អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បញ្ហា​ប្រាក់​ខែ​ជា​រឿង​ស្លាប់​រស់​សម្រាប់​រដ្ឋាភិបាល​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បច្ចុប្បន្ន ក្នុង​ចំណោម​បញ្ហា​ចម្រូងចម្រាស់​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​ផ្ទុះ​ការ​តវ៉ា បញ្ហា​ប្រាក់​ខែ​គឺ​ជា​រឿង​សំខាន់​ជាង​គេ​មួយ។ ការ​តវ៉ា​បញ្ហា​ប្រាក់ខែ​ដែល​ផុលផុស​ជាង​គេ​កំពុង​កើត​មាន​នៅ​ក្នុង​ចំណោម​កម្មករ​កាត់ដេរ និង​ក្នុង​ចំណោម​គ្រូ​បង្រៀន​ខ្លះ ប៉ុន្តែ តាម​ពិត​ទៅ មន្ត្រី​រាជការ​ទូទៅ​ក៏​ត្រូវ​ការ​ប្រាក់​ខែ​ដូច​គ្នា​ដែរ​គ្រាន់​តែ​ពួកគេ​មិន​ទាន់​ហ៊ាន​ចេញ​មុខ​តវ៉ា​តែ​ប៉ុណ្ណោះ។ ដោយ​យោង​លើ​សេចក្តី​ត្រូវ​ការ​ចាំបាច់​ខាង​ជីវភាព​ក្នុង​សម័យកាល​សេដ្ឋកិច្ច​ទី​ផ្សារ​សេរី បញ្ហា​ប្រាក់ខែ​នឹង​ក្លាយ​ជា​ចំណុច​ក្តៅ​បំផុត​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​ពុះពារ​ដោះស្រាយ​ព្រោះ​វា​នឹង​ក្លាយ​ជា​ចំណុច​ស្លាប់​រស់​សម្រាប់​ប្រជាប្រិយភាព​នយោបាយ។

ការប៉ះទង្គិចរវាងកម្មករនិងកងកម្លាំង កាលពីដើមខែមករា
ការប៉ះទង្គិចរវាងកម្មករនិងកងកម្លាំង កាលពីដើមខែមករា RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

បើទោះបីជា​ការតវ៉ា​រឿង​ប្រាក់ខែ​មិនសូវមាន​សកម្មភាព​ផុលផុស​នៅក្នុង​ចំណោម​មន្ត្រីរាជការ​និង​គ្រូបង្រៀន​ក្តី ប៉ុន្តែ ពួកគេ​ពិតជា​ត្រូវ​ប្រាក់ខែ​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ជា​ចាំបាច់។ ចាំបាច់​ពីព្រោះ​បច្ចុប្បន្ននេះ គ្រួសារនីមួយៗត្រូវការ​ចំណាយ​ច្រើន​ទៅលើ​ជីវភាព​ប្រចាំថ្ងៃ ទៅលើ​ការសិក្សា​របស់​កូន ទៅលើ​សេវា​សុខាភិបាល និង​ការចំណាយ​សម្រាប់​ទំនាក់​ទំនង​សង្គម​ដូចជា​ពិធីបុណ្យ​និង​ចងដៃ​អាពាហ៍ពិពាហ៍​ជាដើម។ អ្នក​ដែលមាន​ប្រាក់ខែ​តិចតួច​ប្រាកដជា​មិនអាច​ទប់ទល់​បានឡើយ។

 
ជាការ​ពិត បើ​និយាយ​ពី​ស្ថានភាព​សេដ្ឋកិច្ចជាតិ គេ​ពិតជា​ពិបាក​នឹង​បន្ទោស​រដ្ឋាភិបាល​ណាស់​អំពី​បញ្ហា​ប្រាក់ខែ​ពីព្រោះ​ប្រទេស​ក្រីក្រ​ដូច​កម្ពុជា​គ្មាន​លទ្ធភាព​ផ្តល់​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ឲ្យ​បាន​សម​តាម​សេចក្តីត្រូវកា​រាំ​ជាក់ស្តែង​ឡើយ។ ប៉ុន្តែ បញ្ហា​ដោយឡែក​របស់​កម្ពុជា​គឺ​នៅត្រង់ថា មន្ត្រីរាជការ​មាន​ប្រាក់ខែ​តិចតួច​ពេក ខណៈដែល​ជីវភាព​របស់​មន្ត្រី​រដ្ឋា​ភិ​បាល និង​មន្ត្រី​អាជ្ញាធរ មាន​ភាព​ស្តុក​ស្ត​ម​យ៉ាងខ្លាំង ដែល​មិន​ឆ្លុះបញ្ចាំង​ពី​សេដ្ឋកិច្ចជាតិ​ទាល់តែសោះ។

នៅ​កម្ពុជា មានតែ​មន្ត្រីរាជការ​តូចតាច​ប៉ុណ្ណោះ​ដែល​និយាយ​អំពី​ប្រាក់ខែ។ ដោយឡែក​មន្ត្រី​មានបុណ្យ​ស័ក្តិ​និង​មុខតំណែងសំខាន់ៗមិនដែល​គិតគូរ​ពី​បញ្ហា​ប្រាក់ខែ​ទេ​ពោលគឺ​ពួកគេ​និយាយ​តែ​អំពី​ប្រាក់​ដែល​រកបាន​ពី​ការងារ​និង​ពី​តួនាទី​របស់ខ្លួន​តែប៉ុណ្ណោះ។ ជាក់ស្តែង​នៅពេល​ជួប​មុខ​គ្នា ពួកគេ​មិនដែល​សួរ​ទៅកាន់​មិត្ត​ភ័ក្តិ​ឬ​បងប្អូន​អំពី​ប្រាក់ខែ​ទេ ប៉ុន្តែ គេ​ច្រើនតែ​សួរថា តើ​ការងារ​នោះ​រកបាន​ដែរឬទេ?

ហេតុដូច្នេះ​ហើយ​បានជា​មន្ត្រី​អ្នកមាន​បុណ្យស័ក្តិ តួនាទី គ្រប់លំដាប់​ថ្នាក់​មិនដែល​នាំគ្នា​លើកយក​បញ្ហា​ប្រាក់ខែ​មក​និយាយ​ឡើយ។ នេះ​ក៏​ជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​មន្ត្រីរាជការ​តូចតាច​មិនសូវ​ហ៊ាន​តវ៉ា​រឿង​ប្រាក់ខែ​បើទោះបីជា​ពួកគេ​ខ្វះខាត​ជីវភាព​យ៉ាងខ្លាំង​ក៏ដោយ។ អវត្តមាន​សហជីព​ក្នុងចំណោម​មន្ត្រីរាជការ​ក៏​ជា​មូលហេតុ​មួយទៀត​ដែល​ធ្វើ​ឲ្យ​បញ្ហា​ប្រាក់ខែ​ក្លាយជា​ប្រធានបទ​ដែល​មិនសូវ​គេ​លើក​មក​ជជែក​តវ៉ា​ជា​សាធារណៈ។ ប៉ុន្តែ ការ​រអ៊ូរទាំ​និង​ការតវ៉ា​ក្នុង​ចិត្ត​ច្បាស់​ជា​កើតមាន​ដោយ​ចៀស​មិន​ផុត។ រហូតមកដល់​ពេលនេះ សកម្មភាព​តវ៉ា​រឿង​ប្រាក់ខែ​កើតមាន​ខ្លាំង​តែ​ក្នុង​វិស័យ​កាត់ដេរ​តែប៉ុណ្ណោះ។

ប៉ុន្តែ អំណឹះតទៅ បញ្ហា​ប្រាក់ខែ​នឹង​ឡើងក​ម្តៅ​ក្នុង​គ្រប់​វិស័យ​ពីព្រោះថា ទី១ វា​ជា​ចំណុច​យុទ្ធសាស្ត្រ​ដែល​បក្សប្រឆាំង​វាយលុក​ដើម្បី​ដណ្តើម​ប្រជាប្រិយភាព។ ទី២ សេចក្តីត្រូវការ​ខាង​ជីវភាព​កាន់តែ​កើនឡើង​ខ្លាំង​ជាង​មុន​ដោយសារ​ទំនិញ​សព្វសារពើ​បន្ត​ឡើងថ្លៃ​ឥតឈប់ឈរ និង​ទី៣ ក្រៅពី​ដោះស្រាយ​ជីវភាព មនុស្ស​សម័យនេះ​ត្រូវការ​ចំណាយ​ទៅលើ​សម្ភារៈប្រើប្រាស់​និង​ការកម្សាន្ត​សប្បាយ​ច្រើនជាង​មុន​ស្របតាម​ដំណាក់កាល​អភិវឌ្ឍន៍រ​បស់​ប្រទេស។ ការ​លើកយក​ហេតុផល​សេដ្ឋកិច្ចជាតិ​ទន់ខ្សោយ​មក​ពន្យល់​អំពី​បញ្ហា​ប្រាក់ខែ​ទំនងជា​ពិបាក​នឹង​បញ្ចុះបញ្ចូល​ឲ្យ​គេ​ទទួលយកបាន​ណាស់​ក្នុង​បរិបទ​ដែល​មន្ត្រី​រដ្ឋាភិបាល​រស់​ក្នុង​ជីវភាព​ស្តុកស្តម្ភ​បែបនេះ។

ដូច្នេះ ការ​រិះរក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​មន្ត្រីរាជការ​គ្រូបង្រៀន​និង​កម្មករ​ឲ្យ​បាន សមស្រប​ទៅនឹង​ជីវភាព​របស់​ពួកគេ​គឺជា​បញ្ហា​ដែល​រដ្ឋាភិបាល​ត្រូវ​ប្រឈមមុខ​ដោះស្រាយ។ សូម​កុំភ្លេចថា បើទោះបីជា​មន្ត្រីរាជការ​មិន​ចេញ​តវ៉ា​ជា​ចំហ ប៉ុន្តែ ពួកគេ​អាច​តវ៉ា​ដោយ​ស្ងៀមស្ងាត់​តាមរយៈ​សន្លឹកឆ្នោត។ ការធ្លាក់ចុះ​ប្រជាប្រិយភាព​យ៉ាងគំហុក​របស់​បក្ស​កាន់អំណាច​ក្នុងការ​បោះឆ្នោត​ចុងក្រោយ​នេះ ក៏​ពិត​ជាមាន​ចំណែក​ពី​មន្ត្រីរាជការ​មួយចំនួន​ដែរ។

ពិត​ហើយ រដ្ឋាភិបាល​តែង​បង្ហាញ​មោទនភាព​ចំពោះ​ការរីកចម្រើន​របស់​ប្រទេស៖ រថយន្ត ម៉ូតូ ផ្ទះថ្ម​សសរ​ឥដ្ឋ ភោជនីយដ្ឋាន និង​ផ្សារទំនើបៗក្នុង​ទីក្រុង​ជាដើម ប៉ុន្តែ គេ​មិនត្រូវ​ភ្លេច​ទេ​ថា ការរីកចម្រើន​ទាំងនោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​តម្រូវ​ការចំណាយ​កាន់តែ​ច្រើនជាង​មុន។ ក្នុង​បរិបទ​នេះ អ្នកមាន​ជីវភាព​ខ្សត់ខ្សោយ​ត្រូវ​ទទួលរង​សម្ពាធ​សេដ្ឋកិច្ច​ផង និង​សម្ពាធ​ផ្លូវចិត្ត​ផង​ដែល​ពិបាក​នឹង​ទ្រាំទ្រ ជាពិសេស​មន្ត្រីរាជការ និង​គ្រូបង្រៀន​តែម្តង​ដោយសារតែ​ពួកគេ​រស់នៅ​ដោយផ្ទាល់​ក្នុង​បរិស្ថាន​អ្នកទីក្រុង។ ហេតុផល​នេះ​គ្រប់គ្រាន់​ដែល​អាច​បញ្ជាក់ថា បញ្ហា​ប្រាក់ខែ​គឺជា​ចំណុច​ស្លាប់​រស់​ដែល​រដ្ឋាភិបាល​ត្រូវ​គិតគូរ​ដោះស្រាយ​ជា​ចាំបាច់​ទោះជា​ក្នុងតម្លៃ​ណាក៏ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ