អានតួអត្ថបទ
កម្ពុជា

កង​រាជ​អាវុធ​ហត្ថ​ហ្វឹកហាត់​បាញ់​កាំ​ភ្លើង​យន្ត​ពង្រឹង​សមត្ថភាព​

កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន​២០០​នាក់ បាន​ចូលរួម​ហ្វឹកហាត់​បាញ់​កាំភ្លើង​យន្ត​ប្រភេទ DK ៧៥​មីល្លីម៉ែត្រ ​កាំភ្លើង​ត្បាល់​ធុន ៨២​មីល្លីម៉ែត្រ និង​១០០​មីល្លីម៉ែត្រ និង​កាំភ្លើង​ការពារ​អាកាស ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៦​តុលា​នេះ។ អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​ លោក ខេង ទីតូ​បាន​ពន្យល់​ថា នេះ​គឺ​ជា​ការ​ហ្វឹក​ហាត់​ពង្រឹង​សមត្ថភាព​​ដែល​ជា​សកម្មភាព​ធម្មតា​របស់​កងរាជអាវុធហត្ថ។

កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​​ហ្វឹក​ហាត់នៅ​ថ្ងៃទី ១៦តុលា២០១៣​នេះ។
កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​​ហ្វឹក​ហាត់នៅ​ថ្ងៃទី ១៦តុលា២០១៣​នេះ។ RFI
ផ្សាយពាណិជ្ជកម្ម

មន្ត្រី​កងរាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេសចំនួន​២០០​នាក់​ ប្រដាប់​ដោយ​កាំភ្លើងយន្ត​ប្រភេទ DK ៧៥ម.ម ​កាំភ្លើង​ត្បាល់​ធុន៨២ម.ម ១០០ម.ម និង​កាំភ្លើង​ការពារ​អាកាស​១២,៧ម.ម បានចូលរួម​ក្នុង​ការ​ហ្វឹកហាត់​​ប្រើប្រាស់​អាវុធ​ទាំងនេះ នៅព្រឹ​ក​ថ្ងៃ​ពុធ​នេះ។ ការ​ហ្វឹក​ហាត់​ដែល​ដឹកនាំ​​ដោយ​នាយ​ឧត្តម​សេនីយ​ សៅ សុខា​ មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះ ត្រូវបាន​រៀបចំ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នាយ​ទាហាន​រង​ កងរាជអាវុធ​ហត្ថ​ភ្នំជម្រាល​ខេត្ត​កំពង់ឆ្នាំង។

អ្នកនាំពាក្យ​កងរាជអាវុធ​ហត្ថ លោកឧត្តមសេនីយ​ត្រី ខេង ទីតូ​​ បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​​ថា នេះ​គឺជា​ការ​ហ្វឹកហាត់​ធម្មតា​ប៉ុណ្ណោះ​ របស់​កំលាំង​រាជអាវុធ​ហត្ថ។ លោកឧត្តមសេនីយ​ត្រី ​ខេង ទីតូ​ បាន​ពន្យល់​ថា កងទ័ព​ត្រូវ​ឆ្លងកាត់​ការ​ហ្វឹកហ្វឺន​ទើប​អាច​ប្រើប្រាស់​បាន។ ប្រសិន​បើ​គ្មាន​ការ​ហ្វឹកហាត់​កងទ័ព​អោយ​បាន​ល្អ ក្នុង​ពេល​ប្រទេស​​មាន​សន្តិភាព​នោះទេ គេ​​ក៏​មិន​អាច​ប្រើប្រាស់​កងទ័ព​បាន​ល្អ​ក្នុង​ពេល​មាន​សង្គ្រាម​នោះដែរ។

ថ្លែង​នៅ​ចំពោះ​មុខ​សិក្ខាកាម​កងរាជអាវុធហត្ថ នាយ​ឧត្តម​សេនីយ សៅ សុខា មេបញ្ជាការ​កងរាជអាវុធ​ហត្ថ បាន​បញ្ជាក់ថា ការងារ​ហ្វឹកហ្វឺន គឺជា​របៀប​វារៈ​ចម្បង​ក្នុង​ការ​ងារ​កសាង និង​ពង្រឹង​កម្លាំង​ប្រដាប់​អាវុ​ធជាតិ។ សម្រាប់​លោកសៅ សុខា លំហាត់​ហ្វឹកហ្វឺន​បែបនេះ ត្រូវបាន​ចាត់ទុកថា​ ជាសកម្មភាព​ស្នេហាជាតិ ក្នុង​ការងារ​ត្រៀម​ខ្លួន​ទប់ទល់ និង​កំទេច​រាល់អំពើ​រំលោភ​ឈ្លាន​ពាន បើ​ទោះ​បី​ជា កម្លាំង​នោះ​មក​ពី​ទីណា ពេល​ណា​ក៏ដោយ។

ក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ ពិសេស​ក្នុង​ពេល​ដែល​កម្ពុជា​បាន​ស្ថិត​នៅ​ក្នុង​ភាព​តាន​តឹង​ផ្នែក​នយោបាយ​​ខ្លាំង​ក្រោយពេល​បោះឆ្នោត​​នោះ​ គេ​សង្កេត​ឃើញ​កងរាជ​អាវុធហត្ថ​បាន​ចេញ​មុខគួរ​អោយ​កត់សម្គាល់​ក្នុង​សកម្ម​ភាព​ដែល​រដ្ឋាភិបាល​ហៅថា ការ​ពង្រឹង​សន្តិសុខជាតិ។ កងរាជអាវុធហត្ថ​ក៏​បាន​បង្ហាញ​ការ​ហ្វឹកហាត់ ជា​បន្ត​បន្ទាប់​ទាំង​នៅ​ក្នុង​ និង​ក្រៅ​រាជធានី​ភ្នំពេញ។

កាល​ពី​ថ្ងៃទី​៥​កញ្ញា កងរាជអាវុធ​ហត្ថ​ក៏​បាន​​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​នៅ​ទីតាំង​​ភ្នំជម្រាល ​ខេត្ត​កំពង់ឆ្នាំង​ ម្តង​រួចហើយ​ដែរ។

ការ​ហ្វឹក​ហាត់​កន្លងមក​ ហាក់​បាន​កើត​ឡើង ​ចំ​ពេល​ដែល​គណបក្ស​ប្រឆាំង​​​មិន​ព្រម​ទទួល​ស្គាល់​​លទ្ធផល​បោះឆ្នោត ហើយ​បាន​ប្រកាស​ធ្វើ​មហាបាតុកម្ម​រហូត​ដល់ពេលនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ