អានតួអត្ថបទ
កម្ពុជា

មេ​បក្ស​​ប្រឆាំង​ ចុះ​​ជួប​​អ្នក​គាំទ្រ​ ក្រោយ​​ផ្ទុះ​​រឿង​​បែប​​បាក់​​ផ្ទៃក្នុង​​គណបក្ស​

លោក​​សម រង្ស៊ី ​និង ​លោក​កឹម សុខា ​ប្រធាន ​និង​​អនុប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ​​នឹង​​ចុះ​ទៅ​​ជួប​​ជាមួយ​​សកម្មជន​ និង​​អ្នកគាំទ្រ​​របស់​ខ្លួន​​នៅ​ក្នុង​​ខេត្ត​​ចំនួន​៥​។ ​តាម​​សេចក្តី​ប្រកាស​​ព័ត៌មាន​​របស់​​គណបក្ស​​សង្គ្រោះ​ជាតិ​​ចុះ​​នៅ​​ថ្ងៃ​ទី ​១៣ ​មករា​​ម្សិលមិញ ​ដំណើរ​​របស់​​មេបក្ស​​ប្រឆាំង​​ទាំង​ពីរ​រូប ​ធ្វើ​ឡើង​​រយៈពេល​៤ ​ថ្ងៃ ​ដោយ​​ចាប់​​ពី​ថ្ងៃ​ពុធ ​ទី​១៤ ​មករា​​នេះ​ និង​​បញ្ចប់​​នៅ​​ថ្ងៃ​ទី១​៧​មករា​។ ​យ៉ាងណាក៏ដោយ​ ការ​ចុះ​​ជួប​​សកម្មជន ​និង​​អ្នក​គាំទ្រ​​​នៅ​ពេលនេះ​ គឺ​ធ្វើ​ឡើង​​បន្ទាប់​ពី​​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​​ផ្ទុះ​​រឿង​​បែកបាក់​​ផ្ទៃក្នុង​​រហូត​​មាន​ការ​​បណ្តេញ​​មន្ត្រី​ជាន់​ខ្ពស់​​មួយ​រូប​​ចេញ​ពី​​គណបក្ស​ទៀតផង។​

លោកកឹម សុខា ​និង ​លោកសម រង្ស៊ី​ ចុះជួប​អ្នក​គាំទ្រ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​នៅ​ថ្ងៃពុធ ​ទី១៤ ​មករា​
លោកកឹម សុខា ​និង ​លោកសម រង្ស៊ី​ ចុះជួប​អ្នក​គាំទ្រ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​នៅ​ថ្ងៃពុធ ​ទី១៤ ​មករា​ @ Kem Sokha Facebook
ផ្សាយពាណិជ្ជកម្ម

តាម​គម្រោង​នៅ​ថ្ងៃទី១៤មករា​នេះ លោក​សម រង្ស៊ី និង​លោក​កឹម សុខា ចុះទៅ​ជួប​ជាមួយ​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​បរសេដ្ឋ​ និង​ស្រុក​ភ្នំស្រួច​នៅក្នុង​ខេត្តកំពង់ស្ពឺ។ ថ្ងៃទី១៤ មករា គឺជា​ថ្ងៃ​ទីមួយ​នៃ​ដំណើរ​របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចុះទៅ​ជួប​សកម្មជន និង​អ្នកគាំទ្រ​របស់ខ្លួន​នៅ​ថ្នាក់មូលដ្ឋាន។

តាម​សេចក្តីប្រកាស​ព័​ត័​មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​អង្គារ បាន​បង្ហាញថា លោក​សម រង្ស៊ី និង​លោក​កឹម សុខា នឹង​ចុះ​ជួប​ជាមួយ​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ខេត្ត​ចំនួន៥ រួមមាន​ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្ត​ព្រះសីហនុ ខេត្តស្វាយរៀង និង​ខេត្តកណ្តាល ចាប់ពី​ថ្ងៃ១៤ ដល់​ថ្ងៃទី១៧ មករា ។

លោក​យ៉ែម ប៉ុ​ញ្ញ​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​បន្ថែម​ពីលើ​សេចក្តីប្រកាស​ព័ត៌មាន​នោះ​ថា ការចុះទៅ​ថ្នាក់មូលដ្ឋាន​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដើម្បី​ពន្យល់​ដល់​អ្នកគាំទ្រ​ពី​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ការវិវឌ្ឍន៍​នៃ​ស្ថានភាព​នយោបាយ​កម្ពុជា ដូចជា​កា​រវិ​វ​ឌ្ឍន៍​នៃ​ដំណើរការ​កែទម្រង់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង កិច្ច​ការដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ និង គ្រោង​នឹងធ្វើ​នាពេលខាងមុខ។

គួរ​កត់សម្គាល់ថា ដំណើរ​របស់លោក​សម រង្ស៊ី និង​លោក​កឹម សុខា នៅពេលនេះ គឺ​បាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​ទាំងពីរ​ទើបតែ​វិលត្រឡប់​មកពី​ក្រៅប្រទេស​វិញ​កាលពី​ចុង​សប្តាហ៍​មុន។ ជាការ​វិលត្រឡប់​មក​ពី​ជួប​ជាមួយ​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ប្រទេស​បារាំង​ដែល​លេច​ឭ​ព័ត៌មាន​ថា មានការ​បែកបាក់​គ្នា​នៅ​ទីនោះ។ ហើយ​ស្របពេល​គ្នា​នោះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏មាន​បញ្ហា​រង្គោះរង្គើ​ផ្ទៃក្នុង​គណបក្ស​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ដោយ​មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​បក្សប្រឆាំង គឺ​លោកស្រី​ឡាក់ សុភាព បាន​លាតត្រដាង​ពី​បញ្ហា​ផ្ទៃក្នុង និង​បរិហារ​ពី​អំពើពុករលួយ​របស់​ថ្នាក់ដឹកនាំ​កំពូល ហើយ​ត្រូវបាន​គណបក្ស​សម្រេច​ប​ណ្តេ​ញ​ចេញ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ ២០១៤។

ក្រៅតែពី​ច្រានចោល​ព័ត៌មាន​បែប​បាក់​ផ្ទៃក្នុង អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​យ៉ែម បុញ្ញ​រិ​ទ្ធ បាន​បញ្ជាក់ថា លោក​សម រង្ស៊ី និង​លោក​កឹម សុខា នឹង​យក​ពេល​ជួប​ជាមួយ​អ្នកគាំទ្រ​ទាំងនោះ និយាយ​ពី​គោលនយោបាយ និង​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ពេលខាងមុខ ច្រើនជាង​និយាយ​ពី​ព័ត៌មាន​ស្តីពី​ការបែកបាក់​ផ្ទៃក្នុង​គណបក្ស​ដែល​លោក​លើកឡើងថា​ជា “ រឿង​ដែល​មិនគួរ​ឲ្យ​យកចិត្តទុកដាក់ "។ បន្ថែម​លើ​នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​គូសបញ្ជាក់ថា ថ្នាក់ដឹកនាំ​ទាំងពីរ នឹង​ពន្យល់​ដល់​អ្នកគាំទ្រ​រប​ស់​ខ្លួន​អំពី​បញ្ហា​តម្លៃ​អគ្គិសនី តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា និង ការឧបត្ថម្ភ​ប្រាក់​បួន​ម៉ឺន​រៀល​ជូន​ដល់​មនុស្ស​ចាស់ ដែល​រង​ការរិះគន់​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នាពេល​កន្លងមក​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ