អានតួអត្ថបទ
កម្ពុជា

លោក ស៊ូ​ប៊ែ​ឌី៖ ចង់ឱ្យ​បក្ស​ទាំងពីរ​បន្ត​វប្បធម៌​សន្ទនា

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​សិទ្ធ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក​សុរិយា​ប្រសាទ ស៊ូប៊ែឌី នៅ​ថ្ងៃ​អង្គារ​ទី​២០ មករា​នេះ បាន​ជួប​ពិភាក្សា​ជា​មួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​វិមាន​រដ្ឋសភា។ ជំនួប​នៅ​ព្រឹក​នេះ​គឺ​ក្នុង​ក្របខណ្ឌ​ជា​ប្រធាន​តំណាង​រាស្ត្រ​ភាគ​តិច និង​អនុ​ប្រធាន​សភា​។

លោក​ស៊ូប៊ែរ​ឌី​​កំពុង​តែ​ពិភាក្សា​ការងារ​ជាមួយ​និង​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ​នៅព្រឹក​ថ្ងៃ​ទី ២០​មករា ​ឆ្នាំ ​២០១៥​។
លោក​ស៊ូប៊ែរ​ឌី​​កំពុង​តែ​ពិភាក្សា​ការងារ​ជាមួយ​និង​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ​នៅព្រឹក​ថ្ងៃ​ទី ២០​មករា ​ឆ្នាំ ​២០១៥​។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

វប្បធម៌​នៃ​កិច្ច​សន្ទនា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​យន្តការ​សំខាន់បំផុត​ដើម្បី​កំណែ​ទម្រង់ និង​ការ​អភិវឌ្ឍ​ក្នុង​សង្គម​កម្ពុជា​ទាំង​មូល។ នេះ​ជា​ការ​បញ្ជាក់​ពី​លោក ស៊ូប៊ែឌី​ដែល​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​របស់​លោក ជា​មួយ​លោក សម រង្ស៊ី និង​លោក កឹម សុខា។

ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​បញ្ចប់​អាណត្តិ​នៅ​កម្ពុជា​នេះ លោក ស៊ូប៊ែឌី បាន​បញ្ជាក់​ថា កិច្ច​សន្ទនា​រវាង​បក្ស​ទាំង​ពីរ​នឹង​នាំ​មក​នូវ​និតិរដ្ឋ ការ​គោរព​សិទ្ធមនុស្ស និង​ជា​ដំណើរ​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជា​ធិប​តេយ្យ​ក៏​ពិត​ប្រាកដ​នៅ​កម្ពុជា ។ ព្រោះ​ថា​សូម្បី​តែ​កំណែ​ទម្រង់ និង ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​តាម​កាល​កំណត់​នោះ ក៏​ត្រូវ​ការ​វប្បធម៌​នៃ​កិច្ច​សន្ទនា​នេះ​ផងដែរ។ បើ​តាម​លោក ស៊ូប៊ែឌី​ដដែល​នោះ វប្បធម៌​នៃ​កិច្ច​សន្ទនា​រវាង​បក្ស​ទាំង​ពីរ គឺ​ជា​អនុសាសន៍​របស់​លោក​តាំង​ពី​៦​ឆ្នាំ​មុន​មក​ម្លេះ។

សូម​បញ្ជាក់​ថា ការ​ជំរុញ​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​រូប​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ខណៈ​ប្រមុខ​ដឹក​នាំ​គណបក្ស​កាន់​អំណាច លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​លោក សម រង្ស៊ី រួមទាំង​លោក​កឹម សុខា កំពុង​បង្កើន​ការ​រិះគន់​គ្នា​ទៅវិញ​ទៅមក។ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃ​ម្សិលមិញ បាន​ព្រមាន​ដល់​គណបក្ស​ប្រឆាំង​រប​ស់លោក សម រង្ស៊ី ពី​ការ​រិះគន់​វាយ​ប្រហារ​ខ្លាំង​ៗទៅ​លើ​គណបក្ស​កាន់​អំណាច។ ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី​ព្រម​ទាំង​បាន​ព្រលយ​ថា សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​រូប​ក៏​នៅ​មិនទាន់​រួច​ខ្លួន​ក្នុង​រឿង​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ឡើយ​នោះ​ទេ​។

លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​កិច្ច​ជំនួប​ថ្ងៃ​នេះ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​គោរព​តាម​កិច្ច​ព្រមព្រៀង​រវាង​គណ​បក្ស​ទាំង​ពីរ និង​គោរព​តាម​បទ​បញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋ​សភា​ដែល​ទើប​តែ​បាន​អនុម័ត។ យ៉ាង​ណា​ក៏​ដោយ ជំនួប​រវាង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​លោក សុរិយា​ប្រសាទ ស៊ូប៊ែឌី និង​ថ្នាក់​ដឹកនាំ​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​អង្គារ​នេះ គឺជា​ជំនួប​ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​ក្នុង​អាណត្តិ​ចុងក្រោយ​នៅ​កម្ពុជា មុន​នឹង​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​មកពី​គណបក្ស​កាន់​អំណាច លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ