អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ម៉ូស្គូ​ ប្រឈម​នឹងបញ្ហា​នយោបាយ​ ក្រោយ​ពីបាន​ជោគ​ជ័យ​យោធា​ នៅស៊ីរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្នាំ​២០១៧ ជាឆ្នាំជ័យជម្នះ ​លោក ពូទីន នៅស៊ីរី។ ជម្លោះនៅស៊ីរី រុស្ស៊ី​បាន​​គិត​គូរ​អំពី​ការ​បត់​ទិស​ជោគ​ជ័យ​យោធា ដែល​ដណ្តើម​​បាន​​ដំណោះ​ស្រាយ​​តាម​​ផ្លូវ​នយោបាយ ​ហើយ​ដើម្បី​ធានា​ដល់​ផល​ប្រយោជន៍របស់​ខ្លួន​នៅ​ក្នុង​តំបន់​។ កិច្ចចរចា​រក​​សន្តិភាព​​​នៅ​​ស៊ីរី នឹង​ប្រព្រឹត្តទៅ ​គឺនៅ​ក្រុងរុស្ស៊ី សូឈី ​មិនមែន​នៅ​ក្រុង​ហ្ស៊ឺណែវ​ ទេ​។ គម្រោង​​រុស្ស៊ី ហើយ​គ្មាន​ប្រទេស​ណា​ជំទាស់ឡើយ​ ពីព្រោះពិភព​លោក​ទាំង​មូល​នឿយ​ណាយ​​ទៅ​ហើយ​នឹង​វិបត្តិនេះ​។

លោក ពូទីន ជល់កែវ ជាមួយ​នាយករដ្ឋមន្ត្រី​របស់​ខ្លួន នៅថ្ងៃព្រហស្បតិ័ ២៨ធ្នូ។
លោក ពូទីន ជល់កែវ ជាមួយ​នាយករដ្ឋមន្ត្រី​របស់​ខ្លួន នៅថ្ងៃព្រហស្បតិ័ ២៨ធ្នូ។ AFP/Kirill KUDRYAVTSEV
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ី បានលេចចេញយ៉ាងសង្ហាដោយកម្លាំងទ័ពខ្លួន ក្នុងស្ថានការណ៍នៅស៊ីរី។ លើសមរភូមិមួយឆ្នាំក្រោយពីបរាជ័យ ពួកឧទ្ទាមនៅក្រុង អាឡិប ជាក្រុង​ដ៏ធំនៅប៉ែកខាងជើងស៊ីរី កងកម្លាំងរដ្ឋាភិបាល គាំទ្រដោយរុស្ស៊ី និង អ៊ីរ៉ង់ ចេះ​ដណ្តើមយកបានដែនដីដ៏ទូលំទូលាយ ខណៈដែល អាណាចក្រ Califat ប្រកាសដោយអង្គការ”រដ្ឋអ៊ីស្លាម” ដាំដូងក្នុងបរាជ័យទៅ។

លើផ្ទៃការទូត កិច្ចចរចានៅក្រុងហ្ស៊ឺណែវ ចាត់ចែងឡើងដោយអ.ស.ប. នៅជាប់គាំង ហើយរុស្ស៊ី ត្រៀមដាក់ចេញគម្រោងរបស់ខ្លួនផ្ទាល់ខាងអភិក្រមនយោបាយនេះ ក្នុងឆ្នាំ ២០១៨។

កន្លះខែមុន ពេលវត្តមាននៅមូលដ្ឋានទ័ពអាកាសរុស្ស៊ីលើដែនដីស៊ីរី លោក វ៉្លាឌីមៀរ ពូទីន បានអះអាងថា កងទ័ពរុស្ស៊ី បានបំពេញបេសកកម្មខ្លួនចប់ជាស្រេចបាច់ ហើយ​ចាប់ពីអំណឹះ​តទៅ មានបង្កើតបានគ្រប់លក្ខណៈ សម្រាប់ធ្វើ ដំណោះ​ស្រាយ​នយោបាយ ឲ្យវិបត្តិស៊ីរី។

ទោះបី វ៉ាស៊ីនតោន តែងថ្លែងជានិច្ចថា លោក បាស្ហា អាល់-អាសាដ មិន​ត្រូវ​នៅ​កាន់អំណាចតទៅទៀតក្តី ក៏តំណាងជាន់ខ្ពស់ម្នាក់ខាងភាគីប្រឆាំងស៊ីរី បានថ្លែងទៅ Reuters ថា ស.រ.អា.និងប្រទេសឯទៀត ដែលខំ គាំទ្រពួកឧទ្ទាម នៅទីបំផុត “បានចុះញ៉មតាមការយល់​ឃើញរបស់រុស្ស៊ី” ដើម្បីខ័ណ្ឌបញ្ចប់ជម្លោះ។

ក្នុងរដ្ឋធានីស៊ីរី គេនិយាយថា ៖ ការនេះធានាដល់អត្ថិភាពលោក បាស្ហា អាល់-អាសាដ។ ច្បាស់ណាស់ ដែលរុស្ស៊ី ក្តាប់ក្នុងដៃខ្លួន ផ្លូវដែលមានត្រាយទុក។ នេះជារបត់ ក្នុង​វិបត្តិ​ស៊ីរី​របត់​ដើម្បីឲ្យស្ថានការណ៍បានប្រសើរឡើង។

អ៊ីរ៉ង់វាតឥទ្ធិពលខ្លួន

ចំណែកពួកអ្នកជំនាញ អន្ទះសាចង់ឃើញ តើដោយរបៀបណាដែលការទូតរុស្ស៊ី អាច​កសាង​សន្តិភាព ស្ថិតស្ថេរ​នៅស៊ីរី អាចលើកទឹកចិត្តជនភៀស​ខ្លួនស៊ីរីទាំង​ពាន់​ៗ​នាក់ ឲ្យវិល​​ត្រឡប់វិញ ឬឲ្យទទួលជំនួយ បស្ចិមលោក សម្រាប់ការ​ស្តារប្រទេស​នោះ​ឡើង​វិញ។ គ្មាន​សោះឡើយ សញ្ញាដែលថា លោក អាសាដ ត្រៀមធ្វើសម្បទានអ្វីណា​ទៅពួកប្រឆាំង​។

ចំណែក អ៊ីរ៉ង់ ដោយផ្តល់ការគាំទ្រយោធាដ៏ធំធេងដែរ ដល់ប្រធានាធិបតីស៊ីរី បានវាតទៅហើយ ឥទ្ធិពលខ្លួននៅតំបន់។ ម៉្លោះហើយ មុខជា​មិនយល់​ព្រម​ឃើញ​តួនាទីខ្លួន រលាយសាបសូន្យទៅ ក្នុងដំណើរប្រព្រឹត្តទៅនៃដំណោះស្រាយនយោបាយ ជាមួយភាគីប្រឆាំងស៊ីរី។ លោក អាសាដ និងបណ្តាសម្ព័នមិត្តគាត់ឥឡូវ ជា​ម្ចាស់​លើដែនដីភាគច្រើននៃប្រទេសស៊ីរី​ ។ រីឯពួកគួដ ដែលគាំទ្រដោយ ស.រ.អា. និង​ដែល​ជាទូទៅ តាំងការត្រួតត្រាលើបែកខាងជើងនិងខាងកើត ប្រទេស កំពុងខ្វល់នឹង​ការ​ពង្រឹង​ស្វ័យភាពខ្លួនជាងខ្វល់នឹងការប្រយុទ្ធទល់នឹងរបបក្រុងដាម៉ាស។

ពួកឧទ្ទាមប្រឆាំងលោកអាសាដ ពីចំណែកខ្លួន នៅតោងជាប់តែចុងដែនដីខ្លះ គឺ៖ មួយនៅប៉ែកពាយ័ព្យប្រទេស ជិតព្រំប្រទល់តួកគី។ មួយទៀត នៅប៉ែកនិរតី ជិត​ព្រំប្រទល់​អ៊ីស្រាអែល និងនៅតំបន់ Ghouta ខាងកើត ក្បែរក្រុង ដាម៉ាស។ តំបន់នេះ និង ប៉ែកពាយ័ព្យ បន្តរងការវាយប្រហារពីខាង កងទ័ពស៊ីរី។

តាមយោបល់ អតីតឯកអគ្គរាជទូត ដាណឺម៉ក នៅស៊ីរី លោក Rolf Holmboe ៖ ពួក​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ យល់ដឹងក្នុងចិត្តថា គេឈ្នះក្នុងសង្គ្រាមនេះ ហើយក្តីប្រាថ្នាតែ​មួយ​គត់របស់គេ គឺត្រូវរ៉ូវជាមួយលោក អាសាដ ដើម្បីមាន​មូលដ្ឋានខ្លួនក្នុងប្រទេសស៊ីរី។ ប៉ុន្តែនៅលើផ្លូវនេះ មិនទាន់មានការចម្រើននៅមុខជាក់លាក់ឡើយ។

លោកអាសាដ មិនចង់ទទួលយកឡើយ ដំណោះស្រាយនយោបាយ ដែលនាំទៅកាន់ ការចែកអំណាចជាមួយពួកប្រឆាំង។ ច្រកចេញ ដែលគាត់អាចទទួលយកបាន គឺបង្កក​ស្ថានការណ៍សព្វថ្ងៃឲ្យនៅដដែល។

ជាផ្លូវការ រុស្ស៊ីគាំទ្រគោលការណ៍ដែលថា កិច្ចព្រមព្រៀងសន្តិភាព ត្រូវ​តែ​ចុះ​នៅ​ក្រោមការឧបត្ថម្ភ របស់ អ.ស.ប.។ ប៉ុន្តែ រុស្ស៊ី គ្រោងចាត់ចែងឡើង ជាសន្និសីទសន្តិភាព​របស់ខ្លួនផ្ទាល់នៅក្រុង សូឈី​ មាត់សមុទ្រខ្មៅ ក្នុងគោលដៅ តាក់តែងឡើង​ជា​រដ្ឋធម្មនុញ្ញថ្មីសម្រាប់ស៊ីរី ដែលបន្ទាប់មក ត្រូវប្រព្រឹត្តទៅការបោះឆ្នោត ក្នុង​ប្រទេស​នោះ។

បញ្ហាគួដ ៖

តាមសម្តី​តំណាងជាន់ខ្ពស់នៃភាគីប្រឆាំងស៊ីរី ៖ ស.រ.អា. និង ប្រទេសឯទៀត ដែលបានគាំទ្រពួកឧទ្ទាម បែបយ៉ាង បារាំង អារ៉ាប៊ី-សាអ៊ូឌីត កាតា ហ្ស័រដានី តួកគី ​ឥឡូវដកខ្លួនចញ ទុកឲ្យរុស្ស៊ីដើរតួ។ កិច្ចចរចា មែនពិត នឹងប្រព្រឹត្តទៅ គឺនៅក្រុងរុស្ស៊ី សូឈី មិនមែននៅក្រុង​ហ្ស៊ឺណែវ ទេ។ គឺយ៉ាងនេះ ដែលយើងយល់ ឃើញ កាលណាយើងនិយាយទៅ តំណាងអាមេរិកាំង តំណាងបារាំង តំណាង​​អារ៉ាប៊ី-សាអ៊ូឌីត។ ច្បាស់ណាស់ ដែលគេយកជាការណ៍ គឺ គម្រោង​រុស្ស៊ី ហើយ​គ្មានប្រទេសណាជំទាស់ឡើយ ពីព្រោះ ពិភពលោកទាំងមូល នឿយ​ណាយ​ទៅហើយនឹងវិបត្តិនេះ។

លុះណាតែមានការខ្វែងគំនិតគ្នាខ្លាំង រវាង ស.រ.អា. និង រុស្ស៊ី ទើបអាចមាន​ការ​ប្រែក្រឡះ ក្នុងរឿងនេះ។ តាមព្យាករណ៍អ្នកវិភាគនៃអង្គការ Internatonal Crisis Group លោក Noah Bonsey ៖ «រុស្ស៊ី ប្តេជ្ញាសម្រេចឲ្យទាល់តែបាន អភិក្រមនយោបាយ ប៉ុន្តែតាមល័ក្ខខ័ណ្ឌរបស់ខ្លួន។ ខ្ញុំមិនប្រាកដឡើយថា តើតាមវិធីណា ដែលរុស្ស៊ី អាចទៅដល់ទីដៅរបស់ខ្លួន ហើយនៅលើផ្លូវរកដំណោះស្រាយនយោបាយនេះ រុស្ស៊ី អាចប៉ះទង្គិចនឹង ការខ្វែងផលប្រយោជន៍ ជាមួយសម្ព័ន្ធមិត្តខ្លួនដែរ»។

បញ្ហាគួដ ក៏អាចជាចំណុចរកាំរកូស រវាងរុស្ស៊ីនិងអ៊ីរ៉ង់។ យ៉ាងណាមិញ មន្ត្រីអ៊ីរ៉ង់ម្នាក់ បានថ្លែងពេលថ្មីៗថា រដ្ឋអំណាចស៊ីរី នឹងដណ្តើមយកវិញ តំបន់ណា​កាន់កាប់​ដោយ​កង​កម្លាំង​ពួកគួដ ដែលមានសរអាជាអ្នក គាំទ្រ ចំណែករុស្ស៊ី បានចុះ​ទៅ​ហើយកិច្ចព្រម​ព្រៀងជាមួយ ពួកគួដ និងឪពុកធម៌អាមេរិកាំងនៃពួកនោះ ។

តាមការឲ្យដឹងនៃអ្នកនយោបាយគួដ លោក Faouza Youssef ៖ តាំងពីដើមទីវិបត្តិមក មានការខ្វែង គំនិតគ្នា រវាងរុស្ស៊ី អ៊ីរ៉ង់ និង របបក្រុងដាម៉ាស។ រុស្ស៊ីយល់ថា ពួកគួដ “ មានបុព្វហេតុរបស់ខ្លួន ដែលត្រូវតែ ស្ថិតនៅក្នុងការគន់គិតខានមិនបាន” ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ