អានតួអត្ថបទ
កម្ពុជា

លោក​ ហ៊ុន សែន​ ព្រមាន​ថា​តំណាងរាស្ត្រ​ CNRP​ ទាំង​៧​នាក់​មិន​ទាន់​រួច​ខ្លួន​ទេ

នៅ​ថ្ងៃ​ចន្ទ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ទាំង៧នាក់​នៅជាប់​ជំពាក់​នឹង​រឿង​តុលាការ​នៅឡើយ ហើយ​គណបក្ស​ប្រជាជន​នឹងមិន​គាំទ្រ​ឲ្យ​រដ្ឋសភា​បញ្ឈប់​សំណុំ​រឿងនេះ​ទេ។ ការព្រមាន​បែបនេះ​បាន​កើតឡើង​បន្ទាប់ពី​មេដឹកនាំ​បក្សប្រឆាំង​គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​បរិហារ​រិះគន់ខ្លាំងៗទៅលើ​គណបក្ស​កាន់អំណាច។

លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ជម្លោះនយោបាយរវាងគណបក្សជាប់ឆ្នោតទាំងពីរបានផ្ទុះឡើងវិញហើយបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ។ ថ្លែងពីខេត្តស្វាយរៀងនៅព្រឹកថ្ងៃចន្ទទី១៩មករានេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមានយ៉ាងខ្លាំងៗថា តំណាងរាស្រ្តទាំង ៧រូប របស់​គណបក្ស​សង្រ្គោះជាតិ មិន​ទាន់​គេច​ផុត​ពី​សំណាញ់​ច្បាប់ក្នុងសំណុំរឿងបង្កអំពើហិង្សា នៅទីលានប្រជាធិបតេយ្យនៅឡើយទេ។

លោកនាយករដ្ឋមន្ត្រីអះអាងថា សំណុំរឿងនេះអាចបញ្ចប់បាន​ទាល់តែរដ្ឋសភា​ស្នើ​សុំ​បញ្ឈប់​នឹងមានសំឡេងគាំទ្របីភាគបួន។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីអះអាងថា គណបក្ស​ប្រជាជន មិន​គាំទ្រឲ្យសភាបញ្ឈប់សំណុំរឿងនេះទេ។ ដូច្នេះ គណបក្សសង្គ្រោះជាតិ​មិនអាចទប់តុលាការបានឡើយ ហើយតំណាងរាស្ត្រទាំង៧នាក់​ដែល​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះអាសន្ននោះនៅតែអាចជាប់​ពន្ធនាគារ​ដដែល។

ការព្រមានបែបនេះបានកើតឡើង​ដោយសារតែលោកនាយករដ្ឋមន្ត្រីចោទលោក សម រង្ស៊ី ថាបានក្បត់កិច្ចសន្យាក្នុងរដ្ឋសភា ហើយ​បាន​ដើរ​វាយ​ប្រហារ​រូបលោក និង​គណបក្ស​ប្រជាជន​កម្ពុជា​​ជាបន្តបន្ទាប់។

ប្រមុខរដ្ឋាភិបាលគណបក្សកាន់អំណាចបញ្ជាក់ផងដែរថា នឹង​គ្មានកា​រ​ចរចា ឬ​សម្រប​សម្រួល​នយោបាយ​ទៀតទេ ហើយរដ្ឋាភិបាលនឹងអនុវត្តនីតិរដ្ឋនិងប្រជាធិបតេយ្យ​ដោយ​គោរពតាមសំឡេងភាគច្រើន។

គួរកត់សម្គាល់ថា ក្រោយពីវិលត្រឡប់ពីបរទេសវិញ មេដឹកនាំគណបក្សសង្គ្រោះជាតិ​គឺលោក សម រង្ស៊ី និងលោក កឹម សុខា បាន​ចុះជួបអ្នកគាំទ្រ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ជា​បន្ត​បន្ទាប់។ ក្នុងជំនួបទាំងនោះ មេដឹកនាំបក្សប្រឆាំងទាំងពីរ​បានវាយប្រហារដោយ​ឥត​សំចៃ​មាត់​ទៅ​លើគណបក្សកាន់អំណាចថា​ បាន​បំផ្លិចបំផ្លាញធនធានធម្មជាតិ​របស់​ប្រទេស​យ៉ាង​អាក្រក់​បំផុតជាងរបបដឹកនាំណាៗទាំងអស់។

មេដឹកនាំគណបក្សប្រឆាំងក៏បានចោទគណបក្សប្រជាជនកម្ពុជាថាបាននៅពីក្រោយការរួបរួមគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច និងនៅពីក្រោយការបង្កើតគណបក្សមូលដ្ឋានរបស់ក្រុមលោក កែម ឡី ផងដែរ។ ការចោទប្រកាន់​ទាំងនេះត្រូវបានលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា ជា​ការ​ក្បត់​ពាក្យ​សន្យា ក្នុងការបង្កើតវប្បធម៌សន្ទនារវាងគណបក្សទាំងពីរ។

យ៉ាងណាក៏ដោយ លោក សម រង្ស៊ី មិនបានចាក់សាំងទៅលើភ្លើងនោះទេ។ លោកនៅតែ​អះអាងថា វប្បធម៌សន្ទនា​នៅតែមានសារសំខាន់ហើយលោកនៅតែចង់បណ្តុះ​វប្បធម៌នេះ​ឲ្យនៅស្ថិតស្ថេរជានិច្ច។ ប៉ុន្តែ មេដឹកនាំបក្សប្រឆាំង មិន​បាន​បង្ហាញ​ថា​តើ​ត្រូវ​ពូន​ជ្រុំ​វប្បធម៌​សន្ទនា​នេះដោយរបៀបណានោះទេ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ