំណែទម្រង់​សំខាន់​និង​មាន​ចរិត​ប្រជាធិបតេយ្យ​ដ៏​ជ្រាលជ្រៅ​ដែល​ត្រូវ​បន្តធ្វើ​ក្នុង​ឆ្នាំ២០១៣ នេះ។ ក៏ប៉ុន្តែ នៅមាន​បញ្ហា​ជាច្រើន​ដែល​បាននិងកំពុង​កើតឡើង​ក្នុង​ដំណើរការ​កំណែទម្រង់​ទាំងពីរ​។ ជាក់ស្តែង នៅក្នុង​កំណែ​ទ្រង់​នេសាទ ភាពអនាធិបតេយ្យ​នៅតែ​បន្ត​កើតឡើង​ដដែល។ របាយការណ៍​ជាច្រើន​បាន​បង្ហាញថា ពួក​ថៅកែ​ឡូ​តិ៍​ជាច្រើន​នៅតែ​អាច​បន្ត​អាជីវកម្ម​របស់ខ្លួន​បាន​ដដែល​តាមរយៈ​ការបន្លំ​ខ្លួន​ជា​អ្នកនេសាទ​ជា​លក្ខណៈ​គ្រួសារ ក្រោម​ការឃុបឃិត​ឬ​អសមត្ថភាព​ក្នុងការ​គ្រប់​គ្រង​​របស់​មន្ត្រី​សមត្ថកិច្ច។ ផលវិបាក​ដ៏​ជាក់ស្តែង​បំផុត​គឺ ទិន្នផល​ត្រី​ឆ្នាំនេះ​ ​បាន​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់។

នៅក្នុង​កំណែទម្រង់​ដីធ្លី​វិញ ជម្លោះដីធ្លី​ក្តៅគគុក​មួយចំនួន​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​មើល​រំលង​បាន​និងកំពុង​ផ្ទុះឡើង​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ដំណោះស្រាយ។ បញ្ហា​នៅ​បឹងកក់​និង​បូរី​កីឡា​ក្នុង​រាជធានី​ភ្នំពេញ​និង​បញ្ហា​មួយចំនួនទៀត​តាម​បណ្តា​ខេត្ត​គឺជា​ឧទាហរណ៍​ស្រាប់។ ទោះបីជា​ជម្លោះ​ទាំងនោះ​ពាក់​ព​ន្ធ័​នឹង​ប្រជាពលរដ្ឋ​តិចតួច​បើ​ធៀប​ទៅនឹង​អ្នកទទួលបាន​ផល​ពី​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី ក៏ប៉ុន្តែ ផលវិបាក​អវិជ្ជមាន​របស់​វា​មាន​ទំហំធំធេង​ទាំង​នៅក្នុង​ប្រទេស និង​លើ​ឆាក​អន្តរជាតិ។ នេះ​ជា​បញ្ហា​ដែល​បក្ស​កាន់អំណាច​មិនអាច​មើល​រំលង​​បានឡើយ​ប្រសិន​ចង់​ឲ្យ​កំណែទម្រង់​របស់ខ្លួន​ជ្រះស្រឡះ និង​មាន​ប្រសិទ្ធភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ